ចាប់បានសាច់ក្របី ៣កុងតឺន័រ នាំចូលពីប្រទេសឥណ្ឌា មានផ្ទុកវីរុសកូវីដ១៩

0
85

ខេត្តកំពង់ស្ពឺ៖ សាច់ក្របីក្លាស្សេ ចំនួន ៣កុងតឺន័រ ដែលមានផ្ទុកវីរុសកូវីដ១៩ ដែលនាំចូលពីប្រទេសឥណ្ឌា ត្រូវបានអាជ្ញាធរសមត្ថកិច្ចគយកម្ពុជា ចាប់បាន។ ហើយសាច់ក្របីទាំងនោះ នឹងត្រូវយកទៅដុតចោល នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ រយៈពេលពីរបីថ្ងៃខាងមុខនេះ។ នេះបើតាមការបញ្ជាក់ពីអភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង។
ក្នុងនោះ លោក វ៉ី សំណាង ក៏បានណែនាំដល់អភិបាលស្រុកឱរ៉ាល់ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ឱ្យត្រៀមលក្ខណៈសហការជាមួយខាងគយ ដើម្បីដុតចោលសាច់ក្របីទាំងនោះ កុំឱ្យឆ្លងរាលដាលជំងឺកូវីដ១៩ ដោយសារតែបើកប់សាច់ទាំងនោះ ក៏គ្មានសុវត្ថិភាពដែរ។

ជាមួយគ្នានេះ អភិបាលខេត្តរូបនេះ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលទិញសាច់គោ សាច់ក្របី ត្រូវប្រុងប្រយ័ត្នខ្ពស់ ដោយត្រូវសួរនាំពីប្រភពច្បាស់លាស់ ពីព្រោះអាចមានផ្ទុកវីរុសកូវីដ ដូចដែលគយកម្ពុជា ចាប់សាច់ក្របីចំនួន៣កុងតឺន័រនេះអញ្ចឹង។
​សូមរំលឹកដែរថា កាលពី​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២១ ក្រសួងសុខាភិបាល ក៏បានប្រកាស​ឲ្យ​ប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ពាក់ព័ន្ធនឹងការទិញសាច់មកបរិភោគ ដោយហេតុថា ​មេរោគ​កូ​វីដ​១៩ អាច​នៅរស់​នៅលើ​សាច់​កកៗ ដូច​ករណី​សាច់គោ សាច់​ក្របី ដែល​នាំចូល​ពី​ប្រទេស​ឥណ្ឌា ហើយ​គយ​ចាប់បាន​នាពេលនេះ។
​ក្នុងនោះ កាលពី​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០២១ រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​ផ្អាកមិន​ឲ្យ​នាំចូល​សាច់​បង្កក និង​ទំនិញ​បង្កក​ផ្សេងទៀត ដែលមាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ ១៩ ព្រោះតែ​ឥណ្ឌា រងគ្រោះ​ធ្ងន់ធ្ងរ​ដោយសារ​ការកើនឡើងយ៉ាងគំហកនៃការឆ្លង​កូ​វីដ​១៩៕​

LEAVE A REPLY

Please enter your comment!
Please enter your name here