អាមេរិកមិនទាន់អាចលើកបម្រាម ទាក់ទងនឹងអ្នកដំណើរបរទេសបានភ្លាមទេ

0
115

លោកប្រធានាធិបតី ចូ បៃដិន កាលពីថ្ងៃទី១៥ ខែកក្កដា បានសន្យានៅចំពោះមុខលោកស្រីប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់ថា អាមេរិកនឹងផ្តល់ពេលវេលាច្បាស់លាស់នៃការលើកបម្រាមទាំងឡាយ ទាក់ទងនឹងការធ្វើដំណើរចូលអាមេរិក។ ចម្លើយនៅថ្ងៃនេះ គឺ “គ្មានបម្រាមទាក់ទងនឹងអ្នកដំណើរបរទេសចំណុចណាមួយ ត្រូវលុបចោល ឬ លើកចេញទេ” នេះជាសេចក្តីសម្រេចរបស់អ្នកទទួលខុសត្រូវអាមេរិក ក្រោយជំនួបប្រជុំពិសេសនៅសេតវិមានរួច។ មូលហេតុមកពីពេលនេះ សហរដ្ឋអាមេរិកកំពុងរងការគំរាមកំហែងពីមេរោគកូវីដ១៩ បំប្លែងខ្លួន “ដែលតា”។ ករណីអ្នកវិជ្ជមានកូវីដ១៩ ចាប់កើនឡើងវិញទៀត ជាពិសេស ក្នុងចំណោមអ្នកមិនទាន់ ឬ មិនបានចាក់វ៉ាក់សាំង។ នៅសប្តាហ៍ខាងមុខ ចំនួនអ្នកឆ្លងថ្មីនឹងមានសន្ទុះខ្លាំង។ នេះបើតាមការគូសបញ្ជាក់របស់អ្នកទទួលខុសត្រូវសេតវិមានដដែល។ បើតាមនាយិកាមជ្ឈមណ្ឌលការពារ និងត្រួតពិនិត្យសុខភាពអាមេរិក ចំនួនអ្នកឆ្លងថ្មីបានកើនឡើង ៥៨% បើប្រៀបទៅនឹងសប្តាហ៍មុន ក្នុងនោះ ៨០% ជាអ្នកឆ្លងមេរោគកូវីដ១៩ បំប្លែង “ដែលតា”។ ប្រឈមនឹងស្ថានភាពបែបនេះ រាល់បម្រាមដែលរារាំងអ្នកដំណើរបរទេសមិនឱ្យចូលមកសហរដ្ឋអាមេរិក តាំងពីផ្ទុះកូវីដ១៩ ដំបូងមក នឹងត្រូវបន្តអនុវត្តមួយរយៈខ្លីទៀតសិន ដោយមិនទាន់អាចលើកបានភ្លាមៗនេះទេ។ តាំងពីឆ្នាំ២០២០ សហរដ្ឋអាមេរិកមិនទទួលឱ្យអ្នកដំណើរបរទេសណា ដែលបានឆ្លងកាត់ ឬ ស្នាក់នៅចំនួន ១៤ ថ្ងៃ ក្នុងប្រទេសអង់គ្លេស សហភាពអឺរ៉ុប(ទាំង ២៦ប្រទេស) ចិន ឥណ្ឌា អាហ្វ្រិកខាងត្បូង អ៊ីរ៉ង់ និងប្រេស៊ីល ចូលទឹកដីសហរដ្ឋអាមេរិកទេ។ សូម្បីតែព្រំដែន គោកជាមួយកាណាដា និងម៉ិចស៊ិក ក៏ត្រូវបន្តបិទទៀត មិនអនុញ្ញាតឱ្យអ្នកដំណើរមិនបាច់ធ្វើចរាចរណ៍ឆ្លងកាត់ចេញចូលទេ រហូតទល់ថ្ងៃទី២១ ខែសីហា យ៉ាងឆាប់ បើទោះបីជាកាណាដា ព្រមបើកឱ្យពលរដ្ឋអាមេរិកចាក់ថ្នាំបង្ការពេញលេញចូលចាប់ពីថ្ងៃទី៩ ខែសីហា ទៅក៏ដោយ។ សេចក្តីសម្រេចចិត្តនេះ មិនមែនជាដំណឹងល្អទេ សម្រាប់វិស័យទេសចរណ៍អាមេរិក។ ជាច្រើនខែមកហើយ ដែលវិស័យអាកាសចរណ៍បានដាក់សម្ពាធលើរដ្ឋាភិបាលសហព័ន្ធឱ្យលើកបម្រាម ដែលដាក់លើអ្នកដំណើរបរទេស។ ក្រុមហ៊ុនអាកាសចរណ៍ និងឧស្សាហកម្មទេសចរណ៍ រំពឹងលើការវិលត្រលប់របស់ភ្ញៀវបរទេស ជាពិសេស ភ្ញៀវអឺរ៉ុប ដើម្បីស្រោចស្រង់រដូវកាលទេសចរណ៍ឆ្នាំ២០២១៕ AFP

LEAVE A REPLY

Please enter your comment!
Please enter your name here