អាមេរិក និងសម្ព័ន្ធមិត្តរួមគ្នាថ្កោលទោសចិន រឿងវាយប្រហារតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា

0
96

រដ្ឋាភិបាលអាមេរិក អង់គ្លេស និងសហភាពអឺរ៉ុប កាលពីថ្ងៃចន្ទ ទី១៩ ខែកក្កដា បានរួមគ្នាចេញសេចក្តីប្រកាសមួយថ្កោលទោសចិន ទាក់ទិននឹងសកម្មភាពវាយប្រហារតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា។ លោក អង់តូនី ប្លីងកិន ប្រមុខការប្រទេសអាមេរិក បានលើកឡើងថា ចិនមានអាកប្បកិរិយាគ្មានការទទួលខុសត្រូវ រករឿងរំខាន បង្កបញ្ហាអស្ថិរភាពនៅក្នុងលំហរបច្ចេកវិទ្យាអ៊ីនធ័រណេត (cyberspace) ដែលនេះ គឺជាការគំរាមកំហែងដ៏ធំមួយ មកលើសេដ្ឋកិច្ច ព្រមទាំងសន្តិសុខ។ ឯលោក ដូមីនីក រ៉ាប រដ្ឋមន្ត្រីការបរទេសអង់គ្លេស បានលើកឡើងថា «រដ្ឋាភិបាលចិនត្រូវតែបញ្ឈប់ជាបន្ទាន់ នូវសកម្មភាពវាយប្រហារជាស្វ័យប្រវត្តិនានា ដែលប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យា។ បើសកម្មភាពទាំងនេះមិនត្រូវបញ្ឈប់ទេ នោះរដ្ឋាភិបាលចិនត្រូវតែទទួលខុសត្រូវ។ ក្រសួងការបរទេសអាមេរិក អះអាងថា ក្រៅពីអង់គ្លេស និងសហភាពអឺរ៉ុប អង្គការអូតង់ ជប៉ុន កាណាដា អូស្ត្រាលី និងណូវែលហ្សែឡង់ ក៏បានចូលរួមប្រកាសសារថ្កោលទោសចិនដែរ ជុំវិញបញ្ហាវាយប្រហារតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យានេះ។ សហរដ្ឋអាមេរិក អង់គ្លេស និងសហភាពអឺរ៉ុប បានអះអាងថា គឺចិនដែលជាអ្នកនៅពីក្រោយ ការវាយប្រហារទៅលើប្រព័ន្ធសារឆ្លងឆ្លើយ Exchange របស់ក្រុមហ៊ុន Microsoft។ ការវាយប្រហារ កាលពីខែមីនានោះ បានប៉ះពាល់យ៉ាងហោចស្ថាប័នចំនួន ៣ម៉ឺន រាប់ទាំងក្រុមហ៊ុនឯកជន និងស្ថាបន័រដ្ឋជាច្រើនផងដែរ។ ក្រុមហ៊ុន Microsoft បានស្រាវជ្រាវដឹងថា គឺក្រុមចោរព័ត៌មានវិទ្យាមានប្រភពនៅចិន ឈ្មោះ Hafnium ដែលជាអ្នកធ្វើសកម្មភាពនេះ។ យោងតាមអ្នកជំនាញអាមេរិក គឺចិនប្រើប្រាស់ក្រុមចោរទុច្ចរិតឲ្យធ្វើសកម្មភាពវាយប្រហារ តាមរយៈការចូលទៅលួចទិន្នន័យ ឬ បំផ្លាញប្រព័ន្ធ និងការប្រើប្រាស់កម្មវិធីបច្ចេកវិទ្យា ជំរិតទារប្រាក់ពីស្ថាប័ននានាទូទាំងពិភពលោក។ ក្រសួងយុត្តិធម៌អាមេរិកបានចោទភ្នាក់ងារ ៣ នាក់ នៃក្រសួងសន្តិសុខចិនថា បានចូលទៅបន្លំក្នុងប្រព័ន្ធអ៊ីនធ័រណេតរបស់ក្រុមហ៊ុនកជន ស្ថាប័នរដ្ឋ សកលវិទ្យាល័យ  និងមន្ទីរពិសោធន៍វិទ្យាសាស្ត្រ ជាដើម នៅរវាងពីឆ្នាំ២០១១ ដល់ ឆ្នាំ២០១៨ ក្នុងគោលបំណងលួចទិន្នន័យ និងលួចបច្ចេកវិទ្យា។ ប៉ុន្មានឆ្នាំចុងក្រោយនេះ សកម្មភាពវាយប្រហារទ្រង់ទ្រាយធំនៅលើប្រព័ន្ធព័ត៌មានវិទ្យា ដោយប្រើកម្មវិធីជំរិតទារប្រាក់«ransomware” បានកើតមានឡើងកាន់តែញឹកញាប់ ហើយដែលភាគច្រើនគេបានចោទថា គឺស្នាដៃរុស្ស៊ី។ នេះ គឺជាលើកទី១ហើយ ដែលសហរដ្ឋអាមេរិក ព្រមទាំងសម្ព័ន្ធមិត្តបានរួមគ្នាថ្កោលទោសចិន។ មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ បានបញ្ជាក់ថា ប្រឈមនឹងបញ្ហានេះ អាមេរិក រួមជាមួយប្រទេសសម្ព័ន្ធមិត្តបានផ្លាស់ប្តូរ ចែករំលែកព័ត៌មានគ្នា ហើយគេអាចនឹងចាត់វិធានការឲ្យរដ្ឋាភិបាលចិន ប្រឈមនឹងការទទួលខុសត្រូវជាក់ស្តែង៕ AP

LEAVE A REPLY

Please enter your comment!
Please enter your name here