ម្ចាស់មេដាយមាសកីឡាអាស៊ី សាលី អ៊ូមើត ខកខានចូលរួមប្រកួត Jet Ski World Series 2021 នៅប៉ូឡូញ

0
61

CAMSOC-ភ្នំពេញ៖ ម្ចាស់មេដាយមាសកីឡាអាស៊ី ឆ្នាំ២០១៨ សាលី អ៊ូមើត ត្រូវបានខកខានចូលរួមប្រកួតកីឡាប្រម៉ូតូទឹកពិភពលោក Jet Ski World Series 2021-2022 ជុំទី១ នៅប្រទេសប៉ូឡូញហើយ បន្ទាប់ពីមានបញ្ហាស្នើសុំទិដ្ឋាការ(Visa) ចូលទៅកាន់ទឹកដីអឺរ៉ុប ស្របពេលការប្រកួត នឹងចាប់ផ្ដើមពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែកក្កដាសប្ដាហ៍នេះ។

សាលី អ៊ូមើត បានឲ្យដឹងថា ដំបូងឡើយខ្លួនត្រូវចេញទៅអាល្លឺម៉ង់ កាលពីដើមខែកក្កដា មុនបន្ដទៅប្រទេសអូទ្រីស ដើម្បីយកម៉ូតូថ្មីរបស់ខ្លួន ទៅចូលរួមប្រកួតនៅប្រទេសប៉ូឡូញ។ ប៉ុន្ដែដោយសារបញ្ហាកូវីដ-១៩ បានធ្វើឲ្យការស្នើសុំទិដ្ឋាការចូលតំបន់អឺរ៉ុប ត្រូវពន្យារពេលជាបន្ដបន្ទាប់ រហូតត្រូវខកខានចូលរួមការប្រកួតតែម្ដង ខណៈថ្ងៃប្រកួតកាន់តែខិតជិតដល់ហើយ ប៉ុន្តែស្ថាតទូតអាល្លឺម៉ង់ប្រចាំនៅប្រទេសថៃ នៅមិនទាន់ឆ្លើយតបនៅឡើយ។

សមាជិកក្រុមកីឡាម៉ូតូទឹកជម្រើសជាតិកម្ពុជាខាងលើ បានបញ្ជាក់ថា «ឥលូវខ្ញុំបានខកខានចូលរួមការប្រកួតនៅប៉ូឡូញហើយ ដោយសារខ្ញុំចូលទៅទ្វីបអឺរ៉ុប គេតម្រូវឲ្យធ្វើចត្ដាឡីស័ក១០ថ្ងៃនៅក្នុងផ្ទះ ដល់អ៊ីចឹងខ្ញុំអត់អាចចូលរួមប្រកួតទាន់ទេ ព្រោះអីគេត្រូវប្រកួតនៅថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែកក្កដា តែឥលូវខ្ញុំនៅថៃនៅឡើយ ដោយសារយឺតយ៉ាវ Visa ទៅអាល្លឺម៉ង់ ដែលខ្ញុំបានស្នើសុំគេ គេអត់ទាន់ឆ្លើយតប…»។

ជាមួយការខកខានចូលរួមព្រឹត្ដិការណ៍កម្រិតពិភពលោកនេះ អ៊ូមើត បានសម្ដែងការសោកស្ដាយជាខ្លាំង ដ្បិតរូបគេបានខិតខំប្រឹងប្រែងហ្វឹកហាត់ជាយូរ ព្រមទាំងទិញម៉ូតូថ្មី បែរជាមិនបានចូលរួមការប្រកួតទៅវិញ។ អ៊ូមើត បញ្ជាក់ថា ទោះបីខកខានការប្រកួតជុំទី១ នៅប៉ូឡូញ ខ្លួនក៏អាចចូលរួមប្រកួតជុំទី២ និងជុំទី៣ បានដែរ ប៉ុន្ដែទោះបីដណ្ដើមបានលេខ១ ក៏មិនអាចទទួលបានចំណាត់ថ្នាក់ដែរ ព្រោះខ្លួនខាតបង់ការប្រកួត ១ជុំទៅហើយ។

សូមបញ្ជាក់ថា ការប្រកួតកីឡាម៉ូតូទឹកពិភពលោក Jet Ski World Series 2021-2022 បានបែងចែកការប្រកួតជា ៣ជុំ នៅ ៣ទ្វីបផ្សេងគ្នា ដោយជុំទី១ ផ្ដើមចេញពីការប្រកួតប្រចាំតំបន់អឺរ៉ុប ដែលប្រទេសប៉ូឡូញ ទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ខណៈជុំទី២ នឹងប្រកួតនៅសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ និងជុំទី៣ ដែលជាជុំកាត់សេចក្ដី នឹងប្រកួតពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ នៅប្រទេសថៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here