សន្និសីទអន្តរជាតិ ស្តីពីជំងឺអេដស៍ បានបើកធ្វើនៅក្នុងបរិបទដែលពិភពលោកកំពុងបន្តញាំញីដោយជំងឺកូវីដ១៩

0
122

សន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី២៤ ស្តីពីជំងឺអេដស៍ បានបើកធ្វើរយៈពេល ៤ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃ អាទិត្យ ទី១៨ ដល់ថ្ងៃពុធ ទី២១ ខែកក្កដា។ វិបត្តិកូវីដ១៩ បានបង្ខំឲ្យការរៀបចំសន្និសីទឆ្នាំនេះធ្វើឡើង តាមអនឡាញ ពោល មិនមែនរៀបចំផ្ទាល់នៅក្នុងទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ដូចដែលបានគ្រោងទុកទេ។ ក៏ដូចជារៀងរាល់ឆ្នាំដែរ សន្និសីទអន្តរជាតិ ស្តីពី ជំងឺអេដស៍ ជាឱកាសដ៏សំខាន់មួយ ដើម្បីធ្វើបទបង្ហាញ និងធ្វើអត្ថាធិប្បាយលើស្ថានភាពរបស់ជំងឺអេសដ៍ រួមទាំងលទ្ធផលចម្រើនទៅមុខ ក្នុងផ្នែកស្រាវជ្រាវ ប្រយុទ្ធប្រឆាំងនឹងជំងឺកាចសាហាវមួយនេះ។ ក្រោយពីបានលេចរូបរាង ៤០ឆ្នាំមក ជំងឺអេដស៍កំពុងបន្តមានវត្តមាន កំពុងបន្តឆ្លង និងកំពុងបន្តលេបត្របាក់ជីវិតមនុស្សជារៀងរាល់ថ្ងៃ។ បើយោងតាមរបាយការណ៍ ចុងក្រោយរបស់អូនុយស៊ីដា មានមនុស្សចំនួន ៤០លាននាក់ កំពុងមានផ្ទុកមេរោគអេដស៍ក្នុងខ្លួន ក្នុងឆ្នាំ ២០២០ និងបានផ្តាច់ជីវិតមនុស្សជិត ៧០០ ០០០នាក់។ អ្វីដែលគួរឲ្យសោកស្តាយនៅ ៤០ឆ្នាំក្រោយមក ពិភពលោកបន្តគ្មានវ៉ាក់សាំង ដើម្បីបង្ការ និងបន្តគ្មានថ្នាំព្យាបាលជំងឺអេដស៍ឲ្យបានជាសះស្បើយដាច់ស្រឡះទេ គឺមានតែថ្នាំគ្រាប់ Antirétroviraux ឬ ហៅថ្នាំពន្យារជីវិត។ តែតាំងពីប៉ុន្មានឆ្នាំកន្លងទៅ ការប្រយុទ្ធប្រឆាំង នឹងជំងឺកាចសាហាវមួយនេះ ហាក់នៅទ្រឹងមួយកន្លែង ហើយវឌ្ឍនភាពក៏ហាក់យឺតជាងការរំពឹងទុក។ លោក Yazdan Yazdanpanah វេជ្ជបណ្ឌិតបារាំងផ្នែកជំងឺឆ្លង បានមើលឃើញថា កូវីដ១៩ បានបង្អាក់ការធ្វើរោគវិនិច្ឆ័យ និងការទទួលពិនិត្យអ្នកជំងឺអេដស៍។ លោកវេជ្ជបណ្ឌិត បានបន្ថែមថា ការធ្វើរោគវិនិច្ឆ័យយឺតពេល បង្កផលវិបាកដល់អ្នកជំងឺ និងដល់សង្គម ព្រោះការឲ្យថ្នាំក៏មានភាពយឺតយ៉ាវ ហើយអ្នកជំងឺក៏អាចចម្លងមេរោគទៅអ្នកផ្សេងដែរ។ ទន្ទឹមគ្នានេះ កូវីដ១៩ ក៏បានបង្ខំឲ្យពិភពលោកទុកចោលមួយអន្លើ លើជំងឺឆ្លងផ្សេងទៀត ដូចយ៉ាងជំងឺអេដស៍ជាដើម ដោយសារតែភាពខ្នះខ្នែងទ្រង់ទ្រាយធំ ក្នុងការប្រមូល និងការ បង្វែរថវិកា រួមទាំងយុទ្ធនាការចាក់វ៉ាក់សាំង ដើម្បីប្រឆាំងទប់នឹងការឆ្លងរាលដាលនៃជំងឺកូវីដ១៩។ លោកស្រី Winnie Byanyima នាយិកាប្រតិបត្តិនៃអង្គការអូនុយស៊ីដា បានលើកឡើងពីវិសមភាពក្នុងការចែកចាយវ៉ាក់សាំងបង្ការកូវីដ១៩ ដែលស្រដៀងគ្នានឹងវិសមភាព ក្នុងការចែកចាយថ្នាំពន្យារជីវិត សម្រាប់អ្នកជំងឺអេដស៍ថា៖«យើងមានមេរៀនពីជំងឺអេដស៍ហើយ នៅពេលដែលមានអ្នកជំងឺអេដស៍ជាច្រើនលាននាក់ មិនបានទទួលថ្នាំពន្យារជីវិត ពួកគេបានស្លាប់ ដោយសារតែវិសមភាពក្នុងការទទួលបានថ្នាំពន្យារជីវិតនេះ ឯង»៕ AP

LEAVE A REPLY

Please enter your comment!
Please enter your name here