កូវីដ មិនអាចសម្លាប់ចលនាអូឡាំពិកបានឡើយ ក្រោយព្រឹត្តិការណ៍អូឡាំពិក ទីក្រុងតូក្យូ ប្រារព្ធពិធីបើកផ្លូវការ

0
287

CAMSOC-ភ្នំពេញ៖ ព្រឹត្តិការណ៍កីឡាអូឡាំពិក ទីក្រុងតូក្យូ ឆ្នាំ២០២០(Tokyo Olympic Game 2020) បានប្រារព្ធពិធីបើកការប្រកួតជាផ្លូវការហើយ នៅយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ ដោយមានប្រតិភូ និងអត្តពលិកប្រមាណ ២០៥ប្រទេសចូលរួម ក្នុងនោះក៏មានវត្តមានប្រតិភូ និងអត្តពលិកកម្ពុជាចំនួន ៨រូបផងដែរ ក្រោមការដឹកនាំរបស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និងជានាយបេសកកម្ម។

ឯកឧត្តម វ៉ាត់ ចំរើន បានមានប្រសាសន៍ពីទីក្រុងតូក្យូថា ពិធីបើកការប្រកួតកីឡាអូឡាំពិកជាផ្លូវការនេះ គឺជាជោគជ័យដ៏ថ្លៃថ្លាមួយក្នុងចលនាអូឡាំពិក បន្ទាប់ពីពិភពលោកបានរង់ចាំការពន្យារពេល១ឆ្នាំកន្លងទៅ ដោយសារវិបត្តិសកល នៃជំងឺកូវីដ-១៩។ ដូច្នេះមានន័យថា កូវីដ មិនអាចសម្លាប់ចលនាអូឡាំពិកបានឡើយ បន្ទាប់ពីព្រឹត្តិការណ៍ពិភពលោក ៤ឆ្នាំម្ដងនេះ បានប្រារព្ធពិធីបើការជាផ្លូវការ។

ឯកឧត្តមបន្ដថា «សមាជិកអូឡាំពិកមានចំនួន ២០៧ប្រទេស ប៉ុន្តែពេលនេះចូលរួមតែប្រមាណ ២០៥ ប្រទេស។ នេះជាជោគជ័យដ៏ថ្លៃថ្លារបស់គណៈកម្មាធិការអូឡាំពិកអន្ដរជាតិ (IOC) និងម្ចាស់ផ្ទះជប៉ុន ដែលខិតខំពុះពារការលំបាកគ្រប់បែបយ៉ាង រហូតដល់ពិធីបើកផ្លូវការបានសម្រេច ដែលពិភពលោករង់ចាំការពន្យាពេល១ឆ្នាំមកហើយ។ កូវិដ មិនអាចសម្លាប់ចលនាអូឡាំពិកបានទេ។ ពួកយើងត្រូវថែខ្លួនឲ្យស្ងួនចំណី កំចាត់កូវីដចង្រៃ ដោយត្រូវហាត់កីឡា។ អបអរសាទរអូឡាំពិកតូក្យូ ២០២០»។

សូមបញ្ជាក់ថា ក្នុងការប្រកួតកីឡាអូឡាំពិកឆ្នាំនេះ កម្ពុជាបានបញ្ជូនកីឡាករ-កីឡាការិនី ៣រូប លើ ២ប្រភេទកីឡាចូលរួមប្រកួត រួមមានកីឡាហែលទឹក ២រូប គឺកីឡាករ ហែម ប៊ុច និងកីឡាការិនី ឃឿន ប៊ុនពេជ្រមរកត ដែលត្រូវប្រកួតវិញ្ញាសាហែលចម្ងាយ ៥០ម៉ែត្រសេរីដូចគ្នា និងកីឡាករ ប៉ែន សុគង់ ត្រូវប្រកួតលើវិញ្ញាសារត់ល្បឿនចម្ងាយ ១០០ម៉ែត្រ ខណៈអ្នកទាំង៣ នឹងត្រូវប្រកួតនាថ្ងៃទី០១ ខែសីហាខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here