តើគោលបំណងលុបបំបាត់ភាពក្រីក្រសកល នៅឆ្នាំ២០៣០ ត្រូវរលាយដោយសារកូវីដ១៩?

0
188

ផ្អែកតាមអង្គការសហប្រជាជាតិ អត្រានៃភាពក្រីក្រសកលពីមុនវិបត្តិកូវីដ១៩ បានធ្លាក់ចុះជាងពាក់កណ្តាល ចាប់តាំងពីឆ្នាំ២០០០។ ប៉ុន្តែជំងឺរាតត្បាតសកលកូវីដ១៩ បានបណ្តាលឲ្យភាពក្រីក្រនៅទូទាំងពិភពលោកកើនឡើងមកវិញ ដល់ទៅ កន្លះលាននាក់ ឬ ស្មើប្រហែល ៨ភាគរយនៃចំនួនប្រជាជនសរុប។ យោងតាមធនាគារពិភពលោក បច្ចុប្បន្ននេះ វាជាលើកដំបូងក្នុងរយៈពេលជាង ២០ឆ្នាំមកនេះ ដែលអត្រានៃភាពក្រីក្របំផុតនៅលើសកលលោក បានកើនឡើងក្នុងឆ្នាំ២០២០ ដោយសារការរំខាននៃជំងឺរាតត្បាតកូវីដ១៩ រួមបញ្ចូលបញ្ហាជម្លោះនានា និងការផ្លាស់ប្តូរអាកាសធាតុផងដែរ។ ប្រជាជនប្រមាណ ១២០លាននាក់បន្ថែមទៀតកំពុងរស់នៅក្នុងភាពក្រីក្រ ដែលជាលទ្ធផលនៃជំងឺរាតត្បាតនេះ។ គេរំពឹងថា អត្រានៃភាពក្រីក្រនឹងកើនឡើងដល់ប្រហែល ១៥០លាននាក់ នៅចុងឆ្នាំ២០២១។ យោងទៅតាមកាសែត The Financial Times មនុស្សរាប់លាននាក់កំពុងប្រឈមនឹងការធ្លាក់ខ្លួនចូលក្នុងភាពក្រីក្រសារជាថ្មី ដោយសាររោគរាតត្បាតកូវីដ ១៩ ដែលបានធ្វើឱ្យជីវិតមនុស្សប្រឈមបញ្ហានានា ដូចជា ការថយចុះសកម្មភាពទំនាក់ទំនងសង្គម អំពើហិង្សាក្នុងគ្រួសារ បញ្ហាហិរញ្ញវត្ថុ បញ្ហាសុខភាពផ្លូវចិត្ត និងការកើនឡើងនូវភាពក្រីក្រ និងវិសមភាពផងដែរ។កាលពីមួយឆ្នាំមុន ផ្អែកលើការប៉ាន់ស្មានរបស់សន្ទស្សន៍ភាពក្រីក្រសកលរបស់សាកលវិទ្យាល័យ Oxford មានប្រជាជនពី ១៣១ ទៅ ៥៤៧ លាននាក់នៅទូទាំងពិភពលោក អាចធ្លាក់ចូលក្នុងភាពក្រីក្រសារជាថ្មី ហើយអាចធ្វើឱ្យសមិទ្ធផលសម្រេចបានលើការកាត់បន្ថយភាពក្រីក្រកន្លងមក ក្លាយជាអសារ។ និយមន័យនៃភាពក្រីក្រនេះ សំដៅដល់គ្រួសារមួយដែលជួបប្រទះនឹងការខ្វះខាតជាច្រើន ដូចជា កង្វះអាហារូបត្ថម្ភ មរណភាពកុមារ កង្វះការសិក្សា កង្វះអនាម័យ កង្វះទឹក កង្វះអគ្គិសនី ផ្ទះសម្បែងខូចខាត ជាដើម។ ប្រទេសដែលមានប្រាក់ចំណូលមធ្យម ដូចជា ឥណ្ឌា និងនីហ្សេរីយ៉ានឹងរងផលប៉ះពាល់ខ្លាំង។ បច្ចុប្បន្ន ប្រទេសដែលមានប្រាក់ចំណូលមធ្យម មានប្រជាជនក្រីក្រចំនួន ៨២%នៃប្រជាជនក្រីក្រសរុបទូទាំងពិភពលោក។ការសិក្សាស្រាវជ្រាវថ្មី ប៉ាន់ប្រមាណថា ការប្រែប្រួលអាកាសធាតុនឹងជំរុញឱ្យមានប្រជាជន ៦៨ លាននាក់ ទៅ ១៣២ លាននាក់ ធ្លាក់ចូលក្នុងភាពក្រីក្រ នៅឆ្នាំ២០៣០។ ការប្រែប្រួលអាកាសធាតុ គឺជាការគំរាមកំហែងយ៉ាងខ្លាំង ជាពិសេស សម្រាប់បណ្តាប្រទេសនៅអនុតំបន់សាហារ៉ា អាហ្រ្វិក និងអាស៊ីខាងត្បូង ដែលជាតំបន់មានប្រជាជនក្រីក្រភាគច្រើននៅលើពិភពលោក។ ចំនួនពលរដ្ឋក្រីក្រដ៏ច្រើន នៅក្នុងប្រទេសមួយចំនួនកំពុងរស់នៅក្នុងតំបន់ដែលរងផលប៉ះពាល់ពីជម្លោះនានា និងប្រឈមនឹងគ្រោះទឹកជំនន់ ជាឧទាហរណ៍ប្រទេសនេប៉ាល់ កាមេរូន លីបេរីយ៉ា និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល។ ការស្រាវជ្រាវចុងក្រោយ បានបង្ហាញថា ផលប៉ះពាល់នៃវិបត្ដិកូវីដ១៩ នាពេលបច្ចុប្បន្នមានស្ទើរតែគ្រប់ប្រទេស រហូតដល់ឆ្នាំ២០៣០។ ស្ថិតក្រោមលក្ខខណ្ឌទាំងនេះ គោលដៅនៃគោលបំណងកាត់បន្ថយភាពក្រីក្រសកល ឱ្យមកតិចជាង ៣%នៅឆ្នាំ២០៣០ ទំនងមិនអាចទៅរួចទេ ព្រោះថាគោលបំណងនេះ ហាក់ប្រឈមបញ្ហាសម្រេចបានស្រេចស្រាប់តាំងពីមុនមានវិបត្តិកូវីដ១៩ មកម៉្លេះ៕ AFP

 

LEAVE A REPLY

Please enter your comment!
Please enter your name here