
នៅថ្ងៃពុធទី ២៩មេសានេះ លោកប្រធានាធិបតីហ្វីលីពីន ឌុយទែរតេ បានប្រកាសជាថ្មីថា ហ្វីលីពីនដឹកគុណចិនដែលបានផ្តល់ជំនួយជាច្រើន ជាពិសេសថ្នាំបង្ការកូវីដ១៩ ប៉ុន្តែ អធិបតេយ្យភាពដែនសមុទ្រខាងត្បូង ជារឿងមិនអាចចរចាបានទេ។ លោកឌុយទែរតេបានអះអាងកាលពីថ្ងៃចន្ទរួចហើយថា ហ្វីលីពីន មិនបញ្ឈប់សមយុទ្ធនៅសមុទ្ទចិនខាងត្បូង ដែលស្ថិតក្រោមអធិបតេយ្យភាពរបស់ហ្វីលីពីនទេ។ សេចក្តីប្រកាសរបស់លោក ឌុយទែរតេ ធ្វើឡើងក្រោយពីរដ្ឋមន្ត្រីក្រសួងការពារជាតិហ្វីលីពីន បានឆ្លើយបកទៅចិនថា “មិនមែនចិនទេ ដែលត្រូវមកប្រាប់ហ្វីលីពីនថាអាចឬមិនអាចធ្វើអ្វីក្នុងដែនទឹករបស់ខ្លួននោះ”។ កាលពីថ្ងៃចន្ទទី ២៦ មេសា ក្រសួងការបរទេសចិន បានជំរុញឱ្យក្រុងម៉ានីលបញ្ឈប់រាល់គ្រប់សកម្មភាពដែលនាំឱ្យទំនាក់ទំនងចិន-ហ្វីលីពីនកាន់តែស្មុគស្មាញ និងដែលនាំឱ្យជម្លោះធ្លាក់កាន់តែដុនដាប។ សកម្មភាពនោះ គឺសំដៅលើសមយុទ្ធ របសឆ្មាំហ្វីលីពីន ដែលបាននិងកំពុងធ្វើ នៅក្បែរកោះ ធីទូ (Thitu) កាន់កាប់ដោយហ្វីលីពីន និងកោះ ស្ការបូរ៉ាស ស្ហ៊ល (Scarborough Shoal) ដែលគ្រប់គ្រងដោយចិន។ ចង់គ្រលាស់ខ្លួនចេញពីក្រញាំអាមេរិក តាំងពីឡើងកាន់អំណាចមកលោកប្រធានាធិបតី ឌុយទែរតេ មានទំនោរងាកមករកចិន ដោយពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចខ្លាំងជាមួយចិន និងស្តារទំនាក់ទំនងចិន-ហ្វីលីពីនឱ្យបានប្រសើរឡើង តែលោកឌុយទែរតែក៏រងគំនាបផ្ទៃក្នុងកាន់តែខ្លាំងឡើងៗឱ្យហ្វីលីពីនប្រកាន់ជំហររឹងប៉ឹងដាក់ចិនជុំវិញអធិបតេយ្យភាពនៅសមុទ្រចិនខាងត្បូងនេះ។ AFP
