ក្រោយ​អវត្តមាន​ជាង​៥​ឆ្នាំ​សត្វ​ត្មាត​២​ប្រភេទ បាន​វិល​មកកាន់​ទ្រនំ​របស់​ពួកវា​វិញ ក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក

0
35

ភ្នំពេញ​: បន្ទាប់ពី​អវត្តមាន​ជាង​៥​ឆ្នាំ​រួចមក​សត្វ​ត្មាត​ចំនួន​២​ប្រភេទ ក្នុងនេះ​គឺ​សត្វ​ត្មាត​ត្នោត​ចំនួន​ពីរ​ក្បាល និង​សត្វ​ត្មាតផេះ​ចំនួន​មួយ​ក្បាល ត្រូវបាន​គេ​ប្រទះឃើញ​វិល​ត្រឡប់មក​រស់នៅ​សំបុក​ព្រៃ​ធម្មជាតិ​របស់​ពួកវា​វិញ ក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​នៃ​ខេត្តមណ្ឌលគិរី​។ នេះ​បើតាម​ការ​ឱ្យដឹងពី​សំណាក់​ក្រសួងបរិស្ថាន​និង​អង្គការ​WWF។

​​ក្រសួងបរិស្ថាន​និង​អង្គការ ​WWF បានបញ្ជាក់​ឱ្យដឹងថា ការវិល​ត្រលប់​មកកាន់​ទ្រនំ​វិញ​របស់​សត្វ​ស្លាប​ទាំងពីរ​ប្រភេទ​នេះ​គឺជា​ដំណឹង​យ៉ាង​ល្អ​ដែល​សុទ្ធសឹង​ជា​ប្រភេទ​សត្វ​រងគ្រោះថ្នាក់​ជិត​ផុត​ពូជ​បំផុត ក្រោយពី​អវត្តមាន​ក្នុង​រយៈពេល​ដ៏​យូរ​។ បើ​ផ្អែក​តាម​របាយការណ៍​ស្រាវជ្រាវ​ក្នុង​តំបន់​នេះ សត្វ​ត្មាត​ត្នោត​ធ្លាប់​ត្រូវបាន​គេ​ប៉ាន់ប្រមាណ​ថា​មាន​ចំនួន​បួន​ក្បាល ហើយ​ឃើញ​វត្តមាន​របស់​វា​ចុងក្រោយបង្អស់​នៅ​ចុងឆ្នាំ​២០១៥ រីឯ​សត្វ​ត្មាតផេះ​វិញ ត្រូវបាន​គេ​កត់ត្រា​ចុងក្រោយ​បំផុត​នៅក្នុង​ឆ្នាំ​២០១៧ រហូតមកទល់​ពេលបច្ចុប្បន្ន​។

​បើ​យោងតាម​ការសន្និដ្ឋាន​មួយ​របស់​កញ្ញា Milou Groenenberg ប្រធាន​ក្រុម​ស្រាវជ្រាវ និង​តាមដាន​ជីវៈចម្រុះ នៃ​អង្គការ WWF មូល​ហេតុដែល​បណ្តាល​ឲ្យ​បាត់​វត្តមាន​របស់​ពួកវា ពី​ក្នុង​តំបន់​ក្នុង​រយៈពេល​ដ៏​យូរ​នេះ គឺ​ភាគច្រើន​ដោយសារ​ពួកវា​បានទទួល​រង​នូវ​ការពុល​ដោយ​ប្រយោល​នឹង​សារធាតុ​គីមី ដែល​គេ​បាន​ប្រើប្រាស់​សម្រាប់​គោលបំណង​ផ្សេង​។ ដោយឡែក​សត្វ​ត្មាតភ្លើង​ក៏​ជាស​ត្វ​ស្លាប​មួយ​ប្រភេទ​ទៀត ដែល​កំពុង​រស់នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​ផងដែរ​។ ដោយឡែក​បើតាម​រយៈ​កំណត់ត្រា​ថ្មី​បំផុត នៃ​ការរាប់​ចំនួន​សត្វ​ត្មាត​ទាំងបី​ប្រភេទ​ដោយ​ក្រុម​ស្រាវជ្រាវ​សត្វព្រៃ នៃ​ក្រសួងបរិស្ថាន​និង​អង្គការ​WWF នា​ថ្មីៗ​នេះ​ក៏បាន​រកឃើញ​ពី​វត្តមាន​សត្វ​ត្មាត​ត្នោត​ចំនួន​បួន​ក្បាល សត្វ​ត្មាតផេះ​ចំនួន​១១​ក្បាល និង​សត្វ​ត្មាតភ្លើង​ចំនួន​ប្រាំ​ក្បាល កំពុង​រស់នៅក្នុង​ទ្រនំ​ធម្មជាតិ​របស់​ពួកវា​ដែល​ស្ថិតក្នុង​ទីតាំង​ជាប់​ដែនជម្រកសត្វព្រៃ​សំបូរ​តាម​បណ្តោយ​ដង​ទន្លេមេគង្គ​នៃ​ខេត្ត​ក្រេ​ចះ​។​

​ពាក់ព័ន្ធ​ក្នុង​រឿងនេះ​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង ជា​មន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន​បាន​ថ្លែងថា​៖ «​នេះ​គឺជា​ដំណឹង​ដ៏​ល្អ សម្រាប់​ក្រុម​អ្នក​អភិរក្ស និង​សម្រាប់​ជីវៈចម្រុះ​”​។

​លោក បាន​ថ្លែងថា​៖«​ក្នុងនាម​ក្រសួងបរិស្ថាន សូម​កោតសរសើរ​ចំពោះ​ក្រុមការងារ​ស្រាវជ្រាវ​នៃ​ក្រសួងបរិស្ថាន​និង​អង្គការ WWF ក៏ដូចជា​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​ដែល​បាន​ខិតខំ​ការពារ​និង​អភិរក្ស​តំបន់​ព្រៃ​ល្បោះ​ដ៏​ធំជាងគេ​មួយ​នៅ​តំបន់​អាស៊ីអាគ្នេយ៍ និង​បាន​កំពុង​ធ្វើឱ្យ​តំបន់​នេះ​កាន់​តែមាន​សុវត្ថិភាព​កាន់តែខ្លាំង​ថែមទៀត​សម្រាប់​សត្វព្រៃ ដោយ​ខិតខំ​ប្រឹងប្រែង​ការពារ​ព្រៃឈើ​ជាទី​ជម្រក អាហារ និង​ប្រភពទឹក សម្រាប់​ជីវៈចម្រុះ​គ្រប់​ប្រភេទ​រស់ នៅ​។ សូម​ស្នើ​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​ចូលរួម​ក្នុងការ​ការពារ​និង​អភិរក្ស​សត្វ​ត្មាត​ដែលជា​ប្រភេទ​សត្វ កម្រ​នេះ​បន្ថែម​នេះ​ដើម្បី​ផលប្រយោជន៍​ជីវៈចម្រុះ និង​រក្សាបាន​កេរតំណែល​ធម្មជាតិ​សម្រាប់​មនុស្ស​ជំនាន់ ក្រោយ​បន្តទៀត​»​។​

​លោក សេង ទៀក នាយក​អង្គការ WWF-​កម្ពុជា បាន​មានប្រសាសន៍ថា​៖ «​ដំណឹង​ដ៏​ល្អ​នេះ ពិតជា​បាន​លើកទឹកចិត្ត​ដល់​អ្នកពាក់ព័ន្ធ​ទាំងអស់​ជាពិសេស​ក្រុមការងារ នៃ​កម្មវិធី​អភិរក្ស​តំបន់​ព្រៃ​ទេសភាព​ភាគ​ខាងកើត នៃ​កម្ពុជា លើ​ការបង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​ជាប្រចាំ​សំដៅ​ជម្រុញ​ឱ្យចំ​នួន​សត្វ​បក្សី​ទាំងនេះ មាន​កំណើន​ចំនួន​ពួកវា​ឡើងវិញ​នៅ​ថ្ងៃ​ខាងមុខ​»​។​

​សម្រាប់​ចំនួន​សត្វ​ត្មាត​ទាំងបី​ប្រភេទ​ត្រូវបាន​អ្នកវិទ្យាសាស្ត្រ​កត់ត្រា​ថា​បាន​ធ្លាក់ចុះ​គួរ​ឲ្យ​បារម្ភ​ក្នុង​រយៈពេល​ជាង​១៥ ឆ្នាំ​ចុង​ក្រោយនេះ​។ ការគំរាមកំហែង​ចំបងៗ ដល់​ការរស់នៅ​របស់​ប្រភេទ​សត្វ​ស្លាប​ដ៏​សំខាន់​ជា​សកល​ទាំងនេះ​រួមមាន​ការពុល​នឹង​សារធាតុ​គីមី​ដែល​គេ​ប្រើប្រាស់​សម្រាប់​គោលដៅ ផ្សេង កង្វះ​ចំណីអាហារ ការបាត់បង់​ជម្រក និង​សកម្មភាព​រំខាន​ដោយ​មនុស្ស​។​

​គួរ​បញ្ជាក់ដែរថា​លទ្ធផល​នៃ​ការរាប់​ចំនួន​សត្វ​ត្មាត​ថ្នាក់ជាតិ​ដោយ​ក្រុមការងារ​អភិរក្ស​សត្វ​ត្មាត កម្ពុជា គិត​ត្រឹម ខែមិថុនា ឆ្នាំ​២០២១ បានបង្ហាញ​ថា​មាន​សត្វ​ត្មាត​សរុប​ទាំងអស់​ចំនួន ១២១​ក្បាល ក្នុងនោះ​មាន​ត្មាតភ្លើង​២០​ក្បាល ត្មាតផេះ​៦៦​ក្បាល និង​ត្មាត​ត្នោត​៣៥​ក្បាល​។​

​ក្រុមការងារ​អភិរក្ស​សត្វ​ត្មាត​កម្ពុជា មាន​សមាសភាព​ចម្រុះ​ពី​ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ (BirdLife) អង្គការ​មូលនិធិ​សកល​សម្រាប់​ធម្មជាតិ (WWF) មជ្ឈមណ្ឌល​អង្គរ​ដើម្បី​អភិរក្ស​ជីវៈចម្រុះ (ACCB) អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ (WCS) អង្គការ​ជីវិត​ធម្មជាតិ​កម្ពុជា​(NLC) ក្រុមហ៊ុន Rising Phoenix អង្គការ​CBGA ក្រុមហ៊ុន​SVC Tour និង មជ្ឈមណ្ឌល​អភិរក្ស​ជីវចម្រុះ​(CBC)៕

ប្រភព : រស្មីកម្ពុជា

LEAVE A REPLY

Please enter your comment!
Please enter your name here