សហរដ្ឋអាមេរិកកំពុងពិចារណាធ្វើការបង្ក្រាបលើការនាំចេញប្រេងរបស់អ៊ីរ៉ង់ទៅចិន

0
37

សហរដ្ឋអាមេរិកកំពុងពិចារណា អំពីការបង្ក្រាបទៅលើការលក់ប្រេងរបស់អ៊ីរ៉ង់ទៅឱ្យប្រទេសចិន ខណៈពួកគេត្រៀមសម្រាប់ករណីដែលក្រុងតេអេរ៉ង់អាចមិនវិលត្រឡប់ទៅរកការចរចាកិច្ចព្រមព្រៀងនុយក្លេអ៊ែរវិញ បន្ទាប់ពីប្រធានាធិបតីអភិរក្សនិយមចូលកាន់តំណែង។ នេះបើយោងតាមមន្ត្រីសហរដ្ឋអាមេរិកម្នាក់។ មន្ត្រីរូបនេះ បាននិយាយថា ក្រុងវ៉ាស៊ីនតោនបានប្រាប់ទីក្រុងប៉េកាំង កាលពីដើមឆ្នាំនេះថា គោលបំណងសំខាន់របស់ខ្លួន គឺដើម្បីស្ដារការអនុលោមតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ឆ្នាំ២០១៥ ហើយបើធ្វើទាន់ពេលវេលាពួកគេមិនចាំបាច់ដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិន ជុំវិញការរំលោភការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើប្រេងអ៊ីរ៉ង់ទេ។ ជំហររបស់ក្រុងតេអេរ៉ង់កំពុងប្រែប្រួល ដោយសារភាពមិនប្រាកដប្រជាអំពីពេលណា ដែលអ៊ីរ៉ង់អាចនឹងបន្តកិច្ចពិភាក្សានៅទីក្រុងវីយែន និងថា តើប្រធានាធិបតីជាប់ឆ្នោតថ្មីលោក Ebrahim Raisi មានឆន្ទៈដោះស្រាយបញ្ហាបែបណា? មន្ត្រីសហរដ្ឋអាមេរិកដែលបាននិយាយក្នុងលក្ខខណ្ឌអនាមិក បានថ្លែងថា អ៊ីរ៉ង់និយាយថា ខ្លួននឹងបន្តការចរចាតទៅទៀត ដរាបណា លោក Raisi ចូលកាន់តំណែងបានពេញលេញ។ មន្ត្រីរូបនេះ បានប្រាប់សារព័ត៌មាន Reuters នៅសប្ដាហ៍នេះថា៖«ប្រសិនបើយើងត្រឡប់ទៅកិច្ចព្រមព្រៀងJCPOA (Joint Comprehensive Plan of Action ) វិញនោះ គឺគ្មានហេតុផលណា ដែលយើងនឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើក្រុមហ៊ុនណា ដែលនាំចូលប្រេងពីអ៊ីរ៉ង់នោះទេ»។ ក្រុមហ៊ុនចម្រាញ់ប្រេងចិន គឺជាអ្នកនាំចូលប្រេងពីអ៊ីរ៉ង់ធំជាងគេ។ យោងតាមក្រុមហ៊ុនស៊ើបការណ៍ទិន្នន័យ Kpler បានឱ្យដឹងថា ប្រទេសចិនបាននាំចូលប្រេងឆៅពីអ៊ីរ៉ង់ ជាមធ្យមចន្លោះពី ៤០០ ០០០ ទៅ ៦៥០ ០០០ បារ៉ែល ក្នុង១ថ្ងៃ សម្រាប់ឆ្នាំនេះ៕ Reuters

LEAVE A REPLY

Please enter your comment!
Please enter your name here