ប្តីប្រពន្ធមួយគូបានដឹកឪពុកចំណាស់៨០ឆ្នាំដែលពួកគេហៅ”ពុកៗ” ទៅទម្លាក់ចោលនៅវត្តមួយក្នុងខេត្តនគរ រ៉ាជសីម៉ា និងបានបើករថយន្តចេញទៅបាត់។លោកតាកំសត់នេះ ក្រោយមកត្រូវបានបញ្ជាក់ថា កើតកូវីដ១៩។
អ្នកលេងហ្វេសប៊ុកម្នាក់បាននិយាយថា បុគ្គលិកពេទ្យម្នាក់បានបង្ហោះរូបភាពបុរសចំណាស់ម្នាក់ដេកលើផ្លូវដីជិតវត្ត ផាធម្មា សាវ៉ាតឌី នៅក្នុងភូមិមួយ។រូបភាពនេះអមដោយសារថ្កោលទោសចំពោះការប្រព្រឹត្តមិនគប្បីរបស់កូនស្រីម្នាក់លើឪពុកចំណាស់របស់នាង។
ចៅអធិការវត្តខាងលើបាននិយាយថា ស្ត្រីម្នាក់និងប្តីរបស់នាងបាននាំបុរសចំណាស់នេះមកវត្តកាលពីថ្ងៃអាទិត្យ។ពួកគេថាបុរសនេះធ្លាប់ស្គាល់ចៅអធិការវត្តនេះកាលពីរស់នៅក្នុងខេត្តខុនឃែននិងចង់ស្នាក់នៅក្នុងវត្តជាមួយព្រះអង្គ។ពួកគេបានបើករថយន្តចាកចេញទៅទាំងប្រញាប់ប្រញាល់ដោយទុកតាចាស់នេះនិងខោអាវមួយបង្វេចនៅវត្ត។
បុរសចំណាស់នេះបានប្រាប់ប្រធានភូមិថា រូបគាត់ត្រូវកូននាំមកពីខេត្តឡុប បូរី និងទុកគាត់ចោលនៅវត្តនេះ។
នៅព្រឹកថ្ងៃអង្គារនេះបុរសចំណាស់បានដើរចេញពីវត្តនិងក្រោយមកត្រូវបានគេប្រទះឃើញដេកដួលលើផ្លូវដីមួយទាំងមេឃកំពុងភ្លៀង។បុគ្គលិកសុខាភិបាលមូលដ្ឋានបាននាំគាត់ទៅពិនិត្យនិងឃើញវិជ្ជមានកូវីដ១៩ហើយត្រូវបានបញ្ជូនទៅពេទ្យនៅឯខេត្តខុនឃែន ដោយសារគាត់មានស្រុកកំណើតនៅទីនោះ។
ឥឡូវ លោកសង្ឃនៅក្នុងវត្តខាងលើ បុគ្គលិកពេទ្យ និងអ្នកជួយសង្គ្រោះដែលប៉ះពាល់បុរសនេះត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ។
នៅខេត្ត សាមុត ប្រាកាន ជិតក្រុងបាងកក ក្មេងស្រី២នាក់បានភ្ញាក់ពីដេកកាលពីព្រឹកថ្ងៃចន្ទ និងបានឃើញម្តាយស្លាប់នៅលើកម្រាលឥដ្ឋជិតពួកគេ។សាកសពម្តាយនិងកូនស្រីទាំងពីរក្រោយមកត្រូវបានពិត្យឃើញមានផ្ទុកកូវីដ១៩។
យោងតាមសារព័ត៌មានថៃ ម្តាយនេះបានឈឺជាច្រើនថ្ងៃមកហើយ ហើយប៉ូលិសជឿថា គាត់ស្លាប់ដោយជំងឺកូវីដ១៩។
កូនស្រីអាយុ៧និង៩ឆ្នាំបាននិយាយថា ម្តាយនាងដែលជាស្ត្រីម៉ាស្សាបានចាប់ផ្តើមក្អកចេញឈាម ឈឺទ្រូងនិងខ្នង ក្អួតនិងមានបញ្ហាដកដង្ហើម។អ្នកជិតខាងបាននាំទៅរកគ្រូពេទ្យនិងបានថ្នាំខ្លះ តែកាលពីព្រឹកថ្ងៃចន្ទ ពួកនាងបានភ្ញាក់ពីដេកនិងឃើញម្តាយដេកផ្កាប់មុខទៅនឹងឥដ្ឋមិនកំរើកសោះ។
ជុំវិញកូវីដ១៩នៅថៃដែរ សាកសពជនអនាថាស្លាប់ដោយកូវីដ១៩នៅតែត្រូវបានប្រទះឃើញតាមដងវិថីនៃក្រុងបាងកក។សារព័ត៌មានថៃបាននិយាយថាសាកសពបែបនេះយ៉ាងតិច៤ត្រូវបានប្រទះឃើញតាំងពីមុនមក ដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់បានស្លាប់នៅតាមដងផ្លូវនៃក្រុងបាងកកកាលពីថ្ងៃអង្គារទី២៧កក្កដា។
សាកសពបុរសនេះត្រូវបានទុកចោលលើផ្លូវរាប់ម៉ោងដោយមិនមានពេទ្យឬសមត្ថកិច្ចមកទទួលយកទេ។
ប្រជាជនបង្ហាញការភ័យខ្លាចនិងថប់អារម្មណ៍ដោយឃើញរូបភាពបែបនេះកាន់តែញឹកញាប់ទៅ។បុគ្គលិកជួយសង្គ្រោះដែលបានមកដល់កន្លែងកើតហេតុបាននិយាយថា ទាំងបុគ្គលិកនិងសម្ភាររួមមានអាវការពារកូវីដឥឡូវមានកំរិត ហើយបុគ្គលិកធ្វើការទាំងហត់ហេវអស់កម្លាំងខ្លាំងគ្មានពេលឈប់សម្រាកទេ៕
ប្រភព : រស្មីកម្ពុជា