លោក Pacquiao ត្រូវបានទម្លាក់ចេញពីតំណែង ប្រធានគណបក្សកាន់អំណាចហ្វីលីពីន

0
104

លោក Manny Pacquiao ជាកីឡាករប្រដាល់ដ៏ល្បីឈ្មោះ ត្រូវបានគេទម្លាក់ចេញពីតំណែងប្រធានគណបក្សប្រជាធិបតេយ្យហ្វីលីពីណូឡាបាន (PDP-Laban) ដែលជាគណបក្សកំពុងកាន់អំណាច នៅក្នុងប្រទេសហ្វីលីពីន អំឡុងមហាសន្និបាតគណបក្សថ្នាក់ជាតិ កាលពីថ្ងៃសៅរ៍កន្លងទៅ។ នៅក្នុងគណបក្សនេះ មាន ២ក្រុមធំៗគឺ ១ ក្រុមរបស់លោក Pacquiao និងសមាជិកព្រឹទ្ធសភាលោក Koko Pimentel និង ២ ក្រុមរបស់លោក Alfonso Cusi ជារដ្ឋមន្ត្រីក្រសួងថាមពល និងជាអនុប្រធានក្រុមប្រឹក្សាភិបាលគណបក្ស។ លោក Pimentel ជាកូនប្រុសរបស់ស្ថាបនិកគណបក្ស ហើយក្រុមរបស់លោកត្រូវបានគេហៅថា «សមាជិកដើម» ខណៈក្រុមរបស់លោក Cusi វិញ ជាក្រុមរបស់លោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte។ ក្រុមទាំង២ មានភាពមិនចុះសម្រុងគ្នាយ៉ាងខ្លាំង លើការជ្រើសរើសបេក្ខជនប្រធានាធិបតី សម្រាប់ឈរឈ្មោះក្នុងការបោះឆ្នោតឆ្នាំ២០២២។ កាលពីថ្ងៃសៅរ៍ ក្រុមដែលដឹកនាំដោយលោក Cusi បានប្រជុំគ្នាជាមហាសន្និបាតគណបក្សថ្នាក់ជាតិ ហើយបានព្រមព្រៀងគ្នាក្នុងការដាក់តំណែងមន្ត្រីថ្នាក់ជាតិរបស់គណបក្សចំនួន ១៦ កន្លែងឱ្យនៅទំនេរ រួមទាំងតំណែងប្រធានគណបក្សរបស់លោក Pacquiao ផងដែរ។ តំណែងជាប្រធានគណបក្សនេះ ត្រូវបានជំនួសមកវិញ ដោយលោក Alfonso Cusi តាមរយៈការបោះឆ្នោត នៅក្នុងថ្ងៃដដែល។ ប្រធានាធិបតីហ្វីលីពីនរូបនេះ បានហៅក្រុមរបស់លោក Pacquiao ថា«ដើរខុសគន្លងគណបក្ស» ដែលគណបក្សនេះ មានបេសកកម្មក្នុងការលើកកម្ពស់គុណភាពជីវិតប្រជាជនហ្វីលីពីន ជាពិសេសអំឡុងពេលវិបត្តិជំងឺកូវីដ១៩នេះ។ លោកបានបន្ថែមថា «លោក Pacquiao គ្មានដឹងស្អីទេ ដោយធ្វើតែតាមគេបញ្ជាប៉ុណ្ណោះ»។ លោកសំដៅលើសមាជិកព្រឹទ្ធសភាលោក Pimentel ជាអ្នកនៅពីក្រោយអ្វីគ្រប់យ៉ាង។ នៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ដែលប្រព្រឹត្តក្នុងពេលតំណាលគ្នានឹងមហាសន្និបាតថ្នាក់ជាតិរបស់គណបក្ស PDP-Laban លោក Pimentel ព្រមទាំងក្រុមសមាជិកដើម បានហៅមហាសន្និបាតនេះថា ជាមហាសន្និបាតខុសច្បាប់ ហើយសេចក្ដីសម្រេចក្នុងមហាសន្និបាតនេះ មិនចូលជាធរមានឡើយ។ ចំណែកឯលោក Pacquiao វិញ បានវាយប្រហារទៅកាន់លោក Cusi ថា យករឿងនយោបាយមកធ្វើជារឿង ខណៈវីរុសបំប្លែងថ្មីកំពុងតែឆ្លងរាលដាលពេញហ្វីលីពីន។ ក្រុមរបស់លោក Cusi គាំទ្រកូនស្រីលោក Duterte លោកស្រី Sarah Duterte-Carpio ជាបេក្ខជនប្រធានាធិបតី សម្រាប់ការបោះឆ្នោតឆ្នាំ២០២២ ខណៈលោកស្រីមិនមែនជាសមាជិកគណបក្ស PDP-Laban នោះទេ។ លោកស្រី Duterte-Carpio នៅពេលនេះ កំពុងកាន់តំណែងជាអភិបាលក្រុង Davao ដែលជាតំណែងចាស់របស់លោក Duterte មុននឹងក្លាយជាប្រធានាធិបតី កាលពីឆ្នាំ២០១៦ កន្លងទៅ។ លោក Pacquiao នៅពេលនេះ កំពុងកាន់តំណែងជាសមាជិកព្រឹទ្ធសភានៃប្រទេសហ្វីលីពីន។ លោក Pacquiao ត្រូវបានគេមើលឃើញថា មានបំណងឈរឈ្មោះជាប្រធានាធិបតី សម្រាប់ការបោះឆ្នោតឆ្នាំក្រោយ។ មកទល់ពេលនេះ លោកមិនទាន់ប្រកាសជាផ្លូវ ការនៅឡើយទេ ខណៈបេក្ខភាពប្រធានាធិបតី សម្រាប់ការបោះឆ្នោត ខែឧសភា ឆ្នាំ២០២២ នឹងប្រកាសជាផ្លូវការ នៅខែតុលាខាងមុខ។ យោងតាមការស្ទង់មតិរបស់ក្រុមហ៊ុន Pulse Asia បានឱ្យដឹងថា កូនស្រី របស់លោក Duterte នាំមុខ សម្រាប់ការបោះឆ្នោតឆ្នាំក្រោយ ចំណែកឯលោក Pacquiao វិញ ស្ថិតក្នុងចំណាត់ថ្នាក់លេខ ៥ ឯណោះ៕ AFP

LEAVE A REPLY

Please enter your comment!
Please enter your name here