ប្រជាជនហុងកុងកាន់តែច្រើនចាកចេញទៅកសាងអនាគតថ្មី នៅបរទេស

0
149

ប្រជាជនហុងកុងកាន់តែច្រើន ដោយអស់សង្ឃឹមនឹងការតស៊ូ ដើម្បីសិទ្ធិសេរីភាព និងដោយភ័យខ្លាច ពី អនាគតនៅក្រោមការត្រួតត្រារបស់ចិន បាននាំគ្នាចាកចេញ ដើម្បីកសាងជីវិតថ្មីនៅបរទេស។ ក្នុងចំណោមប្រទេសជាច្រើន អង់គ្លេសជាគោលដៅធំជាងគេមួយរបស់ប្រជាជនហុងកុង។ ជាកស្តែង បុរសហុងកុង វ័យ ៤៣ ឆ្នាំម្នាក់ ដែលមានអាជីពជាអ្នកកាសែត បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា គាត់បានចាប់ផ្តើមរៀបចំផែនការចាកចេញពីហុងកុង នៅពេលគាត់បានឃើញវីដេអូបង្ហាញពីសកម្មភាព ប៉ូលិសវាយដំក្រុមអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យ នៅក្នុងរថភ្លើងក្រោមដីមួយកន្លែង ក្នុងអំឡុងពេលនៃការតវ៉ា កាលពី ២ឆ្នាំមុន។បន្ទាប់មកទៀត ច្បាប់សន្តិសុខជាតិថ្មីមួយ ដែលតាក់តែងដោយចិន ដែលត្រូវបានយកទៅដាក់ឲ្យអនុវត្តនៅហុងកុង ដើម្បីបង្ក្រាបក្រុមអ្នកប្រឆាំង ក្រុមអ្នកតស៊ូដើម្បីសិទ្ធិសេរីភាព។ លោកបន្ថែមថា ការបោះបង់ចោលការងារនៅហុងកុង ហើយចាប់ផ្តើមជីវិតថ្មីនៅលើទឹកដីបរទេស មិនមែនជារឿងងាយស្រួលនោះទេ ប៉ុន្តែលោកត្រូវបង្ខំចិត្តធ្វើដូច្នោះ ព្រោះតែមើលឃើញថា ស្ថានការណ៍នៅហុងកុងកាន់តែយ៉ាប់យ៉ឺនទៅៗ។ រដ្ឋាភិបាល ហុងកុង គ្មានស្ថិតិអំពីចំនួនប្រជាជន ដែលចាកចេញជាអចិន្ត្រៃយ៍នោះទេ។ ប៉ុន្តែភស្តុតាងជាក់ស្តែងបង្ហាញថា ការចាកចេញកំពុងកើនឡើង។ យោងតាមតួលេខជនអន្តោប្រវេសន៍ លំហូរចេញរបស់ប្រជាជនហុងកុង បានកើនឡើងជាលំដាប់ ជាពិសេស ស្ទុះឡើងខ្លាំង ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ ជាមធ្យម មានប្រជាជនហុងកុងប្រមាណ ១ ៥០០ នាក់ បានធ្វើដំណើរតាមអាកាសយានដ្ឋាន ជារៀងរាល់ថ្ងៃ ក្នុងខែកក្កដា គឺកើនឡើងពីចំនួន ៨០០ នាក់ សម្រាប់ឆមាសទីមួយ នៃឆ្នាំ២០២១នេះ។ ប្រជាជនហុងកុងជាច្រើន បានកំណត់គោលដៅទៅកសាងអនាគតថ្មីនៅអង់គ្លេស ដែលជាប្រទេសអតីតអាណានិគមរបស់ហុងកុង ព្រោះថារដ្ឋាភិបាលអង់គ្លេសបានអនុញ្ញាតឲ្យប្រជាជនហុងកុង ដែលកាន់លិខិតឆ្លងដែនអង់គ្លេស និងសាច់ញាតិរបស់ពួកគេទៅតាំងទីលំនៅទីនោះបាន។ អង់គ្លេសរំពឹងថា ប្រជាជនហុងកុងប្រមាណ ៣០ ម៉ឺននាក់ នឹងផ្លាស់ទៅក្នុងប្រទេសខ្លួន នារយៈពេល ៣ ឆ្នាំខាងមុខ។ ចំណែកមេដឹកនាំហុងកុងលោកស្រី ការី ឡាំ ហាក់មិនអើពើនឹងការចាកចេញរបស់ប្រជាជននេះឡើយ។ លោកស្រីបានលើកឡើងថា អ្នកដែលបានសម្រេចចិត្តចាកចេញនោះ គឺជាជម្រើសផ្ទាល់ខ្លួនរបស់ពួកគេ ហើយថា អនាគតទីក្រុងហុងកុង គឺភ្លឺស្វាងណាស់៕ AFP

LEAVE A REPLY

Please enter your comment!
Please enter your name here