ភ្នំពេញ៖លោក វ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៉ីបានផ្តល់គ្រឿងឥស្សរិយយសថ្នាក់«មិត្តភាព (Order of Friendship)»ជូនសម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាចំពោះការចូលរួមចំណែកដ៏សំខាន់ក្នុងការពង្រឹងមិត្តភាពរវាងប្រជាជនរុស្ស៉ីនិងប្រជាជនកម្ពុជា។ នេះ បើយោងតាមការចេញផ្សាយលើ Facebook ស្ថានឯកអគ្គរដ្ឋទូតរុស្ស៉ីប្រចាំកម្ពុជានៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១។
ស្ថានឯកអគ្គរដ្ឋទូតរុស្ស៉ីបានបញ្ជាក់ថា៖ «នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ លោក វ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតីនៃសហព័ន្ធរុស្ស៉ីបានចុះហត្ថលេខាលើអនុក្រឹត្យ លេខ ៤៣៤ ស្តីពីការបំពាក់គ្រឿងឥស្សរិយយសថ្នាក់មិត្តភាពជូនសម្ដេចអគ្គមហាសេនាធិបតី ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាសម្រាប់ការចូល រួមចំណែកដ៏សំខាន់ក្នុងការពង្រឹងមិត្តភាពរវាងប្រជាជនរុស្ស៉ី និង ប្រជាជនកម្ពុជា»។
សូមជម្រាបថាគ្រឿងឥស្សរិយយសថ្នាក់ «មិត្តភាព (Order of Friendship)» គឺជាគ្រឿងឥស្សរិយយសរបស់រដ្ឋនៃសហព័ន្ធរុស្ស៉ីដែលត្រូវបានបង្កើតឡើងដោយ លោក Boris Yeltsin អតីតប្រធានាធិបតីរុស្ស៉ីតាមរយៈក្រឹត្យលេខ៤៤២កាលពីថ្ងៃទី ២ ខែមីនា ឆ្នាំ១៩៩៤ ដើម្បីផ្តល់ឲ្យជនជាតិរុស្ស៉ីឬជនជាតិដទៃទៀតដែលបាន ខិតខំលើកស្ទួយចំណងមិត្តភាពជាមួយប្រជាជននិងប្រទេសរុស្ស៉ី
ព្រះរាជាណាចក្រកម្ពុជានិងសហព័ន្ធរុស្ស៊ីបានបង្កើតចំណងទាក់ទងការទូតជាមួយគ្នានៅថ្ងៃទី ១៣ ខែឧសភាឆ្នាំ ១៩៥៦។ ហើយឆ្នាំនេះជាខួបលើកទី៦៥នៃទំនាក់ ទំនងការទូតរវាងប្រទេសទាំងពីរ ៕
ប្រភព : រស្មីកម្ពុជា