ទូតផុតអាណត្តិវៀតណាម៖«កម្ពុជា ជាចំណែកមួយនៃបេះដូងរបស់ខ្ញុំ»

0
92

លោក វូ ក្វាង មិញ ចាត់ទុកអាណត្តិជាឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា ថាជាពេលវេលាល្អបំផុត សម្រាប់បុព្វហេតុការទូត ក៏ដូចជាដំណើរជីវិតរបស់លោក ដែលលោក មិនអាចបំភ្លេចបាន។ លោក មានប្រសាសន៍ថា៖«ប្រទេសកម្ពុជា បានក្លាយជាចំណែកមួយនៃបេះដូងរបស់ខ្ញុំ ហើយទោះបីនៅទីកន្លែងណាក៏ដោយ ឬបំពេញការងារអ្វីក៏ដោយនាពេលខាងមុខនេះ ខ្ញុំ នឹងបន្តចូលរួមចំណែកដ៏តូចតាចរបស់ខ្ញុំ ដើម្បីពង្រឹងពង្រីកចំណងមិត្តភាពសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការក្នុងភាពជាអ្នកជិតខាងដ៏ល្អរវាងប្រជាជននៃប្រទេសវៀតណាមនិងកម្ពុជា»។

អ្វីដែលធ្វើឲ្យលោក វូ ក្វាង មិញ រឹតតែរំភើបនោះ គឺដល់ពេលដែលលោក ទៀបនឹងផុតអាណត្តិជាឯកអគ្គរដ្ឋទូតទៅហើយ លោក ក៏បានឃើញព្រឹត្តិការណ៍នៃការផ្តល់ជំនួយជាថវិកានិងសម្ភារផ្សេងៗរបស់កម្ពុជា ដល់វៀតណាម ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នៅវៀតណាម។ មិនមែនតែរដ្ឋាភិបាលកម្ពុជាទេ ដែលផ្តល់ជំនួយប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដល់រដ្ឋាភិបាលវៀតណាម កាកបាទក្រហមកម្ពុជា ក៏ផ្តល់ជំនួយដល់កាកបាទក្រហមវៀតណាមដែរ។

លោក ហៅព្រឹត្តិការណ៍ចុងក្រោយនេះ ដែលលោកបានឃើញក្នុងឋានៈជាឯកអគ្គរដ្ឋទូត ថាជាព្រឹត្តិការណ៍ដ៏សំខាន់និងគួរឲ្យចងចាំ។ សម្រាប់លោក ការដែលកម្ពុជា ផ្តល់ជំនួយដល់វៀតណាម ទាំងដែលកម្ពុជា ក៏កំពុងជួបការលំបាកដោយសារជំងឺកូវីដ-១៩ដែរនោះ គឺជាការបង្ហាញពីសាមគ្គីភាពដ៏ជិតស្និទ្ធ ក្នុងភាពជាអ្នកភូមិផងរបងជាមួយគ្នា ដែលចេះស្រឡាញ់រាប់អានគ្នាជាបងប្អូន និងចេះជួយគ្នាទៅវិញទៅមកក្នុងគ្រាមានគ្រោះអាសន្ន។

លោក ប្រាប់ប្រជាជនកម្ពុជាថា៖«សម្រាប់រូបខ្ញុំផ្ទាល់ គឺគ្មានទីបញ្ចប់ណាមួយនោះ ដែលមានអត្ថន័យជ្រាលជ្រៅជាងនេះទៀតទេ ចំពោះអាណត្តិជាឯកអគ្គរដ្ឋទូតប្រចាំព្រះរាជាណាចក្រកម្ពុជា ខណៈពេលដែលចំថ្ងៃចុងក្រោយនៃបេសកកម្មការទូតនេះ បានមើលឃើញដោយផ្ទាល់ភ្នែកនូវប្រជាជននៃប្រទេសទាំងពីរ ជួយគ្នាទៅវិញទៅមកក្នុងគ្រាមានគ្រោះអាសន្ន ក្នុងស្មារតីស្លឹកឈើល្អរុំស្លឹកឈើរហែក»។

លោកឯកអគ្គរដ្ឋទូតផុតអាណត្តិរូបនេះ បានអរព្រះគុណដល់ព្រះមហាក្សត្រ ព្រះមហាក្សត្រី រាជវង្សានុវង្ស និងអរគុណដល់មេដឹកនាំកម្ពុជា រួមទាំងមន្រ្តីកម្ពុជាគ្រប់លំដាប់ថ្នាក់ ដែលគាំទ្រ លើកទឹកចិត្ត និង ផ្តល់កិច្ចសហការ ដើម្បីជួយឲ្យលោកបំពេញការងារបានល្អ។ លោក ហៅកម្ពុជា ថាជាទឹកដីដ៏ស្រស់ស្អាត។

លោក វូ ក្វាង មិញ បានធ្វើជាឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា នៅឆ្នាំ២០១៨។ មកដល់ពេលនេះ មិនទាន់មានព័ត៌មាន ដែលរដ្ឋាភិបាលវៀតណាម តែងតាំងបេក្ខជនថ្មី សម្រាប់តំណែងជាឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជាជំនួសលោក វូ ក្វាយ មិញ នោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here