អាមេរិក-អាល្លឺម៉ង់ត្រូវរ៉ូវគ្នា លើគម្រោងសង់បំពង់បង្ហូរឧស្ម័ន តែអឺរ៉ុបខ្វាយខ្វល់

0
25

សហរដ្ឋអាមេរិក និងអាល្លឺម៉ង់ បានប្រកាសកាលពីល្ងាចថ្ងៃពុធ លើកិច្ចព្រមព្រៀងគម្រោងសាងសង់បំពង់បង្ហូរឧស្ម័ន Nord Stream 2 ពីរុស្ស៊ី ត្រង់មកអាល្លឺម៉ង់ប្រវែង ១២៣០ គីឡូម៉ែត្រ សង់កាត់ក្រោមសមុទ្របាល់ទិក ដោយមិនឆ្លងកាត់អ៊ុយក្រែន ដូចបណ្តាបំពង់ឧស្ម័នមុនៗទេ។ នៅក្នុងគម្រោងកិច្ចព្រមព្រៀង ទីក្រុងប៊ែរឡាំងបានសន្យានឹងដាក់ទណ្ឌកម្មរុស្ស៊ី នូវរាល់ការប៉ុនប៉ងយកថាមពលមកធ្វើជាអាវុធ សម្រាប់វាយប្រហារ ប្រឆាំងអ៊ុយក្រែន ឬ ប្រទេសផ្សេងទៀតនៅអឺរ៉ុប។ គណៈកម្មការអឺរ៉ុបអបអរអាល្លឺម៉ង់ ដែលចេះគោរពគោលការណ៍ និងច្បាប់ថាមពលអឺរ៉ុប ដែលចង់បន្ថយការពឹងផ្អែកលើរុស្ស៊ីក្នុងវិស័យថាមពល។ អឺរ៉ុបសន្យាពិនិត្យ មើលកិច្ចព្រមព្រៀងនេះឡើងវិញ ជាមួយបណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុប ព្រមទាំងបណ្តាប្រទេសជិតខាង មានជាអាទិ៍ អ៊ុយក្រែន។ នេះបើតាមការគូសបញ្ជាក់របស់អ្នកនាំពាក្យគណៈកម្មការអឺរ៉ុប ទៅកាន់អ្នកសារព័ត៌មាន។ ប៉ុន្តែប៉ូឡូញបានបញ្ចេញប្រតិកម្មប្រឆាំងមុនគេ។ នៅក្នុងសេចក្តីថ្លែងការណ៍រួមជាមួយអ៊ុយក្រែន រដ្ឋមន្ត្រីការបរទេសទាំងពីរបានរិះគន់កិច្ចព្រមព្រៀងអាមេរិក និងអាល្លឺម៉ង់ថា ជា “ការគំរាមកំហែងនយោបាយ យោធា និងថាមពល សម្រាប់អ៊ុយក្រែន និងអឺរ៉ុបកណ្តាល។ ហើយលទ្ធផលសម្រេចនេះ នឹងបង្កើនសមត្ថភាពរុស្ស៊ីក្នុងការបង្កអស្ថិរភាពដល់តំបន់អឺរ៉ុប”។ រដ្ឋាភិបាលប៉ូឡូញ ដែលជាប់ឈ្មោះសមាជិកអឺរ៉ុបជំទើងជាងគេ ប្រឆាំងបំផុតនឹងគម្រោង Nord Stream2 តាំងពីដំបូង និងបានព្រមានអំពីគ្រោះហានិភ័យរបស់អឺរ៉ុប ដែលរំពឹងខ្លាំងលើរុស្ស៊ីក្នុងវិស័យថាមពល។ ប៉ូឡូញខ្លួនឯងផ្ទាល់ ក៏នាំចូលឧស្ម័នពីរុស្ស៊ីដែរ តែបានប្រកាសមិនបន្តកិច្ចសន្យាជាមួយក្រុមហ៊ុន Gazrom រុស្ស៊ីទេ ចាប់ពីឆ្នាំ២០២២ ទៅ ដោយងាកទៅរកទិញឧស្ម័នពីប្រទេសន័រវែសវិញ។ ដើម្បីធានាសុវត្ថិភាពថាមពល ប៉ូឡូញចង់ផ្តួចផ្តើមអភិវឌ្ឍន៍គម្រោងថាមពលពីសមុទ្រ ដែលជាការប្រមូលផ្តុំក្រុមប្រទេសនៅអឺរ៉ុបកណ្តាល និងអឺរ៉ុបខាងកើត។ គម្រោងដែលអាល្លឺម៉ង់បានប្រកាសគាំទ្រភ្លាម កាលពីថ្ងៃពុធ ទី២១ ខែកក្កដា តែទំនងដើម្បីលួងចិត្តប៉ូឡូញក៏មិនដឹង៕ AFP

LEAVE A REPLY

Please enter your comment!
Please enter your name here