លោក ស៊ី ជីនពីង អាចធ្វើឱ្យបក្សកុម្មុយនីស្តចិនគង់វង្សទេ ក្រោយពីខួប ១០០ ឆ្នាំ?

0
46

បក្សកុម្មុយនីស្តចិនមានអាយុ១០០ឆ្នាំហើយនៅក្នុងឆ្នាំ២០២១នេះក្រោយពីរបបរាជានិយមនៅប្រទេសចិនត្រូវបានរំលាយសង្គ្រាមស៊ីវិលចិនអូសបន្លាយរាប់ទសវត្សរ៍រហូតមកដល់ឆ្នាំ១៩៤៩កងទ័ពក្រហមរបស់បក្សកុម្មុយនីស្តចិនបានកាន់កាប់ចិនដីគោកស្ទើរតែទាំងស្រុងគឺមេដឹកនាំកុម្មុយនីស្តដ៏ល្បីឈ្មោះលោកម៉ៅសេទុងបានប្រកាសបង្កើតសាធារណរដ្ឋប្រជាមានិតចិន ដែលមានវត្តមានរហូតមកដល់សព្វថ្ងៃនេះ។ ចិនប្រជាមានិតបានឆ្លងកាត់កំណែទម្រង់នានារាប់ភ្លេច ប៉ុន្តែកំណែទម្រង់ដែលត្រូវបានគេចងចាំជាងគេ គឺការបើកចំហប្រទេសចិន ដោយស្វាគមន៍រាល់ការវិនិយោគ និងទំនាក់ទំនងសេដ្ឋកិច្ច ជាមួយពិភពលោក ដោយមិនប្រកាន់របបនយោបាយអ្វីនោះទេ នៅអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ ដោយមេដឹកនាំចិនលោក តេង ស៊ាវភីង។ «ឆ្មាស ឬ ឆ្មាខ្មៅ មិនសំខាន់នោះទេ ដរាបណាឆ្មាអាចចាប់កណ្ដុរបាន» នេះជាសម្ដីរបស់អគ្គមគ្គុទ្ទេសក៍ចិនលោក តេង ស៊ាវភីង នៅអំឡុងទសវត្សរ៍១៩៦០ ដែលជាមេរៀនសម្រាប់អ្នកនយោបាយ និងអ្នកសេដ្ឋកិច្ច រហូតដល់សព្វថ្ងៃនេះ។ បច្ចុប្បន្ននេះ បក្សកុម្មុយនីស្តចិនកំពុងស្ថិតក្នុងយុគសម័យថ្មី ដែលដឹកនាំដោយលោក ស៊ី ជីនពីង។ លោក ស៊ី បានថ្លែងពេលពិធីគម្រប់ខួប១០០ឆ្នាំនៃបក្សកុម្មុយនីស្តចិនថា៖«យើងដាច់ខាតនឹងមិនអនុញ្ញាតឱ្យកម្លាំងបរទេសមកជិះជាន់ មើលងាយយើងទៀតឡើយ។ នរណាក៏ដោយ ដែលព្យាយាមធ្វើបែបនេះ នឹងត្រូវបំបែកក្បាលចេញឈាមនឹងមហាកំពែងដែកថែប ដែលកសាងឡើងដោយប្រជាជនចិន ១,៤ ពាន់លាននាក់»។ ប៉ុន្តែតាមការយល់ឃើញរបស់អ្នកវិភាគមួយចំនួនថា នៅផ្ទៃក្នុងរបស់បក្សកុម្មុយនីស្តចិនក្នុងយុគសម័យថ្មីរបស់លោក ស៊ី ជីនពីង នេះ កំពុងតែប្រាសចាកឆ្ងាយពីគន្លងរបស់ផ្នត់គំនិតកំណែទម្រង់របស់លោក តេង ស៊ាវភីង ហើយងាកទៅរកលទ្ធិបុគ្គលនិយមរបស់លោកប្រធាន ម៉ៅ សេទុង ទៅវិញ។ លោក ស៊ី ឡើងកាន់តំណែងកាលពីឆ្នាំ២០១២ នៅពេលលោក ស៊ី ក្លាយជាមេដឹកនាំកំពូលចិន នៅអាណត្តិទី១ លោកបានចាប់អនុវត្តនូវយុទ្ធនាការប្រឆាំងអំពើពុករលួយ ដែលជាសកម្មភាពមួយ ដើម្បីតភ្ជាប់រដ្ឋាភិបាលកណ្ដាល និងប្រជាជនតាមមូលដ្ឋានឡើងវិញ។ គិតមកទល់ពេលនេះ មន្ត្រីជាន់ខ្ពស់ចំនួន ៣៩២ រូប និងសមាជិកបក្សកុម្មុយនីស្តរាប់លាននាក់ ជាប់ក្រោមការស៊ើបអង្កេតករណីអំពើពុករលួយ។ នេះបើតាមការចុះផ្សាយរបស់ CNN ។ ប៉ុន្តែមន្ត្រីដែលជាប់ក្រោមការចោទប្រកាន់បទល្មើសអំពើពុករលួយ ក៏ជាសត្រូវនយោបាយរបស់លោកផងដែរ។ ជំហាននយោបាយដ៏ធំមួយរបស់លោក ស៊ី ជីនពីង គឺលោកបានលុបការកំណត់អាណត្តិដឹកនាំរបស់ប្រធានាធិបតី អគ្គលេខាធិការបក្ស និងគណៈកម្មការយោធាមជ្ឈិមនៅក្នុងរដ្ឋធម្មនុញ្ញចិន កាលពីឆ្នាំ២០១៨។ តំណែងទាំង៣ នេះ ជាប្រពៃណីស្ថិតក្រោមមនុស្សតែម្នាក់ តែចាប់ពីជំនាន់លោក តេង ស៊ាវភីង មក ត្រូវបានកំណត់ឱ្យកាន់ដោយបុគ្គលផ្សេងគ្នា ត្រឹម ២ អាណត្តិ ដើម្បីទប់ស្កាត់ការរំលោភអំណាចណាមួយរបស់មេដឹកនាំ។ ជាប្រពៃណីតែមិនចារក្នុងច្បាប់ មេដឹកនាំចិននីមួយៗតែងតែប្រសិទ្ធនាមអ្នកបន្តវេន បន្ទាប់ពីបញ្ចប់អាណត្តិទី១ ហើយលាលែងពីតំណែងនៅអាយុ ៦៨ ឆ្នាំ ឬ ក្នុងវ័យចំណាស់ជាងនេះបន្តិច នៅពេលមហាសន្និបាតបក្ស ដែលធ្វើឡើងក្នុង ៥ ឆ្នាំម្ដង ប៉ុន្តែលោក ស៊ី ជីនពីង មិនទាន់ធ្វើទាំងអស់គិតមកទល់ពេលនេះ។ អ្នកវិភាគជាច្រើន យល់ថា ការប្រាសចាកពីទម្លាប់ផ្ទេរតំណែងដោយសន្តិវិធីបែបនេះ អាចធ្វើឱ្យមាន «បញ្ហាអ្នកស្នងតំណែង» ដែលបណ្ដាលឱ្យមានភាពមិនប្រាកដប្រជានាពេលអនាគត។ ប៉ុន្តែបក្សកុម្មុយនីស្តចិនទំនងជាមិនទាន់មានបញ្ហាភ្លាមៗទេ អំឡុងពេលលោក ស៊ី នៅកាន់តំណែង ខណៈសមត្ថភាពដឹកនាំរបស់លោកបានធ្វើឱ្យចិនរីកចម្រើន ជាងពេលណាៗទាំងអស់ ចាប់តាំងពីការកកើតនៃរបបចិនប្រជាមានិតនៅឆ្នាំ១៩៤៩ មក។ នៅឆ្នាំ២០២២ ខាងមុខនេះ បក្សកុម្មុយនីស្តចិននឹងរៀបចំមហាសន្និបាតបក្សលើកទី២០ ដែលក្នុងមហាសន្និបាតនេះ គេនឹងសង្កេតឃើញពីការផ្លាស់ប្ដូរតំណែងធំៗមួយចំនួន នៅក្នុងបក្ស ក៏ដូចជា រដ្ឋាភិបាលចិន៕ AFP

LEAVE A REPLY

Please enter your comment!
Please enter your name here