កងទ័ពអាមេរិកនឹងបន្តវាយប្រហារតាមផ្លូវអាកាស បើក្រុមតាលីបង់នៅតែបន្តប្រយុទ្ធ

0
152

កងទ័ពអាកាសអាមេរិក ដែលនៅសេសសល់នៅអាហ្វហ្កានីស្ថាន បានបន្ថែមការវាយប្រហារទៅលើក្រុមតាលីបង់យ៉ាងសកម្មបំផុត នាប៉ុន្មានថ្ងៃចុងក្រោយនេះ។ លោក Kenneth McKenzie មេបញ្ជាការកងទ័ពអាមេរិកប្រចាំអាហ្វហ្កានីស្ថាន បានអះអាងថា កងទ័ពអាមេរិកបានត្រៀមរួចហើយនឹងបន្តប្រតិបត្តិការវាយ ប្រហារតាមផ្លូវអាកាស ដើម្បីជួយកងទ័ពជាតិអាហ្វហ្កានីស្ថាន បើក្រុមតាលីបង់នៅតែបន្តវាយប្រយុទ្ធ។ លោកមេបញ្ជាការ បានបន្ថែមថា លោកចង់និយាយដោយត្រង់ប្រាប់ទៅកងទ័ពរដ្ឋាភិបាលអាហ្វហ្កានីស្ថានថា ក្នុងរវាងប៉ុន្មានថ្ងៃទៅមុខ ស្ថានការណ៍អាចនឹងលំបាកខ្លាំងណាស់ ព្រោះក្រុមតាលីបង់កំពុងតែសម្រុកវាយដណ្តើមគ្រប់គ្រងដែនដីនៅអាហ្វហ្កានីស្ថាន។ ប៉ុន្តែជ័យជំនះរបស់ក្រុមតាលីបង់មិនមែនយើងចៀសមិនបាននោះទេ ប្រសិនបើយើងបន្តប្រឹងប្រែងប្រយុទ្ធ។ ក្រុមតាលីបង់បានសម្រុកវាយប្រហារចាប់តាំងពីខែឧសភា ខណៈអាមេរិកចាប់ផ្តើមដកទ័ពចេញពីអាហ្វហ្កានីស្ថាន ដែនដីជនបទដាច់ស្រយាល និងបណ្តោយព្រំដែនមួយភាគធំត្រូវបានធ្លាក់ទៅក្នុងដៃក្រុមតាលីបង់។ កងទ័ពរដ្ឋាភិបាលអាហ្វហ្កានីស្ថាននៅកាន់កាប់តែតំបន់ប្រជុំជនទីរួមខេត្តធំៗ និងបណ្តោយផ្លូវសំខាន់ៗតែប៉ុណ្ណោះ។ ការវាយប្រយុទ្ធប៉ុន្មានថ្ងៃនេះ នៅតំបន់ក្រុងកង់ដាហារ បានរុញច្រានប្រជាជនប្រមាណ ១៥ម៉ឺននាក់ ឲ្យរត់ភៀសខ្លួនចោលផ្ទះសម្បែង។ ជោគជ័យរបស់ក្រុមតាលីបង់បានធ្វើឲ្យមានការព្រួយបារម្ភថា ក្រុមនេះអាចនឹងឈានមកគ្រប់គ្រងអំណាចទាំងស្រុង នៅអាហ្វហ្កានីស្ថាន ធ្វើឲ្យលទ្ធផលនៃការធ្វើសង្គ្រាមប្រមាណ ២០ ឆ្នាំ របស់កងទ័ពអាមេរិក ត្រូវរលាយក្លាយជាផេះ។ លោក ចូ បៃដិន ធ្លាប់បានបញ្ជាក់ថា បើទោះបីកងទ័ពអាមេរិកត្រូវដកចេញ តែអាមេរិកនឹងនៅតែបន្តជួយទំនុកបម្រុងប្រជាជនអាហ្វហ្កានីស្ថាន។ ការប្រកាសរបស់មេបញ្ជាការកងទ័ពអាមេរិកថា អាចនឹងបន្តវាយប្រហារលើក្រុមតាលីបង់នេះ គេមិនបានបញ្ជាក់ថា រហូតដល់ពេលណា ហើយក្នុងក្របខណ្ឌអ្វីនោះទេ៕ Reuters

LEAVE A REPLY

Please enter your comment!
Please enter your name here