ភ្នំពេញ៖ រាជធានីភ្នំពេញ ជាតំបន់ដែលកំពុងប្រឈមគ្រោះថ្នាក់ធ្ងន់ធ្ងរដោយសារកូវីដ-១៩ ប៉ុន្តែមិនទាន់បាត់បង់ម្ចាស់ការទេ។ នេះជាការលើកឡើងរបស់លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ ថ្លែងនៅក្នុងសន្និសីទស្តីពីការបន្តបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេតខេត្តកណ្ដាលកាលពីពេលកន្លងទៅនេះ។
លោក នួន ផារ័ត្ន បានអះអាងថា ការអនុវត្តវិធានការបិទខ្ទប់រាជធានីភ្នំពេញ រយៈពេល១៤ថ្ងៃមកនេះ ទទួលបានលទ្ធផលល្អប្រសើរ ក្នុងការគ្រប់គ្រងស្ថានភាពរាលដាលនៃជំងឺកូវីដ-១៩។ ដ្បិតគ្រប់គ្រងស្ថានការណ៍បាន ប៉ុន្តែមិនមានន័យថា ស្ថានការណ៍នៅភ្នំពេញ អាចវិលត្រឡប់ទៅសភាពធម្មតាវិញភ្លាមៗនោះទេ។
លោកអភិបាលរងរាជធានីភ្នំពេញរូបនេះ បានបញ្ជាក់ថា រាជធានីភ្នំពេញ កំពុងស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ធ្ងន់ធ្ងរ នៃឆ្លងជំងឺកូវីដ-១៩ ប៉ុន្តែមិនទាន់បាត់បង់ម្ចាស់ការឡើយ។ ដោយសារមើលឃើញស្ថានភាពបែបនេះហើយ ទើបអាជ្ញាធរភ្នំពេញ សម្រេចឱ្យមានការបែងចែកជាតំបន់៣ គឺតំបន់លឿង លឿងទុំ និងក្រហម ដើម្បីងាយស្រួលទប់ស្កាត់ស្ថានការណ៍។
បើតាមលោក នួន ផារ័ត្ន តំបន់ដែលត្រូវបានកំណត់ជាតំបន់ក្រហម គឺសំដៅដល់ភូមិសាស្ត្រដែលមានការរាលដាលកូវីដ-១៩ ធ្ងន់ធ្ងរ តំបន់លឿងទុំក្នុងកម្រិតមធ្យម និងលឿងសម្រាប់កម្រិតស្រាល។ អភិបាលរងរាជធានីភ្នំពេញរូបនេះ បានពន្យល់ថា ការបែងចែកតំបន់ជា៣នេះ គឺយោងតាមការសិក្សាលើភូមិសាស្ត្រ កត្តារស់នៅរបស់ប្រជាជន និងស្ថានភាពជាក់ស្ដែង។
ត្រង់ចំណុចនេះលោក នួន ផារ័ត្ន បានពន្យល់បន្ថែមថា តំបន់ខ្លះ មានអ្នកជំងឺកូវីដ-១៩ តិច តែត្រូវកំណត់ជាតំបន់ក្រហម ប៉ុន្តែតំបន់ខ្លះ មានអ្នកជំងឺច្រើន តែក៏អាចកំណត់ជាតំបន់លឿងផងដែរ ពោលគឺវាអាស្រ័យទៅលើសមត្ថភាពជាក់ស្ដែងនៃការគ្រប់គ្រងស្ថានភាព។ ក្នុងន័យនេះ លោកផារ័ត្ន បានបន្ថែមថា សង្កាត់កន្ទោក ខណ្ឌកំបូល មានមនុស្សឆ្លង២០នាក់ តែអាជ្ញាធរមិនកំណត់ជាតំបន់ក្រហមឡើយ ពោលគឺកំណត់ជាតំបន់លឿង ដោយសារតែអាជ្ញាធរអាចគ្រប់គ្រងបាន។
តែយ៉ាងណាអភិបាលរងរាជធានីភ្នំពេញរូបនេះ ក៏អំពាវនាវឱ្យពលរដ្ឋតំបន់លឿង កុំមើលស្រាលស្ថានការណ៍នៃការឆ្លងជំងឺកូវីដ-១៩ ឱ្យសោះ ព្រោះពេលខ្លះតំបន់លឿង ក៏អាចក្លាយតំបន់ក្រហមវិញតែមួយប៉ប្រ៉ិចភ្នែកប៉ុណ្ណោះ ។ លោក ផារ័ត្ន ស្នើឱ្យពលរដ្ឋអនុវត្តឱ្យបានខ្ជាប់ខ្លួន តាមការណែនាំរបស់រដ្ឋាភិបាល និងក្រសួងសុខាភិបាល ៣កុំ និង៣ការពារ។
តាមរយៈការគ្រប់គ្រងស្ថានការណ៍ក្នុងអំឡុងពេលបិទខ្ទប់១៤ថ្ងៃនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានបែងចែកនិងកំណត់សង្កាត់ចំនួន ៩ ជាតំបន់ក្រហម, ៤១សង្កាត់ជាតំបន់លឿងទុំ និង ៦៥សង្កាត់តំបន់លឿង៕