ព្រះសង្ឃ​ចំនួន​២៣៩​អង្គ បាន​ឆ្លង​កូ​វី​ដ​១៩ នៅ​ទូ​ទាំង​ប្រទេស

0
106

រាជធានី​ភ្នំពេញ ៖ គិត​ត្រឹម​ឆមាស​ទី​១ ដើមឆ្នាំ​២០២១ នៅ​ទូ​ទាំង​ប្រទេស មាន​ព្រះសង្ឃ​ប្រមាណ​២៣៩​អង្គ បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ខណៈ​ពេល​ព្រះសង្ឃ​ដែល​កំពុង​សម្រាក​ព្យាបាល​មាន​ចំនួន​១៧១​អង្គ​។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ក្រសួង​ធ​ម្មា​ការ និង​សាសនា ដែល​កោះសន្តិភាព​ទទួល​បាន​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២១​នេះ​។
របាយការណ៍​ខាងលើ បាន​បង្ហាញ​ថា រាជធានី​ភ្នំពេញ និង​ខេត្ត​ត្បូងឃ្មុំ ឈានមុខ​គេ​ដោយ​មាន​ព្រះសង្ឃ​ឆ្លង​ច្រើន​ជាងគេ ក្នុង​ពេល​រហូត​មក​ទល់​ពេល​នេះ គឺ​មាន​ព្រះសង្ឃ​ចំនួន​២​អង្គ​ហើយ​ដែល​បានសុគត​ដោយសារ​ជំងឺ​កូ​វី​ដ​១៩​នេះ​។
របាយការណ៍​បញ្ជាក់​ថា រាជធានី​ភ្នំពេញ មាន​ព្រះសង្ឃ​ចំនួន​១៣៤​អង្គ​ដែល​បាន​ឆ្លង​កូ​វី​ដ​១៩ និង​កំពុង​សម្រាក​ព្យាបាល​ចំនួន​៦៨​អង្គ ជា​សះស្បើយ​៦៥​អង្គ និង​សុគត​ចំនួន​១​អង្គ​។ ខេត្តកណ្តាល ឆ្លង​១​អង្គ និង​ជា​សះស្បើយ​១​អង្គ ខណៈ​ពេល​ខេត្តកំពត មាន​ឆ្លង​ចំនួន​១០​អង្គ និង​កំពុង​សម្រាក​ព្យាបាល​ចំនួន​១០​អង្គ​។


ដោយឡែក​ខេត្ត​ត្បូងឃ្មុំ មាន​ករណី​ឆ្លង​ចំនួន​៨៨​អង្គ និង​សម្រាក​ព្យាបាល​៨៨​អង្គ ហើយ​ខេត្តព្រៃវែង​មាន​ចំនួន​៤​អង្គ កំពុង​សម្រាក​ព្យាបាល​ចំនួន​៣​អង្គ និង​សុគត​ចំនួន​១​អង្គ​។ ខេត្តស្វាយរៀង មាន​ករណី​ឆ្លង​ចំនួន​១​អង្គ កំពុង​សម្រាក​ព្យាបាល​ចំនួន​១​អង្គ ខណៈ​ពេល​ខេត្តកំពង់ចាម​មាន​ករណី​ឆ្លង និង​កំពុង​សម្រាក​ព្យាបាល​ចំនួន​១​អង្គ​។
របាយការណ៍​ដដែល​បញ្ជាក់​ថា បើ​គិត​ពី​ស្ថិតិ​ព្រះសង្ឃ​ពុទ្ធសាសនា សាសនិក​ឥ​ស្លា​ម និង​សាសនិក​គ្រិស្ត ដែល​បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ នៅ​ទូ​ទាំង​ប្រទេស មាន​ចំនួន​សរុប​៤៤៥​នាក​/​អង្គ​។
អ្នកនាំពាក្យ​ក្រសួង​ធម្មការ និង​សាសនា លោក សេង សុ​មន្នី បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ថា ពាក់ព័ន្ធ​បញ្ហា​ជំងឺ​កូ​វី​ដ​១៩​នេះ កន្លង​មក លោក​រដ្ឋមន្ត្រី​បាន​ធ្វើការ​ណែនាំ​ជា​ច្រើន​លើក​ច្រើន​សារ​មក​ហើយ និង​បាន​ដាក់​ចេញ​នូវ​សារាចរ​ណែនាំ សង្ឃ ប្រកាស​នានា​អោយ​អនុវត្តន៍​រួច​ហើយ​ដែរ​។


លោក​បញ្ជាក់​ថា លោក​រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា តែងតែ​ជំរុញ​អោយ​មន្ត្រី​ធម្មការ សហការ​ជាមួយ​អាជ្ញាធរ​ដែនដី ដើម្បី​អនុវត្ត​កិច្ច​ការងារ​ដែល​ត្រូវធ្វើ​នៅ​ចំពោះ​មុខ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩​នេះ​។
បើ​តាម​លោក សេង សុ​មន្នី បានឱ្យ​ដឹ​ថា សម្រាប់​ព្រះសង្ឃ​ដែល​បាន​ប៉ះពាល់ និង​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នោះ គឺ​អាជ្ញា​មូលដ្ឋាន​បាន​អនុវត្តន៍​តាម​សេចក្តីណែនាំ​របស់​ក្រសួងសុខាភិបាល និង​បាន​ជួយ​ឧ​ត្ថ​ម្ភ និង​ប្រគេន​ព្រះសង្ឃ​នូវ​គ្រឿង​ឧបភោគបរិភោគ​ផ្សេង​ៗ និង​សន្សំ​សំចៃ​សម្រាប់​ព្រះ​អង្គ​ប្រើប្រាស់​នៅ​តាម​កុ​ដ្ឋ ដែល​ព្រះសង្ឃ​គង់នៅ​តាម​វត្ត​នីមួយ​ៗ៕

LEAVE A REPLY

Please enter your comment!
Please enter your name here