សហរដ្ឋអាមេរិកចោទប្រកាន់អ៊ីរ៉ង់ថា  បានព្យាយាមបង្វែរការបន្ទោសចំពោះភាព ជាប់គាំងការចរចានុយក្លេអ៊ែរ

0
51

រដ្ឋបាលលោក បៃដិន កាលពីថ្ងៃសៅរ៍ ទី១៧ ខែកក្កដា បានចោទប្រកាន់ក្រុងតេអេរ៉ង់ ពីការព្យាយាមបង្វែរការស្តីបន្ទោស ចំពោះភាពជាប់គាំងនៅក្នុងកិច្ចចរចានុយក្លេអ៊ែរអ៊ីរ៉ង់ និងបានបដិសេធថា មិនមានកិច្ចព្រមព្រៀងក្នុងការដោះដូរអ្នកទោសទេ។ ប្រធានអ្នកចរចានុយក្លេអ៊ែរអ៊ីរ៉ង់លោក Abbas Araqchi បាននិយាយ នៅលើបណ្តាញសង្គមថា ការចរចាបន្ទាប់នៅទីក្រុង Vienna ប្រទេសអូទ្រីស ត្រូវរង់ចាំរហូតដល់រដ្ឋបាលអ៊ីរ៉ង់ចូលកាន់តំណែងនៅខែសីហាខាងមុខ។ ប៉ុន្តែលោកបានទទូចពីកិច្ចព្រមព្រៀងដោះដូរអ្នកទោសអាចនឹងកើតឡើង ប្រសិនបើសហរដ្ឋអាមេរិក និងអង់គ្លេសបញ្ឈប់ការភ្ជាប់កិច្ចព្រមព្រៀងនេះ ជាមួយនឹងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ២០១៥។ អ៊ីរ៉ង់បានលើកឡើង កាលពីដើមសប្តាហ៍នេះថា ខ្លួនកំពុងធ្វើកិច្ចចរចា ស្តីពីការធានាការដោះលែងអ្នកទោសអ៊ីរ៉ង់នៅក្នុងពន្ធនាគារអាមេរិក និងទីតាំងអន្តរជាតិផ្សេងៗគ្នាជុំវិញ ការរំលោភលើទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Ned Price បាននិយាយថា ការអត្ថាធិប្បាយរបស់អ៊ីរ៉ង់នេះ គឺជាការព្យាយាមបង្វែរការស្តីបន្ទោស ចំពោះភាពជាប់គាំងនៃកិច្ចព្រមព្រៀង នុយក្លេអ៊ែរ នាពេលបច្ចុប្បន្ននេះ។ លោក Price បានបន្ថែមថា៖ «យើងបានធ្វើកិច្ចចរចាដោយប្រយោល ស្តីពីអ្នកជាប់ឃុំក្នុងបរិបទនៃដំណើរការចរចានៅទីក្រុង Vienna ប្រទេសអូទ្រីស ហើយការពន្យារពេលក្នុងការ ចាប់ផ្តើមដំណើរការនោះឡើងវិញ គឺមិនបានជួយអ្វីទេ។ ប្រសិនបើយើងបានជួបគ្នានៅទីក្រុងវីយែន កាន់តែលឿន យើងនឹងត្រៀមបន្តការពិភាក្សាអំពីអ្នកជាប់ឃុំក្នុងអំឡុងពេលនោះផងដែរ»៕ Reuters

LEAVE A REPLY

Please enter your comment!
Please enter your name here