វៀតណាមសម្រេចបិទខ្ទប់ក្រុងហាណូយ ដោយសាររលកឆ្លងកូវីដ១៩ ស្ទុះឡើងខ្លាំង

0
104

រដ្ឋាភិបាលវៀតណាមបានសម្រេចបិទខ្ទប់ទីក្រុងធំៗ រួមមាន ក្រុងហូជីមិញ និងហាណូយ ដើម្បីទប់ស្កាត់ រលកឆ្លងជំងឺកូវីដ១៩ ដែលកំពុងផ្ទុះខ្លាំងគួរឲ្យបារម្ភ។ អាជ្ញាធរវៀតណាមបានរាយការណ៍ថា មានអ្នកឆ្លងកូវីដ១៩ថ្មី ជាង ៧ ពាន់នាក់ ត្រូវបានរកឃើញនៅទូទាំងប្រទេស កាលពីថ្ងៃសុក្រ ជាចំនួនបំបែកកំណត់ត្រាលើកទីបី នៃការឆ្លងប្រចាំថ្ងៃក្នុងមួយសប្តាហ៍។ រលកឆ្លងកូវីដ១៩ដ៏ខ្លាំងនេះ បានបង្ខំឲ្យប្រជាជនវៀតណាម មួយភាគបីនៃប្រជាជនសរុបទាំងអស់ ឬ ស្មើនឹងចំនួនប្រមាណជា ៣៣ លាននាក់ ត្រូវស្នាក់នៅតែក្នុងផ្ទះទៅតាមបទបញ្ជារបស់អាជ្ញាធរ។ នៅពេលនេះ ការឆ្លងរីករាលដាលកូវីដ១៩ បានបង្ហាញសញ្ញាថយចុះមក វិញខ្លះហើយ នៅក្នុងតំបន់មួយចំនួននៃប្រទេសវៀតណាម។ តែទោះជាបែបនេះក្តី រដ្ឋអំណាចវៀតណាម នៅមិនទាន់ហ៊ានបន្ធូរដៃនៅឡើយនោះទេ។ ជាក់ស្តែងដូចជា នៅទីក្រុងហូជីមិញ ជាដើម ដើម្បីទប់ស្កាត់ រលកឆ្លងកូវីដ១៩ ដ៏អាក្រក់ រដ្ឋាភិបាលវៀតណាមបានសម្រេចបន្តបិទខ្ទប់ នៅទីក្រុងហូជីមិញ រហូតដល់ខែសីហាខាងមុខ។ គិតមកទល់នឹងពេលនេះ អ្នកឆ្លងកូវីដ១៩ សរុបទាំងអស់ ក្នុងប្រទេសវៀតណាម មានចំនួន ៨៦ ៩៥៧ នាក់ និងមានស្លាប់យ៉ាងហោច ៣៧០ នាក់។ ក្រៅតែពីបានដាក់ចេញនូវវិធានការបិទខ្ទប់ក្រុងធំៗ រដ្ឋាភិបាលវៀតណាមក៏បានព្យាយាមបង្កើនការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ជូនប្រជាជនផងដែរ។ វៀតណាមទទួលបានវ៉ាក់សាំងចំនួនជាង ១០លាន ២ សែនដូស និងបានចាក់វ៉ាក់សាំងជូនប្រជាជនបានប្រមាណ ៤ លាន ៤ សែននាក់។ ប៉ុន្តែមានប្រជាជនវៀតណាមចំនួនតិចជាង ៣៣ ម៉ឺន ៥ពាន់នាក់ បានទទួលការចាក់ថ្នាំវ៉ាក់សាំងប្រឆាំងកូវីដ១៩ ចំនួន ពីរដូស គិតត្រឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១៕ AP

LEAVE A REPLY

Please enter your comment!
Please enter your name here