ខេត្តស្ទឹងត្រែង:ស្ថិតក្រោមប្រតិបត្តិការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់របស់កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដឹកនាំដោយលោកវរសេនីយ៍ឯកវ៉ា សុផាន់ស្នងការងទទួលផែនព្រហ្មទណ្ឌ ជនដៃដល់ដែលបានប្រើដាវគប់ទៅលើយុវជនម្នាក់រងរបួសធ្ងន់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយ នៅម៉ោង៦និ៣០នាទីព្រឹកថ្ងៃទី ៣០ មេសានេះ នៅចំណុចផ្ទះជនសង្ស័យ ភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
លោកវីរៈសេនីយ៍ឯកវ៉ា សុផាន់ស្នងការរងទទួលផែនព្រហ្មទណ្ឌបានឲ្យដឹងថា:បន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួនបក្សពួកជនដៃដល់៣នាក់ ជនដៃដល់បានរត់គេចខ្លួនអស់រយៈពេល ៣ថ្ងៃក្រោមការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់របស់មត្ថកិច្ច ជនដៃដល់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយ។
លោកវិរៈសេនីយ៍ឯកបានបញ្ជាក់ថាជនដៃដល់ដែលសមត្ថកិច្ចចាប់ខ្លួនមាន-ឈ្មោះហុន ម៉េងណាំង(ហៅ ណាង) ភេទប្រុស អាយុ១៩ឆ្នាំ រួមនិងបក្ខពួក ៣ នាក់ទៀតមាន ១-ឈ្មោះ អាងតុលា ២-ឈ្មោះគង់ ចន្ថា ៣-ឈ្មោះហ៊ន ប៊ុនថន ពួកគេទាំង 3 នាក់រស់នៅភូមិឆ្វាំងឃុំសំអាងស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង។ចំណែកជនរងគ្រោះឈ្មោះគង់ ប៊ុននី ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិឆ្វាំងឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
លោកស្នងការរងបន្តឲ្យដឹងទៀតថា ករណីលើនេះ បើតាមការឆ្លើយសារភាពរបស់ជនដៃដល់និយាយថា:ក្រុមជនសង្ស័យ និងក្រុមជនរងគ្រោះបានឆាតតាមហ្វេសប៊ុកឌឺដងដាក់គ្នាបង្កឲ្យមានជម្លោះកើតជាគំនុំទើបនៅថ្ងៃទី ២៧ ខែមេសា ជនសង្ស័យនិងបក្សពួកបាននាំគ្នាជិះម៉ូតូ ២គ្រឿងបក្សពួក៤នាក់ រួមទាំងដាវសាំម៉ូរ៉ៃមករកជនរងគ្រោះ។
លោកបន្តថា :បន្ទាប់ពីឃើញជនរងគ្រោះនិងគ្នីគ្នា ៣នាក់កំពុងនៅលើម៉ូតូឈប់ទិញទឹកក្រឡុក បក្ខពួកជនសង្ស័យម្នាក់បានចូលទៅរករឿងហើយយកដាវកាប់ជនរងគ្រោះ ម្នាក់អង្គុយខាងក្រោយ តែមិនត្រូវបានរត់គេចផុត ជនរងគ្រោះម្នាក់ដែលអង្គុយចំកណ្ដាលម៉ូតូត្រូវជនសង្ស័យគប់មួយដាវជាប់នឹងឆ្អឹងខ្នងរបួសធ្ងន់។ក្រោយកើតហេតុ ជនសង្ស័យនិងបក្សពួកបាននាំគ្នាឡើងជិះម៉ូតូរត់គេចខ្លួនបាត់អស់។
ក្រោយកើតហេតុក្រុមគ្រួសារជនរងគ្រោះបានដាក់ពាក្យបណ្ដឹងទៅកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្ត បានចុះស្រាវជ្រាវភ្លាមៗឃាត់ខ្លួនបានជនសង្ស័យ 0២ នាក់នៅភូមិឆ្ចាំង និងបក្ខពួកម្នាក់ទៀតបានគេចខ្លួនទៅកាន់ស្រុកឆ្លូង ខេត្តក្រចេះ សមត្ថកិច្ចខេត្តស្ទឹងត្រែង ខេត្តក្រចេះបានសហការគ្នាឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់បន្ថែមទៀត។ ហើយនៅព្រឹកថ្ងៃទី៣០មេសានេះ សមត្ថកិច្ចបានឃាត់ខ្លួនជនដៃដល់ម្នាក់ទៀត បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងធ្វើការសាកសួរ។
បច្ចុប្បន្នជនដៃដល់ម្នាក់ រួមទាំង បក្សពួក៣នាក់ នឹងវត្ថុតាងដាវសាំរ៉ៃ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការនាព្រឹកថ្ងៃទី៣០មេសានេះ ដើម្បីចាត់ការតាមនីតិវិធី៕