មេដឹកនាំកូរ៉េខាងត្បូងលោក Moon លុបចោលទស្សនកិច្ចទៅតូក្យូ ដោយសម្តី «មិន អាចទទួលយកបាន» របស់អ្នកការទូតជប៉ុន

0
261

ខុទ្ទកាល័យរបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in បានប្រកាសកាលពីថ្ងៃចន្ទថា លោកនឹងមិនធ្វើទស្សនកិច្ចទៅចូលរួមប្រកួតកីឡាអូឡាំពិកនៅក្រុងតូក្យូទេ ហើយលុបចោលផែនការធ្វើកិច្ចប្រជុំកំពូលលើកដំបូង ជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោក Yoshihide Suga។ ការប្រកាសនេះធ្វើឡើង ស្របពេលជា មួយនឹងការចេញផ្សាយសេចក្ដីរាយការណ៍មួយថា មន្ត្រីការទូតជាន់ខ្ពស់ ១រូប នៅស្ថានទូតជប៉ុនប្រចាំក្រុង សេអ៊ូល បាននិយាយថា កិច្ចខិតខំប្រឹងប្រែងរបស់លោក Moon ក្នុងការធ្វើឱ្យទំនាក់ទំនង រវាងប្រទេសទាំង ២ ឱ្យប្រសើរឡើង គឺជាការ «សម្រេចកាមដោយខ្លួនឯង» របស់មេដឹកនាំកូរ៉េខាងត្បូង។ ខុទ្ទកាល័យលោក Moon បាននិយាយថា ពួកគេមាន «ភាពស្ទាក់ស្ទើរ» អំពីដំណើររបស់លោកទៅតូក្យូ បន្ទាប់ពីការអត្ថាធិប្បាយ «មិនអាចទទួលយកបាន» របស់អ្នកការទូតជប៉ុន។ លោក Park Soo-hyun អ្នកនាំពាក្យខុទ្ទកាល័យលោក Moon បាននិយាយថា៖«លោកប្រធានាធិបតី Moon បានសម្រេចចិត្តមិនទៅធ្វើទស្សនកិច្ចនៅប្រទេសជប៉ុន»។ លោកបានបន្ថែមថា ភាគីទាំង២ បានរិះរកវិធីដើម្បីដោះស្រាយជម្លោះ ជុំវិញបញ្ហាប្រវត្តិសាស្ត្រ និងដើម្បី ជំរុញកិច្ចសហប្រតិបត្តិការ ប៉ុន្តែមិនបានសម្រេចលើកិច្ចព្រមព្រៀងណាមួយទេ។ លោក Park បាននិយាយ ថា៖ «ការពិភាក្សាត្រូវបានធ្វើឡើង ប្រកបដោយមេត្រីភាព និងមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ប៉ុន្តែវាមិនអាចចាត់ទុកជាលទ្ធផលនៃកិច្ចប្រជុំកំពូលទេ ហើយយើងបានធ្វើការពិចារណាអំពីកាលៈទេសៈផ្សេងទៀត»។ នាយករដ្ឋមន្ត្រីជប៉ុនលោក Suga បានបដិសេធធ្វើការអត្ថាធិប្បាយ លើការសម្រេចមិនចូលរួមរបស់លោក Moon ប៉ុន្តែលោកបាននិយាយថា សម្ដីរបស់អ្នកការទូត គឺពិតជា «មិនសមរម្យ»។ ការប៉ះទង្គិចចុងក្រោយនេះបានធ្វើឱ្យខូចខាតដល់ទំនាក់ទំនងដ៏ផុយស្រួយ រវាងប្រទេសទាំង២ នេះ ដែលមានជម្លោះលើជុំវិញបញ្ហាទឹកដី និងប្រវត្តិសាស្ត្រសង្គ្រាម ហើយលុបបំបាត់ក្ដីសង្ឃឹមព្រឹត្តិការណ៍អូឡាំពិកអាចផ្ដល់នូវចំណុចចាប់ផ្ដើមថ្មីមួយ សម្រាប់ការស្ដារកិច្ចសហប្រតិបត្តិការទ្វេភាគី និងនៅក្នុងតំបន់៕ Nikkei Asia

LEAVE A REPLY

Please enter your comment!
Please enter your name here