រដ្ឋមន្ត្រីការពារជាតិអាមេរិក ចាត់ទុកការទាមទាររបស់ចិនថា គ្មានមូលដ្ឋានច្បាប់អន្តរជាតិ

0
44

រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin បានទៅទស្សនកិច្ចនៅប្រទេសសិង្ហបុរី កាលពីថ្ងៃអង្គារ ទី២៧ ខែកក្កដា ជាលើកទីមួយ នៅតំបន់អាស៊ីអាគ្នេយ៍ ដើម្បីកៀរគររកការសហការគ្នា ទប់ទល់ជាមួយនឹងសកម្មភាពវាទទីរបស់ចិន ដោយបានថ្លែងសន្ទរកថានៅឯវិទ្យាស្ថានអន្តរជាតិសិក្សាយុទ្ធសាស្ត្រ(IISS)ថា ការទាមទារច្បាមយកតំបន់ដែនសមុទ្រចិនខាងត្បូងពីសំណាក់ចិន គឺធ្វើឡើងដោយគ្មានផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិទេ។ លោកបន្តថា ការទាមទាររបស់ចិន គឺបានរំលោភបំពាន ប៉ះពាល់ដល់អធិបតេយ្យភាព បូរណភាព ដែនដីរបស់ប្រទេសផ្សេងទៀតនៅក្នុងតំបន់នេះ។ ចិនបានទាមទារកាន់កាប់សឹងតែទាំងស្រុងនូវដែនទឹក និង ដែនកោះក្នុងតំបន់សមុទ្រចិនខាងត្បូង។ បញ្ហានេះបានបង្កើតជាវិវាទផ្នែកច្បាប់ និងផ្នែកការទូត ជាមួយ ប្រទេសវៀតណាម ហ្វីលីពីន ម៉ាឡេស៊ី និងប្រ៊ុយណេ។ ជាងនេះទៀត តំបន់សមុទ្រចិនខាងត្បូង គឺជាច្រក ចរាចរណ៍នាវាដឹកទំនិញអន្តរជាតិដ៏សំខាន់បំផុត សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិកទាំងមូលតែម្តង។ នៅក្នុងសន្ទរកថាលោករដ្ឋមន្ត្រីការពារជាតិអាមេរិក បានបន្ថែមថា សហរដ្ឋអាមេរិកនឹងមិនរាថយជាដាច់ខាត នៅពេលណាដែលផលប្រយោជន៍របស់អាមេរិក ក៏ដូចជារបស់សម្ព័ន្ធមិត្តអាមេរិក ត្រូវបានចិនគម្រាមកំហែង។ ប៉ុន្តែទន្នឹមនឹងនេះ សហរដ្ឋអាមេរិកគ្មានចេតនាណាមួយ ទៅរករឿងបង្កជំលោះប្រឈមមុខដាក់គ្នា ជាមួយ ចិននោះទេ។ លោកបានអះអាងទៀតថា លោកចង់កសាងទំនាក់ទំនងមួយ ជាមួយចិន ប្រកបដោយការស្ថាបនា មានស្ថិរភាពរឹងមាំ ដោយរាប់ទាំងការឆ្លើយឆ្លងទាក់ទងគ្នា ស្តីពីវិបត្តិជាមួយនឹងកងទ័ពរំដោះប្រជាមានិតចិនផងដែរ។ គួរបញ្ជាក់ថា រដ្ឋាភិបាលថ្មីរបស់អាមេរិកដឹកនាំដោយលោក ចូ បៃដិន កំពុងតែផ្តល់សន្ទុះថ្មី ជាមួយនឹងប្រទេសអាស៊ីអាគ្នេហ៍ ដោយរួមគ្នាកសាងកម្លាំង ដើម្បីត្រៀមទប់ជាមួយចិន។ កម្លាំងសហការ ដែលបានចុះខ្សោយខ្លាំង កាលពីក្នុងអាណត្តិលោក ដូណាល់ ត្រាំ។ ចេញពីសិង្ហបុរីលោក Lloyd Austin នឹងបន្តដំណើរទៅវៀតណាម និងហ្វីលីពីន។ មន្ត្រីជាន់ខ្ពស់ម្នាក់នៃក្រសួងការពារជាតិអាមេរិក បានអះអាងថា អាមេរិក គឺជាកម្លាំងរក្សាស្ថិរភាពដ៏សំខាន់ មិនអាចខ្វះបាន នៅក្នុងតំបន់អាស៊ីអាគ្នេយ៍៕ Reuters

LEAVE A REPLY

Please enter your comment!
Please enter your name here