នៅសហរដ្ឋអាមេរិក ប្រធានាធិបតីលោកចូ បៃដិនបានថ្លែងសុន្ទរកថាលើកទី១ នៅក្នុងសភានាថ្ងៃពុធ ទី២៨ មេសា។ គឺជាសុន្ទរកថាស្តីពីតុល្យការនៃការកាន់អំណាចរយៈពេល ១០០ថ្ងៃរបស់លោក។ នៅក្នុងសុន្ទរកថា លោកបៃដិនបានលើកឡើងដោយមោទនភាពពីជោគជ័យដែលរដ្ឋបាលរបស់លោកសម្រេចបានក្នុងរយៈពេល ១០០ថ្ងៃ ដូចយ៉ាងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ឬមួយក៏ផែនការផ្តល់សន្ទុះសេដ្ឋកិច្ចជាដើម។ សុន្ទរកថារបស់លោកបៃដិនជាសុន្ទរកថាស្តីពីតុល្យការនៃការកាន់អំណាចប្រធានាធិបតីរយៈពេល ១០០ថ្ងៃរបស់លោក។ ដោយមិននិយាយចំឈ្មោះអតីតប្រធានាធិបតីលោកដូណាល់ ត្រាំ លោកបៃដិនបានរៀបរាប់ពីស្ថានការណ៍ប្រទេសជួបវិបត្តិធ្ងន់ធ្ងរ ពិសេសវិបត្តិសុខភាព និងវិបត្តិសេដ្ឋកិច្ចនៅពេលដែលលោកទើបចូលកាន់តំណែងប្រធានាធិបតី។
តែបន្ទាប់ពីបានកាច់ចង្កូតប្រទេសអស់រយៈពេល ១០០ថ្ងៃមក លោកបៃដិនបានថ្លែងដោយអំណួត និងមានមោទនភាពពីការដែលអាមេរិកបានរកឃើញឡើងវិញនូវកន្លែងរបស់ខ្លួន ហើយអាមេរិកនឹងបោះជំហានទៅមុខជាថ្មី។ មានសមិទ្ធិផលសំខាន់ចំនួន ២ ដែលលោកបៃដិនបានលើកឡើង គឺយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ និងផែនការផ្តល់សន្ទុះសេដ្ឋកិច្ចឡើងវិញ។ ក្នុងរយៈពេល ១០០ថ្ងៃ លោកបៃដិនបានចាយលុយចំនួន ៦ ០០០ ០០០ដុល្លារដើម្បីស្តារប្រទេសឡើងវិញ ពិសេសស្តារសេដ្ឋកិច្ចពីវិបត្តិកូវីដ១៩។ នៅក្នុងខ្ទង់ចំណាយនេះក៏មានការជួយពលរដ្ឋដែលបានបាត់បង់ការងារ និងកំពុងត្រូវការខ្លាំងដោយឲ្យម្នាក់ៗចំនួន ១ ៤០០ដុល្លារ។ លោកបៃដិនយល់មិនខុសទេថា លុយនេះនឹងអនុញ្ញាតឲ្យពលរដ្ឋធ្វើការចាយវាយប្រចាំថ្ងៃ ហើយការចាយវាយរបស់ពលរដ្ឋនឹងផ្តល់ឲ្យមានឡើងវិញនូវសង្វាក់សេដ្ឋកិច្ចជាតិ។ « ឥឡូវនេះ អាមេរិកត្រៀមខ្លួនដើម្បីហោះឡើងវិញជាមួយនឹងការព្យាករណ៍កំណើនសេដ្ឋកិច្ច ៦% » នេះជាការគូសបញ្ជាក់របស់លោកបៃដិន។ បន្ទាប់មក លោកបៃដិនបានសន្យាកាត់បន្ថយចំនួនអ្នកក្រីក្រឲ្យបានពាក់កណ្តាល និងចង់ឲ្យមានប្រព័ន្ធសុខាភិបាលប្រសើរចំពោះក្រុមមនុស្សដែលងាយរងគ្រោះខ្លាំង។ អ្វីជាការកត់សម្គាល់ លោកបៃដិនបានតាំងខ្លួនជាអ្នកគិតគូរ និងការពារពលរដ្ឋអាមេរិកថ្នាក់មធ្យម។ នៅក្នុងន័យនេះ លោកបៃដិនបានលើកឡើងពីមហាផែនការវិនិយោគក្នុងទឹកប្រាក់ ១ ០០០ ០០០លានដុល្លារ និងកាត់បន្ថយការបង់ពន្ធរបស់ពលរដ្ឋថ្នាក់មធ្យមក្នុងទឹកប្រាក់សរុប ៨០០ ០០០លានដុល្លារ។ មហាផែនការវិនិយោគ ពិសេសក្នុងវិស័យអប់រំ និងហេដ្ឋារចនាសម្ព័ន្ធនឹងបង្កើតការងាររាប់លានការងារសម្រាប់ពលរដ្ឋបានបាត់បង់ការងារ និងពលរដ្ឋដែលត្រូវបានសង្គមបំភ្លេចចោល។

ផែនការដែលលោកបៃដិនគ្រោងអនុវត្តន៍ គឺលុបចោលវិញនូវការបន្ធូរ បន្ធយពន្ធចំពោះអ្នកមានជាងគេដែលអតីតប្រធានាធិបតីលោកដូណាល់ ត្រាំបានអនុវត្ត និងដំឡើងពន្ធលើប្រាក់ចំណូលរបស់មហាសេដ្ឋីធំៗ។ តែលោកបៃដិនបានសន្យាថា គ្មានការដំឡើងពន្ធចំពោះពលរដ្ឋអាមេរិកណាដែលមានប្រាក់ចំណូលតិចជាង ៤០០ ០០០ដុល្លារក្នុងមួយឆ្នាំទេ។ ក្រៅពីនយោបាយផ្ទៃក្នុង លោកបៃដិនមិនភ្លេចនិយាយពីនយោបាយការបរទេសដោយផ្តោតសំខាន់លើទំនាក់ទំនងជាមួយចិន និងរុស្ស៊ី។ ជាមួយរុស្ស៊ីត្រូវបានលោកបៃដិនបញ្ជាក់ថា លោកបាននិយាយប្រាប់ប្រធានាធិបតីរុស្ស៊ីលោកពូទីនត្រង់ៗពីការដែលអាមេរិកមិនស្វែងរកភាពប្រទូស្រ្តាយ និងព្រមានថា ទង្វើលូកដៃរបស់រុស្ស៊ីនៅក្នុងការបោះឆ្នោត អាមេរិក និងការវាយប្រហារតាមអ៊ីធ័រនែតលើស្ថាប័ន និងក្រុមហ៊ុនអាមេ រិកនឹងទទួលផលវិបាក។ ជាមួយចិនវិញ លោកបៃដិនបាននិយាយប្រាប់ប្រធានាធិបតីចិនលោកស៊ី ជីនពីង ពីការដែលអាមេរិកមិនស្វែងរកជម្លោះ និងថា អាមេរិកការពារផលប្រយោជន៍អាមេរិកនៅលើគ្រប់វិស័យទាំង អស់។ តាមលោកបៃដិន អាមេរិកមិនជំទាស់នឹងការប្រកួតប្រជែងក្នុងផ្នែកពាណិជ្ជកម្មទេ តែប្រឆាំងដាច់ខាតនឹងការប្រកួតប្រជែងដែលមិនស្មើភាព៕ AP