តើបញ្ហាអាហ្វហ្គានីស្ថានអាចពង្រឹងដោយអង្គការសន្តិសុខ  SCO ដែលដឹកនាំដោយចិន  និងរុស្ស៊ីបានទេ?

0
71

ក្រោយពីសហរដ្ឋអាមេរិក និងក្រុមប្រទេសអង្គការសម្ព័ន្ធមិត្ត NATO ប្រកាសដកទ័ពចេញពីប្រទេសអាហ្វហ្គានីស្ថាន ចិន និងរុស្ស៊ីចាប់ផ្ដើមឈឺឆ្អាលយ៉ាងសកម្ម ទៅលើបញ្ហានៅក្នុងប្រទេសមជ្ឈិមបូព៌ានេះ។ ទាំង រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានរិះគន់ថា ការដកទ័ពយ៉ាងប្រញាប់របស់សហរដ្ឋអាមេរិក និងក្រុមសម្ព័ន្ធមិត្ត ដែលធ្វើឱ្យអាហ្វហ្គានីស្ថានធ្លាក់ក្នុងភាពមិន ប្រាកដប្រជាផ្នែកសន្តិសុខ និងផ្នែកនយោបាយ។ ប្រទេសមហាអំណាចទាំង២ នេះ សុទ្ធតែបង្ហាញពីការត្រៀមខ្លួនក្នុងការចូលជួយអាហ្វហ្គានីស្ថាន ស្វែងរកផ្លូវទៅកាន់សន្តិភាព និងស្ថិរភាព។ ក្រៅពីបង្ហើរសារតាមរយៈក្រសួងការបរទេសប្រចាំរដ្ឋធានីនីមួយៗ ប្រទេសទាំង២ ក៏ធ្លាប់បានលើកពីបញ្ហានៅប្រទេសអាហ្វហ្គានីស្ថាន មកពិភាក្សានៅក្នុងវេទិកាសន្តិសុខមួយ ដែលមានឈ្មោះថា អង្គការកិច្ចសហប្រតិបត្តិការទីក្រុង សៀងហៃ ហៅកាត់ថា SCO  កាលពី២០ឆ្នាំមុន។ អង្គការ SCO នេះ មានសមាជិកចំនួន ៨ ប្រទេស ដែល ភាគច្រើននៅតំបន់អាស៊ីកណ្ដាល និងអាស៊ីខាងត្បូង  ដូចជា ចិន ឥណ្ឌា កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន ប៉ាគីស្ថាន រុស្ស៊ី តាហ្ស៊ីគីស្ថាន និងអ៊ូសបេគីស្ថាន ដែលធ្វើការលើផ្នែកសន្តិសុខ ជាពិសេស ព្យាយាមដោះស្រាយលើបញ្ហាធំៗ ចំនួន ៣ គឺភេរវកម្ម ចលនាផ្ដាច់ខ្លួន និងក្រុមសាសនាជ្រុលនិយម។ អង្គការនេះ ក៏មានរដ្ឋដែលមិនទាន់ជាសមាជិកពេញសិទ្ធិ ឬ ជារដ្ឋអង្កេតការណ៍ ចំនួន ៤ ប្រទេសទៀត រួមមាន ប្រទេសអាហ្វហ្គានីស្ថាន ប្រទេសបេឡារុស អ៊ីរ៉ង់ និងប្រទេសម៉ុងហ្គោល។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ  SCO ក៏ពង្រីកទំនាក់ទំនងជាមួយប្រទេសមិនមែនជាសមាជិក តាមរយៈបង្កើតដៃគូសន្ទនា មានចំនួន ៦ ដោយក្នុងនោះមាន កម្ពុជាផងដែរ។ ស្ថានភាពនៅប្រទេសអាហ្វហ្គានីស្ថាន គឺជាប្រធានបទដ៏ក្ដៅគគុករបស់អង្គការនេះ គេសង្កេតឃើញមានកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស SCO លើបញ្ហាអាហ្វហ្គានីស្ថាន កាលពីថ្ងៃទី១៤ ខែកក្កដា ដែលធ្វើឡើង ដោយការជួបគ្នាផ្ទាល់នៅរដ្ឋធានីឌូស្ហាន់បេ ប្រទេសតាហ្ស៊ីគីស្ថាន។ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសបានចេញសេចក្ដីថ្លែងការណ៍រួមមួយ ដែលបង្ហាញពីការត្រៀមខ្លួនរបស់សមាជិកអង្គការនេះ ក្នុងការឆ្លើយតបនឹងបញ្ហាប្រឈមនានានៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ហើយក៏បានអំពាវនាវឱ្យប្រទេស និងអង្គការទាំងឡាយណា ដែលចាប់អារម្មណ៍នឹងអាហ្វហ្គានីស្ថានជួយប្រទេសនេះ ឱ្យមានស្ថិរភាព និងការអភិវឌ្ឍ។សំណើរបស់លោក វ៉ាង យី គឺចង់ឃើញអង្គការ SCO ដើរតួនាទីស្នូលយ៉ាងសំខាន់មួយនៅក្នុងបញ្ហាប្រទេស អាហ្វហ្គានីស្ថាន ដោយរាប់ចាប់តាំងពីការប្រឆាំងអំពើភេរវកម្ម និងការដោះស្រាយបញ្ហានយោបាយ។ លោក Raffaello Pantucci អ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់នៃសាលាសិក្សាអន្តរជាតិ S. Rajaratnam នៃប្រទេស សិង្ហបុរី បានប្រាប់សារព័ត៌មាន South China Morning Post ថា កន្លងមក មានភ័ស្តុតាងតិចណាស់ ដែលថា អង្គការនេះបានធ្វើការអ្វីជាដុំកំភួននោះ ខណៈអង្គការនេះ មិនមានបទពិសោធលើរឿងរៀបចំឱ្យមានសន្តិភាព ក្រៅពីការហ្វឹកហាត់ជុំគ្នា។ មួយវិញទៀត សមាជិកអង្គការនេះ ច្រើនតែធ្វើការជាមួយអាហ្វហ្គានីស្ថានក្នុងលក្ខណៈជាទ្វេភាគី ជាជាងពហុភាគីតាមរយៈអង្គការ SCO៕ AFP

LEAVE A REPLY

Please enter your comment!
Please enter your name here