ព្រះសង្ឃ សាសនិកអ៊ិស្លាម និងសាសនិកគ្រិស្តចំនួន៤៤៥អង្គ/នាក់ បានឆ្លងជំងឺកូវីដ-១៩

0
286

ភ្នំពេញ៖ ព្រះសង្ឃ សាសនិកអ៊ិស្លាម និងសាសនិកគ្រិស្តចំនួន៤៤៥អង្គ និងនាក់ហើយ បានឆ្លងជំងឺកូវីដ១៩ គិតត្រឹមថ្ងៃទី២២ កក្កដានេះ។ ក្នុងនោះមាន១២៤អង្គ និងនាក់បានជាសះស្បើយ នេះបើតាមលោក សេង សុមុនី រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងធម្មការ និងសាសនា។

ថ្លែងប្រាប់អ្នកសារព័ត៌មានថ្មីៗ លោក សេង សុមុនី បានបញ្ជាក់តួលេខថា ព្រះសង្ឃ២៣៩អង្គ  សាសនិកអ៊ិស្លាម ២០៣នាក់ និងសាសនិកគ្រិស្ត៣នាក់ បានឆ្លងជំងឺកូវីដ១៩។ ក្នុងចំណោមនេះ មានព្រះសង្ឃ៦៦អង្គ សាសនិកអ៊ិស្លាម៦២នាក់ ជាសះស្បើយ ខណៈព្រះសង្ឃ២អង្គសុគត និងសាសនិកអ៊ិស្លាម៦នាក់ស្លាប់។ 

 

លោក សេង សុមុនី បានបញ្ជាក់ថា ក្រោយពីជំងឺកូវីដ១៩ឆ្លងរាលដាលចូលវត្តភ្លាម វត្តនីមួយៗក៏បានអនុវត្តវិធានការបិទខ្ទប់ និងធ្វើចត្តាឡីស័កចំពោះព្រះសង្ឃ និងអ្នកពាក់ព័ន្ធដែលប៉ះផ្ទាល់ និងប្រយោលជាមួយអ្នកជំងឺ។ 

 

រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានបញ្ជាក់ដូច្នេះ៖ «វត្តណាដែលមានផលប៉ះពាល់ដោយសារកូវីដ១៩លោកបិទរបង បិទទ្វារ និងបិទកុដិ។ ហើយយើងទុកកុដិណាដែលមិនប៉ះពាល់ គឺទុកឲ្យលោកចរាចរធម្មតា។ បើសិនជាយកចង្ហាន់នៅក្រៅ គឺត្រូវបាញ់អាល់កុល ដើម្បីប្រគេនព្រះសង្ឃយកទៅឆាន់»  

 

លោករដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានអំពាវនាវដល់វត្តនីមួយៗ អនុវត្ត៣ការពារ និង៣កុំ ដើម្បីជាអាវក្រោះការពារជំងឺកូវីដ១៩។

 

បើតាមលោក សេង សុមុនី ជំងឺកូវីដ១៩បានរាលដាលឆ្លងដល់វត្តជាច្រើន ដែលស្ថិតនៅ៧ រាជធានីខេត្ត។ នៅរាជធានីភ្នំពេញ មានព្រះសង្ឃ១៣៤អង្គ បានឆ្លងជំងឺកូវីដ១៩ ជាសះស្បើយ៦៥អង្គ និងសុគត១អង្គ។ កណ្តាលមាន១អង្គ តែជាសះស្បើយហើយ។ កំពតមាន១០អង្គ ដែលកំពុងគង់សម្រាកព្យាបាល។ ត្បូងឃ្មុំមាន៨៨អង្គ ដែលកំពុងគង់សម្រាកព្យាបាល ក្នុងនោះក៏មានតាជី និងដូនជី៤នាក់ដែរ។ ព្រៃវែងមាន៤អង្គ និងសុគត១អង្គ។ ស្វាយរៀង និងកំពង់ចាមមាន១អង្គដូចគ្នា ដែលកំពុងគង់សម្រាកព្យាបាល។ 

 

ចំពោះជំងឺកូវីដ១៩ក៏បានឆ្លងដល់ សាសនិកអ៊ិស្លាម និងគ្រិស្ត នៅ៨ខេត្ត សរុបចំនួន២០៦នាក់។ ខេត្តកណ្តាលមានសាសនិកអ៊ិស្លាម២៦នាក់ ជាសះស្បើយ១នាក់ និងស្លាប់៣នាក់។ ខេត្តកំពតមានសាសនិកអ៊ិស្លាម២១នាក់ និងសាសនិកគ្រិស្ត៣នាក់។ខេត្តរតនគិរី មានសាសនិក២នាក់  និងជា១នាក់។ ព្រះវិហារមានសាសនិកអ៊ិស្លាម១២នាក់ ជា៤នាក់ និងស្លាប់១នាក់។ 

 

រីខេត្តកោះកុងមានសាសនិកអ៊ិស្លាម៥៣នាក់ ជា៣០នាក់ និងស្លាប់១នាក់។ មណ្ឌលគីរីមានសាសនិកអ៊ិស្លាម១៧នាក់។ ត្បូងឃុំមានសាសនិកអ៊ិស្លាម៧០នាក់ ជា៥នាក់ និងស្លាប់១នាក់។ ចំណែកកំពង់ចាមមានសាសនិកអ៊ិស្លាម២នាក់ ដែលកំពុងសម្រាកព្យាបាល។

 

មកទល់ពេលនេះ កម្ពុជាមានអ្នកឆ្លងកូវីដ១៩ សរុប ៦៩,៦០៨នាក់ ក្នុងនោះ៧,២២៤នាក់ ជាករណីនាំចូល។ អ្នកជាសះស្បើយមាន៦១,៧៧៩ នាក់ និងស្លាប់សរុប១,១៦៨នាក់៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here