អង់គ្លេសប្រជុំជាមួយប្រទេស ៥១ ដើម្បីត្រៀមបើកការចរចាសន្និសីទអាកាសធាតុ COP26

0
252

គ្រោះធម្មជាតិ សីតុណ្ហភាពក្តៅខ្លាំង ភ្លើងឆេះព្រៃ ខ្យល់ព្យុះ ជំនន់ទឹកភ្លៀង បានកើតឡើងយ៉ាងញឹកញាប់ និងមានភាពកាចសាហាវបំផុត ទន្ទឹមនឹងប្រទេសទាំងអស់ហាក់ដូចជាពិបាកស្វែងរកការស្រុះស្រួលគ្នា នៅក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការកើនឡើងកំដៅផែនដី។ នៅខែវិច្ឆិកាខាងមុខ សន្និសីទពិភពលោក ស្តីពីអាកាសធាតុ COP26  នឹងត្រូវធ្វើឡើងនៅទីក្រុងហ្ក្លាស្កូវ តំបន់ស្កុតលែន។ ដើម្បីត្រួសត្រាយផ្លូវដ៏ស្មុគស្មាញនេះ អង់គ្លេសជាប្រទេសម្ចាស់ផ្ទះរៀបចំសន្និសីទ COP26  បានបើកការជជែកគ្នាជាមុនពីចំងាយ កាលពីថ្ងៃអាទិត្យ ទី២៥ ដល់ថ្ងៃចន្ទ ទី២៦ ខែកក្កដានេះ ដើម្បីនិយាយគ្នា លើសំណុំរឿងសំខាន់ៗមួយចំនួន ទាក់ទិននឹងការកាត់បន្ថយឧស្ម័នកាបូនិក និងការគ្រប់គ្រងទីផ្សារកាបូនឲ្យមានតម្លាភាព។ យោងតាមលិខិតប្រកាសរបស់គណកម្មការរៀបចំ ប្រទេសបញ្ចេញឧស្ម័នកាបូនិកធំៗទាំង៣ មាន ចិន សហរដ្ឋអាមេរិក និងឥណ្ឌា នឹងមានវត្តមានក្នុងការប្រជុំនេះដែរ។ លោក Alok Sharma រដ្ឋមន្ត្រីបរិស្ថានអង់គ្លេស បានលើកឡើងថា លោកសង្ឃឹមថា ប្រទេសធំៗទាំងអស់នឹងនិយាយគ្នាដោយត្រង់ទៅត្រង់មក ដើម្បីស្វែងរកការសហការគ្នា សាមគ្គីគ្នា ក្នុងយុទ្ធនាការកាត់បន្ថយកំដៅផែនដី។ ការនិយាយគ្នាត្រង់ៗពីចំងាយនឹងបើកផ្លូវឲ្យគ្រប់ភាគី អាចស្វែងរកដំណោះស្រាយរួមគ្នា នៅក្នុងឱកាសសន្និសីទ នៅខែវិច្ឆិកាខាងមុខ។ ដោយឡែក កិច្ចប្រជុំរដ្ឋមន្ត្រីថាមពល និងបរិស្ថាននៃប្រទេសសេដ្ឋកិច្ចនាំមុខ G20 ដែលទើបតែបិទបញ្ចប់នៅទីក្រុងណាប់ប្ល៍ កាលពីថ្ងៃសុក្រកន្លងទៅ គឺប្រទេសទាំងអស់ពុំបានស្រុះស្រួលគ្នា ចេញជាសេចក្តីថ្លែងការណ៍រួមទេ។ លោករដ្ឋមន្ត្រី ក្រសួងអន្តរកម្មថាមពល និងបរិស្ថានអ៊ីតាលី បានលើកឡើងថា ការចរចាគ្នាបាននៅជាប់គាំង គ្មានការស្រុះស្រួលគ្នា ដោយសារតែចិន រុស្ស៊ី និងឥណ្ឌា បានបដិសេធ មិនព្រមទទួលយកចំណុចមួយចំនួន ដូចជា ការ ទាមទារឲ្យបោះបង់ចោលការផលិតថាមពលដើរដោយចំហេះធ្យូងថ្ម នៅឆ្នាំ២០២៥។ ឯកិច្ចព្រមព្រៀងក្រុងប៉ារីស ស្តីពីអាកាសធាតុឆ្នាំ ២០១៥ បានកំណត់កម្មវត្ថុទប់សីតុណ្ហភាពផែនដី កុំឲ្យឡើងលើសពី ១.៥ ទៅ ២°c ពីនេះ ដល់ឆ្នាំ២០៣០។ ប៉ុន្តែយោងតាមអ្នកជំនាញអាកាសធាតុ កំដៅផែនដីបច្ចុប្បន្ន បានឡើងលើសជាង ១°c  រួចបាត់ទៅហើយ បើប្រៀបធៀបទៅនឹងសីតុណ្ហភាពផែនដី ក្នុងសម័យបុរេឧស្សាហកម្ម។ មានប្រទេសមួយចំនួន បានទាមទារថា ត្រូវតែបន្ថែមការប្រឹងប្រែងឲ្យខ្លាំងជាង អ្វីដែលមានកំណត់ក្នុងកិច្ចព្រមព្រៀងក្រុងប៉ារីស៕ AP

LEAVE A REPLY

Please enter your comment!
Please enter your name here