រដ្ឋាភិបាលអង់គ្លេសព្យាយាមរារាំងក្រុមហ៊ុនចិន មិនឲ្យចូលរួមក្នុងគម្រោងនុយក្លេអ៊ែរ

0
50

មន្ត្រីរដ្ឋាភិបាលអង់គ្លេសថា រដ្ឋាភិបាលអង់គ្លេសកំពុងតែរៀបចំវិធានាការ ដើម្បីរារាំងមិនឲ្យក្រុមហ៊ុនចិន ឈ្មោះ CGN ចូលរួមវិនិយោគក្នុងគម្រោងសាងសង់ស្ថានីយ៍នុយក្លេអ៊ែរ នៅអង់គ្លេស។ ដំណឹងនេះ ក៏ត្រូវបានកាសែត The Financial Times ចុះផ្សាយផងដែរ។ ប្រភពដដែលអះអាងថា ក្រុមហ៊ុនចិន CGN អាចនឹងត្រូវគេហាមឃាត់មិនឲ្យចូលរួមក្នុងគម្រោងស្ថានីយ៍នុយក្លេអ៊ែរ ចំនួនយ៉ាងហោច ២ គម្រោង។ ទីមួយ គឺគម្រោង Sizewell ស្ថិតនៅភាគខាងកើត ដែលក្រុមហ៊ុន CGN ចង់ចូលរួមភាគហ៊ុនមួយផ្នែកតូច ជាមួយក្រុមហ៊ុនបារាំង EDF។ ចំណែកគម្រោងមួយទៀត ឈ្មោះ Bradwell នៅភាគខាងត្បូងអង់គ្លេស គឺក្រុមហ៊ុនចិន CGN ចេញមុខវិនិយោគតែម្នាក់ឯងទេ ហើយដោយចង់យកបច្ចេកវិទ្យានុយក្លេអ៊ែររបស់ចិន មកប្រើថែមទៀតផង។ ដោយឡែកគម្រោងមួយទៀត ឈ្មោះ Hinkley Point ដែល CGN សហការជាមួយ EDF គឺមិនពាក់ព័ន្ធទេ ព្រោះគម្រោងនេះបានចាប់ផ្តើមដំណើរការទៅហើយ។ ក្រោយការចុះផ្សាយនេះ លោករដ្ឋមន្ត្រីក្រសួងថាមពល និងយុទ្ធសាស្ត្រឧស្សាហកម្មអង់គ្លេស មិនបានបដិសេធ ឬ ក៏ទទួលស្គាល់ការពិតទេ។ អ្នកនាំពាក្យម្នាក់ បានបញ្ជាក់ថា រាល់គម្រោងនុយក្លេអ៊ែរនៅអង់គ្លេស គឺត្រូវតែឆ្លងកាត់ការសិក្សា វិភាគយ៉ាងល្អិតល្អន់ និងដោយផ្អែកលើវិធានច្បាប់រឹងមាំ ដើម្បីគោរពការពារសន្តិសុខជាតិ និងផលប្រយោជន៍ជាតិ ជាអាទិភាព។ គួរបញ្ជាក់ថា អង់គ្លេសមានស្ថានីយ៍នុយក្លេអ៊ែរ ចំនួន ៨ទីតាំង សរុបរ៉េអាក់ទឺរ ចំនួន ១៥។ ២០%នៃថាមពលអគ្គិសនីនៅអង់គ្លេស គឺបានមកពីថាមពលនុយក្លេអ៊ែរ។ ដើម្បីឈានទៅសម្រេចកម្មវត្ថុអព្យាក្រិត្យកាបូន នៅឆ្នាំ២០៥០ អង់គ្លេសមានគម្រោងរក្សាភាគរយនៃថាមពលនុយក្លេអ៊ែរនេះឲ្យនៅដដែល។ នៅចំពោះមុខអ្នកកាសែត កាលពីថ្ងៃចន្ទ ទី២៦ ខែកក្កដា លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន បានលើកឡើងថា អង់គ្លេសត្រូវតែបង្កើតបរិយាកាសពាណិជ្ជកម្ម-វិនិយោគ ដោយសមភាព ប្រកបដោយតម្លាភាព និងដោយគ្មានការរើសអើងមកលើក្រុមហ៊ុនរបស់ចិន។ ប្រសិនបើដំណឹងនេះជាការពិត គឺវានឹងមកបន្ថែមបញ្ហាវិបត្តិការទូតមួយទៀត រវាងអង់គ្លេស និងចិន។ ក្រៅពីបញ្ហាហាមឃាត់ក្រុមហ៊ុន Huawei អង់គ្លេសបានចេញមុខរិះគន់ចិនខ្លាំង ទាក់ទិននឹងបញ្ហាហុងកុង ព្រមទាំងសំណុំរឿងរំលោភសិទ្ធិមនុស្សនៅខេត្តស៊ីនជាំង។ ឥទ្ធិពលវាទទីរបស់ចិនមកលើសេដ្ឋកិច្ចអង់គ្លេស ត្រូវបានក្រុមអ្នកនយោបាយអភិរក្សនិយមអង់គ្លេស បរិហាជារឿយៗថា រដ្ឋាភិបាលត្រូវតែប្រុងប្រយ័ត្ន។ កាលពីដើមខែកក្កដានេះ មានការព្រួយបារម្ភមួយទៀត ត្រូវបានគេលើកឡើង ទាក់ទិនគម្រោងទិញយកក្រុមហ៊ុនអង់គ្លេសឈ្មោះ Newport Wafer Fab ដែលជាក្រុមហ៊ុនផលិតឧបករណ៍សឺមីកុងឌុចទឺរ ពីសំណាក់ក្រុមហ៊ុនចិន៕ Reuters

LEAVE A REPLY

Please enter your comment!
Please enter your name here