ប្រមុខការពារជាតិអាមេរិកនឹងធ្វើទស្សនកិច្ចនៅអាស៊ាន ដើម្បីស្វែងរកកិច្ចសម្របសម្រួលពីបញ្ហាសមុទ្រចិន

0
52

រដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin នឹងធ្វើដំណើរទៅកាន់ប្រទេសនៅអាស៊ាន មួយចំនួន រួមមាន សិង្ហបុរី វៀតណាម និងហ្វីលីពីន នៅចុងសប្តាហ៍នេះ ខណៈដែលក្រុងវ៉ាស៊ីនតោនស្វែងរកវិធីសាស្រ្តសម្របសម្រួល ជុំវិញវត្តមានក្រុងប៉េកាំងក្នុងសមុទ្រចិនខាងត្បូង។ បើយោងទៅតាមលេខាធិការមន្ទីរបញ្ចកោណលោក John Kirby ដែលបាននិយាយកាលពីថ្ងៃចន្ទ ដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីរូបនេះ នឹងបង្ហាញពីសារៈសំខាន់នៃគោលជំហររបស់រដ្ឋបាលលោក បៃដិន នៅអាស៊ីអាគ្នេយ៍ និងនៅអាស៊ាន ដែលជាផ្នែកសំខាន់មួយនៃស្ថាបត្យកម្មឥណ្ឌូ-ប៉ាស៊ីហ្វិក។ លោកនិយាយថា៖«ដំណើរទស្សនកិច្ចនេះនឹងបញ្ជាក់ ពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះតំបន់នេះ និងចំណាប់អារម្មណ៍របស់យើង ក្នុងការថែរក្សាសណ្តាប់ធ្នាប់អន្តរជាតិ ផ្អែកលើច្បាប់នៅក្នុងតំបន់ និងលើកកម្ពស់តម្លៃនៃអាស៊ាន»។ ប្រទេសចិនដែលកំពុងសម្លឹងមើលពីប្រយោជន៍ ជុំវិញអវត្តមានរបស់ក្រុងវ៉ាស៊ីនតោន ក្នុងអាណត្តិរបស់អតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ បាននិងកំពុងផ្លាស់ប្តូរឥរិយាបថ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជុំវិញទំនាស់ដែនទឹក ដែលខ្លួនអះអាងថា ជារបស់ខ្លួន។ ជាមួយនឹងភាពតានតឹងក្នុងដែនសមុទ្រដែលកំពុងផ្ទុះឡើង ក្រុងប៉េកាំងចង់ពង្រីកវិសាលភាពរបស់ខ្លួនបន្ថែមទៀត។ ប៉ុន្តែដំណើរទស្សនកិច្ចរបស់មន្រ្តីជាន់ខ្ពស់នៃរដ្ឋបាលលោក បៃដិន លើកនេះ ត្រូវបានគេរំពឹងថា នឹងជួយដល់ការសហការជាមួយបណ្តាប្រទេសក្នុងតំបន់ សម្រាប់វិធីសាស្រ្តបង្រួបបង្រួមមួយ ចំពោះគោលនយោបាយចិន។ កងកម្លាំងអាមេរិកនៅហ្វីលីពីន មានភារកិច្ចចម្បងក្នុងប្រតិបត្តិការ ប្រឆាំងភេរវកម្មនៅក្នុងប្រទេសនេះ ប៉ុន្តែមិនមែនជាការទប់ស្កាត់ដ៏មានប្រសិទ្ធភាព ប្រឆាំងនឹងប្រទេស ចិនទេ នៅពេលដែលអ្វីៗកើតឡើងនោះ។ ដូច្នេះ សហរដ្ឋអាមេរិកទំនងជានឹងស្វែងរកការពង្រីកលទ្ធភាពទទួលបានមូលដ្ឋានយោធានៅហ្វីលីពីន សម្រាប់គោលបំណងនេះ។ កាលានុវត្តភាព ឬ កាលៈទេសៈដ៏សមគួរក៏បង្កភាពងាយស្រួល សម្រាប់កិច្ចសហប្រតិបត្តិការ រវាងវៀតណាម និងសហរដ្ឋអាមេរិក ខណៈដែលក្រុងហាណូយកាន់តែប្រយ័ត្នខ្លាំងឡើង ចំពោះក្រុងប៉េកាំង។ ចំណែក សិង្ហបុរី វិញ កងទ័ពជើងទឹកសហរដ្ឋអាមេរិក មានអង្គភាពបញ្ជាការខាងដឹកនាំយុទ្ធសាស្ត្រនៅក្នុងប្រទេសនេះ ហើយបានដាក់ពង្រាយនាវា និងយន្តហោះស៊ើបការណ៍ សម្រាប់ល្បាតសមុទ្រចិនខាងត្បូង៕ AFP

LEAVE A REPLY

Please enter your comment!
Please enter your name here