WHO៖ មេរោគ «ដែលតា» នឹងគ្របដណ្តប់នៅទូទាំងពិភពលោក ក្នុងរយៈពេលប៉ុន្មានខែទៀត

0
30

មេរោគបំប្លែងខ្លួន«ដែលតា» ដែលត្រូវបានគេរកឃើញដំបូង នៅក្នុងប្រទេសឥណ្ឌា នាដំណាច់ឆ្នាំ ២០២០ កំពុងតែរីករាលដាលពាសពេញពិភពលោក។ គិតមកទល់នឹងពេលនេះ មេរោគ«ដែលតា» មានវត្តមាននៅក្នុង ១២៤ ប្រទេស និងដែនដី។ នៅពេលធ្វើបច្ចុប្បន្នភាពកូវីដ១៩ ប្រចាំសប្តាហ៍ អង្គការសុខភាពពិភពលោក បានឲ្យដឹងថា មេរោគ «ដែលតា»អាចប្រជែងយកឈ្នះ ជាមួយមេរោគដទៃទៀត រួមមាន មេរោគបំប្លែងខ្លួនអាល់ហ្វា បេតា និងហ្កាំម៉ា បានយ៉ាងឆាប់រហ័ស ហើយវានឹងក្លាយជាមេរោគដែលធ្វើចរាចរខ្លាំងជាងគេ ទូទាំងពិភពលោក ក្នុងរយៈពេល ប៉ុន្មានខែខាងមុខ។ ឥឡូវនេះ ជាង ៧៥% នៃករណីឆ្លងកូវីដ១៩ នៅក្នុងប្រទេសជាច្រើន សុទ្ធតែបង្កឡើងដោយមេរោគ«ដែលតា»។ ប្រទេសទាំងនោះ រួមមាន អូស្ត្រាលី បង់ក្លាដែបុតស្វាណា អង់គ្លេស ចិន ដាណឺម៉ាក ឥណ្ឌា ឥណ្ឌូណេស៊ី អ៊ីស្រាអែល ព័រទុយហ្កាល់ រុស្ស៊ី សង្ហិបូរី និងអាហ្វ្រិកខាងត្បូង។ យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក មានភ័ស្តុតាងកាន់តែច្រើនបង្ហាញថា មេរោគបំប្លែងខ្លួន«ដែលតា» ចម្លងជំងឺកូវីដ១៩ កាន់តែខ្លាំង ប៉ុន្តែថា តើវាអាចចម្លងមេរោគបាន លឿនរហ័ស និងខ្លាំង បានដូចម្តេចនោះ គេនៅទាន់យល់ច្បាស់នោះទេ។ រយៈពេលជាង ១៨ខែ ចាប់តាំង ផ្ទុះឡើងដំបូងនៅចិន ជំងឺកូវីដ១៩ នៅបន្តធ្វើចរាចរគួរឲ្យបារម្ភក្នុងពិភពលោកដដែល។ ជាក់ស្តែង នាពេលថ្មីៗនេះ ករណីឆ្លងកូវីដ១៩បង្កឡើងដោយមេរោគ«ដែលតា» បានចាប់រីករាលដាលនៅក្នុងបណ្តាប្រទេសជាច្រើន រួមទាំង ប្រទេសដែលបានចាក់វ៉ាក់សាំងជូនប្រជាជនបានច្រើនហើយក៏ដោយ។ មូលហេតុនេះ ធ្វើឲ្យគេប៉ាន់ប្រមាណថា ចំនួនករណីឆ្លងកូវីដ១៩ នៅទូទាំងពិភពលោក អាចនឹងកើនលើស ២០០ លាននាក់ ក្នុងរយៈពេល ៣សប្តាហ៍ខាងមុខ។ អង្គការសុខភាពពិភពលោក បាននិយាយថា ករណីឆ្លងកូវីដ១៩ បានកើនឡើងមកវិញខ្លាំង ទំនងជាបណ្តាលមកពីកត្តាសំខាន់ៗចំនួន៤ រួមមាន៖ មេរោគបំប្លែងខ្លួនដែលឆ្លងខ្លាំង និងលឿនរហ័ស ការបន្ធូរបន្ធយវិធានការសុខភាពសាធារណៈ ការប្រមូលផ្តុំគ្នារបស់ប្រជាជន លែងគោរព តាមគោលការណ៍សុវត្ថិភាព និងចុងក្រោយគេ គឺប្រជាជនដែលនៅមិនទាន់បានចាក់វ៉ាក់សាំងបង្ការកូវីដ១៩ នៅតែមានចំនួនច្រើននៅឡើយ៕ AFP

 

LEAVE A REPLY

Please enter your comment!
Please enter your name here