ក្រុមអ្នកប្រឆាំងនឹងវិធានការរឹតត្បិតចេញតវ៉ាកាន់តែច្រើន នៅតាមបណ្តាប្រទេសនានា

0
96

មនុស្សជាង ១០ម៉ឺននាក់ នៅក្នុងប្រទេសជាច្រើន រួមមាន អូស្ត្រាលី បារាំង អ៊ីតាលី និងក្រិក បាននាំគ្នាចេញធ្វើបាតុកម្មប្រឆាំងនឹងវិធានការគ្រប់គ្រងកូវីដ១៩ របស់រដ្ឋាភិបាល កាលពីថ្ងៃសៅរ៍ ទី២៤ ខែកក្កដា។ នៅបារាំង កាលពីថ្ងៃសៅរ៍ ទី២៤ ខែកក្កដា មានមនុស្សចំនួនប្រមាណ ១៦ ម៉ឺននាក់ បានចេញធ្វើបាតុកម្មនៅតាមដងផ្លូវនានា ដើម្បីប្រឆាំងចំពោះវិធានការថ្មី ដែលទើបចេញដោយរដ្ឋាភិបាលរបស់លោកប្រធានាធិបតី ម៉ាក្រុង។ វិធានការថ្មីនោះ គឺការទាមទារលិខិតបញ្ជាក់ថា បានចាក់វ៉ាក់សាំងរួចហើយ ឬ លទ្ធផលតេស្តកូវីដ ១៩ អវិជ្ជមាន ដើម្បីអាចចូលទីកន្លែងវប្បធម៌ និងទីកន្លែងកម្សាន្តមួយចំនួន ដូចជា រោងកុន រោងល្ខោន សារៈមន្ទីរ ឬ ទីកន្លែងជួបជុំណាដែលមានមនុស្សចូលរួមលើសពី៥០នាក់។ នេះគ្រាន់ជាជំហានទី១ ហើយចាប់ពីថ្ងៃទី១ ខែសីហាខាងមុខ វិធានការដូចគ្នានេះ នឹងត្រូវអនុវត្តបន្ថែមសម្រាប់ភោជនីយដ្ឋាន និងផ្សារទំនើបធំៗ។ ខណៈដែលនាំគ្នាស្រែកថា សេរីភាព! សេរីភាព! នៅក្នុងដៃរបស់ក្រុមអ្នកតវ៉ាបារាំងមានកាន់បដាបរិហារលោកប្រធានាធិបតី ម៉ាក្រុង ថា ជាមេដឹកនាំផ្តាច់ការ បិទខ្ទប់សិទ្ធិសេរីភាព ហើយថា ពួកគេមិនគាំទ្រឡើយ ចំពោះការចាត់តម្រូវឲ្យមានលិខិត ឬ ប័ណ្ណចាក់វ៉ាក់សាំងកូវីដ១៩នេះ។ ឯករណីដែលកើតឡើងនៅអ៊ីតាលីវិញ គឺគ្រោងការស្រដៀងគ្នាមួយ ហៅថា ប័ណ្ឌបៃតង “green pass” បានធ្វើឲ្យប្រជាជនអ៊ីតាលីមួយចំនួនខឹងសម្បាជាខ្លាំង។ ពីទីក្រុងរ៉ូមឆ្លងទៅដល់ក្រុង Naples និងក្រុង Turin ប្រជាជនបានស្រែកពាក្យថា សេរីភាព និងប្រឆាំងជាខ្លាំង ចំពោះការចាប់បង្ខំរបស់រដ្ឋាភិបាលឲ្យពួកគេគោរពតាមវិធានការ ដែលតម្រូវឲ្យមានប័ណ្ណបៃតងនេះ ដើម្បីអាចដើរលេង ឬ ចូលទីកន្លែងសាធារណៈផ្សេងៗបាន។ ចាប់ពីដើមខែសីហាខាងមុខ ការចូលទស្សនាកីឡដ្ឋាន សារមន្ទីរ រោងកុន មជ្ឈមណ្ឌលតាំងពិព័រណ៍ អាងហែលទឹក និងកន្លែងហាត់កីឡាជាដើម នឹងត្រូវអនុញ្ញាតឲ្យចំពោះតែប្រជាពលរដ្ឋណា ដែលមានប័ណ្ណបៃតងតែប៉ុណ្ណោះ។ ស្របពេលជាមួយគ្នានេះ បាតុកម្មក៏បានផ្ទុះឡើងយ៉ាងសកម្មដែរ នៅក្នុងប្រទេសក្រិក មានមនុស្សប្រមាណ ៥ ពាន់នាក់ បានចេញតវ៉ានៅទីក្រុងអាថែន ដោយកាន់បដាប្រឆាំងនឹងវិធានការចាក់វ៉ាក់សាំងចំពោះក្មេងៗ។ ចំណែកក្រុមបាតុករនៅក្រុងស៊ីដនី ដែលរស់នៅក្រោមវិធានការបិទខ្ទប់ក្រុង និងស្នាក់នៅក្នុងផ្ទះ រយៈពេលប្រមាណជា មួយខែមកហើយ បានផ្ទុះកំហឹងបន្ទាប់ពីអាជ្ញាធរបានលើកឡើងថា ការរឹតបន្តឹងអាចនៅមានបន្តរហូតដល់ខែតុលាខាងមុខ។ ក្នុងពេលប៉ះទង្គិចគ្នា បាតុករខ្លះបានយកថូរុក្ខជាតិ និងដបទឹក គប់ទៅលើមន្ត្រីប៉ូលិសក្រុងស៊ីដនីទៀតផង។ អភិបាលរដ្ឋ New South Wales លោកស្រី Gladys Berejiklian បានមានប្រសាសន៍ថា លោកស្រីមានការស្អប់ខ្ពើមខ្លាំងណាស់ ចំពោះក្រុមបាតុករខុសច្បាប់ ដែលបានប្រព្រឹត្តសកម្មភាពអាត្មានិយម និងធ្វើឲ្យប៉ះពាល់ដល់សុវត្ថិភាពរបស់ប្រជាពលរដ្ឋអូស្ត្រាលីគ្រប់គ្នា។ កាលពីថ្ងៃសៅរ៍ ប៉ូលិសនៅទីក្រុងម៊ែលប៊ន បានចាប់ខ្លួនមនុស្ស ៦ នាក់ ហើយនៅទីក្រុងស៊ីដនីវិញ អាជ្ញាធរបានប្រាប់ថា មានមនុស្សពី ៦ ទៅ ៧ នាក់ ត្រូវបានចាប់ដាក់ខ្នោះដៃ មនុស្សជិត ១០០ នាក់ ត្រូវបានផាកពិន័យ និងមាន ៥៧ នាក់ ផ្សេងទៀត ត្រូវបានចាប់ខ្លួន។ នៅក្នុងប្រទេសអ្នកមាន ប្រជាជនមានវ៉ាក់សាំងហើយ តែបែរជាតវ៉ាមិនចង់ចាក់ ខណៈដែលប្រទេសក្រីក្រខ្លះវិញ ប្រជាជនរកវ៉ាក់សាំងចាក់គ្មានផង៕ Reuters

LEAVE A REPLY

Please enter your comment!
Please enter your name here