អនុរដ្ឋលេខាធិការអាមេរិកប្តេជ្ញាដាក់កម្រិតលើការពង្រីកនុយក្លេអ៊ែររុស្ស៊ី និងចិន

0
145

យោងតាមសេចក្តីប្រកាសមួយនៅលើ Twitter បានឱ្យដឹងថា អនុរដ្ឋលេខាធិការអាមេរិក សម្រាប់ការគ្រប់គ្រងអាវុធ និងសន្តិសុខអន្តរជាតិ ដែលត្រូវបានតែងតាំងថ្មីលោកស្រី B onnie Jenkins ប្តេជ្ញាចិត្តក្នុងការកំណត់ការពង្រីកនុយក្លេអ៊ែររបស់រុស្ស៊ី និងចិន។ ក្នុងសេចក្តីថ្លែងការណ៍នោះ លោកស្រីបានសរសេរថា៖ «ខ្ញុំពិតជាចង់ធ្វើវាឱ្យលឿនណាស់។ អ្នកទាំងអស់គ្នានឹងឮព័ត៌មានពីខ្ញុំបន្ថែមទៀតក្នុងពេលឆាប់ៗ។ ខ្ញុំប្តេជ្ញាកាត់បន្ថយហានិភ័យនៃសង្គ្រាមនុយក្លេអ៊ែរ ដោយការគ្រប់គ្រងអាវុធ ប្រកបដោយប្រសិទ្ធភាព កំណត់ការពង្រីកអាវុធនុយក្លេអ៊ែររបស់រុស្ស៊ី និងពង្រឹងដល់ជីវភាព និងការទទួលខុសត្រូវចំពោះការប្រើប្រាស់អាវុធគីមី»។ ប្រភពដដែល បានឱ្យដឹងថា សហរដ្ឋអាមេរិកត្រូវតែពង្រឹងសម្ព័ន្ធភាពអឺរ៉ុប-អាត្លង់ទិក និងឥណ្ឌូ-ប៉ាស៊ីហ្វិក ដើម្បីការពារ និងប្រឆាំងនឹងការគំរាមកំហែងកាន់តែខ្លាំងឡើង។ ហើយអាមេរិកក៏ត្រូវអភិវឌ្ឍ និងពង្រឹងបទដ្ឋាននៃឥរិយាបថ ប្រកបដោយការទទួលខុសត្រូវក្នុងលំហ និងការផ្សារភ្ជាប់ជាមួយបច្ចេកវិទ្យា ដែលកំពុងលេចចេញ និងគំរាមកំហែងដល់យុទ្ធសាស្ត្រស្ថិរភាព។ នៅថ្ងៃទី២៨ ខែកក្កដានេះ ទីក្រុងហ្សឺណែវនឹងធ្វើជាម្ចាស់ផ្ទះនៃការពិគ្រោះយោបល់ថ្មី រវាងរុស្ស៊ី និងអាមេរិក ស្តីពីយុទ្ធសាស្ត្រស្ថិរភាព។ គណៈប្រតិភូរុស្ស៊ីនឹងដឹកនាំដោយអនុរដ្ឋមន្រ្តីក្រសួងការបរទេសលោក Sergei Ryabkov និងសហរដ្ឋអាមេរិក ដោយអនុរដ្ឋលេខាធិការ Wendy Sherman។ ប្រតិភូអាមេរិកក៏នឹងចូលរួមផងដែរ រួមមានទាំងលោកស្រី Jenkins­។ លោក Ryabkov បានប្រាប់សារព័ត៌មាន TASS ថា ប្រទេសរុស្ស៊ីគ្រោងនឹងពិភាក្សាយ៉ាងហ្មត់ចត់ លើគ្រប់ទិដ្ឋភាពទាំងអស់នៃបញ្ហាស្ថិរភាពយុទ្ធសាស្ត្រ វាយតម្លៃហានិភ័យ និងបញ្ហាប្រឈមដែលអាចកើតមាន ក៏ដូចជាការបង្កើតក្របខ័ណ្ឌសម្រាប់សកម្មភាពរួមគ្នានាពេលអនាគតនៅក្នុងវិស័យនេះ។ គួរបញ្ជាក់ផងដែរថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងលោកប្រធានាធិបតីអាមេរិកលោក Joe Biden ធ្លាប់បានជួបពិភាក្សាគ្នានៅទីក្រុងហ្សឺណែវ កាលពីថ្ងៃទី១៦ ខែមិថុនា។ សេចក្តីថ្លែងការណ៍រួម ដែលភាគីទាំង២ បានឱ្យដឹងថា ខ្លួន គ្រោងនឹងចាប់ផ្តើមការសន្ទនាគ្នាដ៏ទូលំទូលាយ ស្តីពីស្ថិរភាពយុទ្ធសាស្ត្រនាពេលខាងមុខ។ ក្រៅពីនេះ រុស្ស៊ី និងអាមេរិកក៏មានបំណងចាប់ផ្តើមពិគ្រោះយោបល់លើបញ្ហាសន្តិសុខ តាមប្រព័ន្ធអ៊ីនធឺណិត ការផ្លាស់ប្តូរអ្នកទោស និងការគ្រប់គ្រងអាវុធ ជាដើម៕ AFP

LEAVE A REPLY

Please enter your comment!
Please enter your name here