អាជីវករលក់ជ្រូកកណ្ដុរថា ទីផ្សារបញ្ជាទិញមានការធ្លាក់ចុះនៅអំឡុងពេលកូវីដ១៩ រាលដាលខ្លាំង

0
120

មណ្ឌលគិរី ៖ ជ្រូកកណ្ដុរដែលគេស្គាល់ថា ជាពូជជ្រូករបស់ជនជាតិដើមភាគតិចចិញ្ចឹម កំពុងទទួល​បានការពេញនិយមយកទៅទទួលទានជាខ្លាំង ខណៈដែលខេត្តមណ្ឌលគិរី បានទាក់ទាញអ្នកឲ្យទេសចរមកកម្សាន្តច្រើន ហើយពួកគាត់ បានសាកនូវរសជាតិជ្រូកកណ្ដុរ ដែលធ្វើឲ្យជាប់ចិត្តមានការបញ្ជាទិញទៅរាជធានីភ្នំពេញជារៀងរាល់ថ្ងៃ ។

ទោះជាយ៉ាងនេះក្ដី បន្ទាប់ពីជំងឺកូវីដ១៩ បានផ្ទុះរាលដាលខ្លាំង ក្នុងនោះខេត្តមណ្ឌលគិរី ក៏បានរង​ទទួលនូវផលប៉ះពាល់នេះ ដែលធ្វើឲ្យជ្រូកកណ្ដុរដែលពេញនិយម និងល្បីថា ឈ្ងុយឆ្ងាញ់ខ្លាំងនោះ មិនសូវមានអ្នកបញ្ជាច្រើនដូចមុននោះទេ ប៉ុន្តែមិនមែនបាត់បង់ទីផ្សារទាំងស្រុងដែរ ដោយនៅតែ​មានការបញ្ជាទិញជ្រូកប្រភេទនេះ ពីរាជធានីភ្នំពេញចន្លោះ ពី០៤ទៅ០៥ក្បាល ក្នុងមួយថ្ងៃ ។

លោក ចាន់ ម៉ារី ជាអាជីវករលក់ និងទទួលខ្វៃជ្រូកនៅក្រុងសែនមនោរម្យ បានឲ្យដឹងថា បច្ចុប្បន្ន​ជ្រូកកណ្ដុរអាច លក់ចេញក្នុង១ថ្ងៃ ចន្លោះ០២ក្បាល០៤ទៅក្បាល ដោយកាលពីមុនអាចលក់​បាន​០៨ក្បាលទៅ១០ក្បាលឯណោះ​ ភាគច្រើនអ្នកភ្នំពេញបញ្ជាទិញ ទីផ្សារក្នុងខេត្តមានតិចតួចជាង ។ លោកបន្ដថា ឥឡូវនេះមានជ្រូកមួយប្រភេទទៀតគឺពេញនិយមជាងជ្រូកកណ្ដុរទៅទៀត នោះគឺជ្រូកព្រៃ​កាត់ជ្រូកកណ្ដុរ ​ដោយវាមានទំហំខ្លួនធំជាងបន្តិច និងមានសាច់ច្រើនជាង ។លោកបន្តថា បើគិតតែជ្រូកកណ្ដុរ និងជ្រូកព្រៃកាត់កណ្ដុរ នៅផ្ទះលោកមានប្រមាណ៤០ក្បាល ហើយចំពោះតម្លៃវិញគឺមួយក្បាលតម្លៃ៥០ម៉ឺនរៀល ទៅ៧០ម៉ឺនរៀល តាមធំ ឬតូច ដោយនេះ​ជតម្លៃខ្វៃរួច ។

លោក ចាន់ ម៉ារី បន្ថែមថា លោកកំពុងពង្រីកការចិញ្ចឹមជូ្រកប្រភេទកម្រទាំងនោះបន្ថែមទៀត ដើម្បីផ្គត់ផ្គង់ទីផ្សារ ហើយសព្វថ្ងៃក្រៅពីជ្រូកពូជទាំងនេះ មានសត្វគោជនជាតិ ដែលហៅថា​គោ​កណ្ដុរដែរនោះ ក៏កំពុងមានទីផ្សារល្អ​ ប្រភេទ គោនេះ មិនសូវធំប៉ុន្មានទេ ហើយពេញនិយមណាស់​ សម្រាប់ប្រជាពលរដ្ឋនៅខេត្តមណ្ឌលគិរី ទិញយកទៅពិសារក្នុងពិធី ជប់លាងផ្សេងៗ ។

សម្រាប់ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី លោក សុង ឃាង បានថ្លែងថា ​ជ្រូកកណ្ដុរ ឬជ្រូក ព្រៃកាត់ជ្រូកកណ្ដុរនេះ កំពុងមានការពេញនិយមណាស់​ដោយ​អ្នក​ទេសចរចូលចិត្តទិញយកទៅពិសារ ប៉ុន្តែខេត្តមណ្ឌលគិរី មិនទាន់មានការចិញ្ចឹម​ខ្នាតជាកសិដ្ឋាននៅឡើយទេ មានត្រឹមលក្ខណៈគ្រួសារ ប្រហែល១០គ្រួសារ ក្នុង០១គ្រួសារចិញ្ចឹម ចន្លោះ២០ទៅ៣០ក្បាល ៕

LEAVE A REPLY

Please enter your comment!
Please enter your name here