តាមការអះអាងរបស់លោកអ៊ូហ្គូ សាហ៊ីន Ugur Sahin នាយកមន្ទីរពិសោធន៍BioNTech ទៅក្នុងទស្សនាវដ្តីអាល្លឺម៉ង់ Spiegel មន្ទីរពិសោធន៍អាល្លឺម៉ង់ BioNTech កំពុងរៀបចំសំណុំបែបបទសុំការអនុញ្ញាតពីអាជ្ញាធរសុខភាពអឺរ៉ុប ចាក់ថ្នាំបង្ការប្រឆាំងកូវីដ១៩ លើក្មេងអាយុ ពី ១២ ទៅ១៥ឆ្នាំ។ សំណើនេះអាចនឹងទទួលបានការយល់ព្រមពីអឺរ៉ុបនៅខែមិថុនាខាងមុខ។ គិតមកទល់ពេលនេះវ៉ាក់សាំងរបស់ក្រុមហ៊ុនPfizer/BioNTech បានទទួលការអនុញ្ញាតឱ្យចាក់លើមនុស្សចាប់ពីអាយុ១៦ឆ្នាំឡើងទៅប៉ុណ្ណោះ។ ប៉ុន្តែបើតាមរដ្ឋមន្ត្រីក្រសួងសុខាភិបាលអាល្លឺម៉ង់ លោក Jens Spahn ក្មេងចាប់ពីអាយុ១២ឆ្នាំឡើងទៅក៏អាចនឹងទទួលថ្នាំបង្ការប្រឆាំងកូវីដដែរ នៅយ៉ាងយូរក្នុងអំឡុងពេលវិស្សមកាល រដូវក្តៅ ពោលគឺក្រោយពីអាជ្ញាធរឱសថអឺរ៉ុបផ្តល់ភ្លើងខៀវ។ ក្រុមហ៊ុនBioNTech កំពុងរៀបចំដាក់សំណុំបែបបទទៅទីភ្នាក់ងារឱសថអឺរ៉ុបហើយ។នៅក្នុងដំណើរសុំសិទ្ធិបន្ទាន់ ទីភ្នាក់ងារឱសថអឺរ៉ុប អាចត្រូវការពេលវេលាពី ៤ទៅ ៦ សប្តាហ៍ក្នុងការសិក្សាសម្រេច គិតចាប់តាំងពីថ្ងៃដែលក្រុមហ៊ុនឱសថបានដាក់សំណើ។ នៅសហរដ្ឋអាមេរិក BioNTech និងដៃគូ Pfizer បានដាក់ពាក្យសុំសិទ្ធចាក់វ៉ាក់សាំងកូវីដ១៩លើក្មេងចាប់ពីអាយុ១២ឆ្នាំនេះ តាំងពីដើមខែមេសា។ ក្រុមហ៊ុនក៏កំពុងបន្តសិក្សាសាកល្បង លើកុមារតូចៗ (ក្រោម៥ឆ្នាំ) មែនទែនទៀត តែគេត្រូវរង់ចាំដល់យ៉ាងហោចខែកញ្ញាទើបអាចមានលទ្ធផល៕ REUTERS