កិច្ចសហប្រតិបត្តិចិនជាមួយអាមេរិក ក្នុងរឿងអាកាសធាតុ អាស្រ័យលើទំនាក់ទំនងល្អលើគ្រប់វិស័យ រវាងភាគីទាំងពីរ ប្រទេសចិនបានប្រាប់ឲ្យដឹង កាលពីថ្ងៃពុធ ទី២១ ខែកក្កដាថា កិច្ចសហប្រតិបត្តិការរបស់ខ្លួន ជាមួយអាមេរិកនៅក្នុងវិស័យណាមួយ នឹងអាស្រ័យទាំងស្រុងលើទំនាក់ទំនងល្អលើគ្រប់វិស័យ រវាងភាគីទាំងពីរ។

0
24

ចម្លើយរបស់ចិន ចំពោះលោក ចន ឃែរី បានធ្វើឡើងតាមរយៈអ្នកនាំពាក្យក្រសួងការបរទេសចិនលោក ហ្សាវ លីជាំង នៅចំពោះមុខអ្នកកាសែតក្នុងទីក្រុងប៉េកាំង។ លោកថា ចិនត្រៀមខ្លួនរួមសហការស្អិតរមួតជាមួយអាមេរិក តែត្រូវមានលក្ខខណ្ឌមួយ គឺអាមេរិក និងចិនត្រូវតែមានទំនាក់ទំនងល្អជាមួយគ្នា លើគ្រប់វិស័យទាំងអស់។ លោក ហ្សាវ លីជាំង បាននិយាយចំៗ ដោយមិនពង្វាងថា ដើម្បីឲ្យទំនាក់ទំនងទ្វេភាគីអាមេរិក-ចិន មានភាពប្រសើរនៅលើគ្រប់វិស័យ អាមេរិកមិនត្រូវលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ចិន ដើម្បីបំផ្លាញផលប្រយោជន៍ ចិនទេ។ ប្រតិកម្មរបស់ចិននេះបានធ្វើឡើង ក្រោយពីប្រេសិតពិសេសអាមេរិកទទួលបន្ទុកបញ្ហាអាកាសធាតុ លោក ចន ឃែរី បានអំពាវនាវកាលពីថ្ងៃអង្គារ ទី២០ ខែកក្កដា ក្នុងប្រទេសអង់គ្លេសថា ចិនត្រូវតែបង្ហាញភាពជាអ្នកដឹកនាំ នៅចំពោះមុខវិបត្តិអាកាសធាតុ និងកិច្ចសហប្រតិបត្តិការជាមួយអាមេរិក។ លោកបានបញ្ជាក់បន្ថែមថា «គ្មានវិធីណាមួយ ដើម្បីដោះស្រាយវិបត្តិអាកាសធាតុ ដោយគ្មានកិច្ចសហប្រតិបត្តិការទាំងស្រុង និងភាពជាអ្នកដឹកនាំនៃប្រទេសមួយ ដែលជាអ្នកបញ្ចេញឧស្ម័នផ្ទះកញ្ចក់ច្រើនជាងគេក្នុងលោក នាពេលសព្វថ្ងៃទេ»។ យោងតាមលោក ចន ឃែរី ដដែល បើគ្មានការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់គ្រប់គ្រាន់ ពីសំណាក់ចិនទេនោះ គេពិតជាមិនអាចសម្រេចបាននូវគោលដៅក្នុងការកម្រិតសីតុណ្ហភាព មិនឲ្យលើស ពី ១,៥អង្សារ លើភពផែនដីបានឡើយ។ គួរបញ្ជាក់ថា រដ្ឋបាលអាមេរិករបស់ប្រធានាធិបតីលោក ចូ បៃដិន បានបញ្ជាក់ពីការចង់បន្តកិច្ចសហប្រតិបត្តិការ ជាមួយចិន នៅក្នុងសំណុំរឿងប្រឈមក្នុងលោក ដូចជា យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការឡើងកម្តៅលើភពផែនដី ការគ្រប់គ្រងវិបត្តិជំងឺកូវីដ១៩ ឬ ការរំសាយគ្រឿងសព្វាវុធ។ នៅប៉ុន្មានថ្ងៃខាងមុខ លោក បៃដិន នឹងបញ្ជូនអនុរដ្ឋមន្រ្តីការបរទេសលោកស្រី Wendy Sherman ឲ្យទៅបំពេញទស្សនកិច្ចនៅចិន។ ក្រសួងការបរទេសអាមេរិក បានប្រកាសកាលពីថ្ងៃពុធ ទី២១ ខែកក្កដាថា លោកស្រី Wendy នឹងចូលជួបថ្នាក់ដឹកនាំចិន ក្នុងនោះក៏នឹងមានកិច្ចសន្ទនា ជាមួយរដ្ឋមន្រ្តីការបរទេស ចិនលោក វ៉ាង យី ផងដែរ៕ AP

LEAVE A REPLY

Please enter your comment!
Please enter your name here