តំណាងការទូតបស្ចិមលោកអំពាវនាវឱ្យតាលីបង់ ឈប់វាយប្រហារលើកម្លាំងរដ្ឋាភិបាល

0
111

ក្រុមអ្នកតំណាងការទូតបរទេសប្រចាំទីក្រុងកាប៊ូល បានអំពាវនាវកាលពីថ្ងៃចន្ទ ទី១៩ ខែកក្កដា ឲ្យពួកតាលីបង់បញ្ឈប់ការវាយប្រហារលើកម្លាំងរដ្ឋាភិបាល ព្រោះការវាយប្រហារជាសកម្មភាពផ្ទុយនឹងសំដី ដែលចង់ដោះស្រាយជម្លោះតាមផ្លូវចរចា។ សេចក្តីអំពាវនាវឱ្យតាលីបង់បញ្ឈប់ការវាយប្រហារ លើកងកម្លាំងរដ្ឋាភិបាលត្រូវបានចុះហត្ថលេខា ដោយតំណាងការទូតសហភាពអឺរ៉ុប តំណាងជាន់ខ្ពស់ស៊ីវិលនៃអង្គការអូតង់នៅអាហ្វហ្កានីស្ថាន ព្រមទាំងតំណាងការទូតអាល្លឺម៉ង់ អូស្ត្រាលី កាណាដា កូរ៉េខាងត្បូង ដាណឺម៉ាក អេស្ប៉ាញ សហរដ្ឋអាមេរិក ហ្វាំងឡង់ បារាំង អ៊ីតាលី ជប៉ុន ហូឡង់ សាធារណរដ្ឋឆែក អង់គ្លេស និងស៊ុយអែត។ មេដឹកនាំតាលីបង់ បានអះអាងដោយផ្ទាល់ កាលពីថ្ងៃអាទិត្យ ទី១៨ ខែកក្កដាថា ទោះបីតាលីបង់កំពុងឈ្នះលើសមរភូមិយោធា និងកាន់កាប់ប្រទេសកាន់តែច្រើនមែន តែតាលីបង់ក៏មានជំហរគាំទ្រដំណោះស្រាយ តាមផ្លូវនយោបាយដែរ។ នៅក្នុងសេចក្តីអំពាវនាវ តំណាងការទូតលោកខាងលិចក៏បានឆ្លៀតបរិហារទង្វើឃាតកម្មក្នុងផ្ទៃប្រទេស ការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធចំបងៗ ការគំរាមកំហែងសេចក្តីថ្លែងការណ៍ ព្រមទាំងវិធានការផ្សេងៗ ដែលអាហ្វហ្កានីស្ថានសម្រេចបានក្នុងរយៈពេល ២០ឆ្នាំកន្លងមកនេះ។ សេចក្តីអំពាវនាវនេះបានកើតមានឡើង ខណៈដែលការចរចាអន្តរអាហ្វហ្កានីស្ថាន រវាងរដ្ឋាភិបាលអាហ្វហ្កានីស្ថាន និងតាលីបង់បានចាប់ផ្តើមវគ្គថ្មី នៅទីក្រុងដូហា កាលពីចុងសប្តាហ៍។ ជំនួបចរចាបានបិទបញ្ចប់ទៅ ដោយគ្មានលទ្ធផល និងគ្មានការរីកចម្រើនសោះ។ តំណាងភាគីចរចាបានត្រឹមព្រមព្រៀងបន្តចរចា ស្វែងរកដំណោះស្រាយត្រឹមត្រូវ និងអំពាវនាវឱ្យបញ្ចប់ជាបន្ទាន់ ការប្រតិបត្តិការយោធា ដែលពួកតាលីបង់កំពុងដឹកនាំធ្វើ ព្រោះវាអាចជាការបង្អាក់កិច្ចខំប្រឹងប្រែងចរចា៕ Reuters

LEAVE A REPLY

Please enter your comment!
Please enter your name here