សត្វក្រៀលនិមិត្តរូបនៃជោគវាសនាល្អ និងអាយុយឺនយូរ មនោសញ្ចេតនាស្នេហាស្ម័គ្រស្មោះ កំពុងមានចំនួនធ្លាក់ចុះនៅលើពិភពលោក

0
185

«សត្វក្រៀលគឺជាប្រភេទសត្វកម្រ និងជាសត្វស្លាបដែលមានកម្ពស់ខ្ពស់ជាងគេនៅលើពិភពលោក ហើយអាចហើរបាន ត្រូវបានរកឃើញថាមាននិន្នាការធ្លាក់ចុះខ្លាំង ក្នុងនោះសត្វក្រៀលនៅកម្ពុជាក៏មានចំនួនធ្លាក់ចុះដែរ ដែលយើងទាំងអស់គ្នាចាំបាច់ត្រូវចូលរួមការពារ និងអភិរក្សប្រភេទសត្វដ៏កម្រនេះ ទាំងការថែរក្សាទីជម្រកពងកូន និងតំបន់ដីសើមដែលជាកន្លែងស្វែងរកចំណីរបស់សត្វក្រៀលនិងសត្វស្លាបផ្សេងៗទៀត»។ នេះគឺជាការថ្លែងរបស់រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាននៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ។ ឯកឧត្តមរដ្ឋលេខាធិការ នេត្រ ភក្ត្រា បានថ្លែងថា យោងតាមជំរឿនសត្វក្រៀលនៅចុងឆ្នាំ២០១៩ និងដើមឆ្នាំ២០២០ សត្វក្រៀលចំនួន ១៩៤ ក្បាលត្រូវបានកត់ត្រានៅប្រមាណ ១០ទីតាំងខុសៗគ្នានៅក្នុងប្រទេសកម្ពុជា។ ការជំរឿននេះ ធ្វើឡើងនៅរាល់ខែធ្នូ ដល់ខែឧសភា នៃឆ្នាំនីមួយៗ ដើម្បីអាចឱ្យយើងប៉ាន់ស្មាន និងពិនិត្យតាមដានពីចំនួនសត្វក្រៀលថាតើវាកើនឡើង ឬថយចុះ និងដើម្បីរៀបចំយន្តការ និងផែនការការពារនិងអភិរក្សបន្ថែមទៀត។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងឱ្យដឹងថា យោងតាមទិន្នន័យសិក្សាដោយអ្នកជំនាញ ចំនួនសត្វក្រៀល នៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ មានចំនួនចន្លោះពី ១៣.០០០ ទៅ១៥.០០០ ក្បាលដែលកំពុងរស់នៅក្នុងប្រទេសឥណ្ឌា ប្រទេសអូស្ត្រាលី ប្រទេសវៀតណាម ប្រទេសឡាវ និងប្រទេសកម្ពុជា។ សត្វក្រៀលមានវត្តមាននៅក្នុងប្រទេសកម្ពុជាតាំងពីយូរលង់ណាស់មកហើយ។ ប្រសិនបើសិនយើងបានទស្សនាប្រាសាទបាយ័ននៅ ខេត្តសៀមរាប យើងនឹងឃើញរូបចំលាក់សត្វក្រៀលដែលត្រូវបានឆ្លាក់ជាប់នឹងផ្ទាំងថ្ម។ នៅក្នុងទ្វីបអាស៊ី សត្វក្រៀលគឺជានិមិត្តរូបនៃជោគវាសនាល្អ និងអាយុយឺនយូរ។ ពួកវាក៏ត្រូវបានគេគិតថាជានិមិត្តរូបនៃមនោសញ្ចេតនាស្នេហាស្ម័គ្រស្មោះដោយយោងទៅតាមការភ្ជាប់ចំណងមេត្រីភាពរបស់ពួកវា។ នៅក្នុងប្រទេសភូមា សត្វក្រៀលត្រូវបានគេឃើញមានក្នុងពុទ្ធសាសនា។

ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងពីកត្តាគំរាមកំហែងចំពោះសត្វក្រៀលដោយបានពន្យល់ថា៖ «ចំនួនសត្វក្រៀលត្រូវបានធ្លាក់ចុះយ៉ាងច្រើននាប៉ុន្មានឆ្នាំកន្លងមកនេះដោយសារតែអត្រាស្លាប់កម្រិតខ្ពស់ និងអត្រាបង្កកំណើតមានកម្រិតទាបនៅឡើយ។ ការធ្លាក់ចុះចំនួនសត្វក្រៀលនៅទូទាំងពិភពលោកនេះគឺបណ្ដាលមកពីកត្តាគំរាមកំហែងផ្សេងៗដែលបង្កឡើងដោយមនុស្ស និងធម្មជាតិ ដូចជាការបាត់បង់តំបន់ដីសើមដែលជាទីជម្រកដ៏សំខាន់របស់សត្វក្រៀល ការរំខាន់នៅតំបន់ពងកូន ដែលនាំឱ្យអាត្រាបង្កកំណើតទាប ការបំពុលដោយថ្នាំពុលកសិកម្ម ការថយចុះនូវវត្តមានចំណីអាហារ ការកែប្រែប្រព័ន្ធជលសាស្ត្រ ជំងឺឆ្លង ការយកស៊ុត ឬកូនសត្វក្រៀលពីសំបុកដើម្បីចញ្ចឹម ឬជួញដូរ ការសម្លាប់ដោយសត្វឆ្កែខាំ និងការប្រែប្រួលអាកាសធាតុជាដើម»។

ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងថា ក្រសួងបរិស្ថានបាននិងកំពុងសហការជាមួយអង្គការដៃគូក្នុងការអភិរក្សសត្វក្រៀល និងទីជម្រករបស់ពួកវាដោយឧទ្យានុរក្ស តែងតែល្បាតនៅតំបន់ការពារធម្មជាតិដែលជាជម្រករបស់សត្វក្រៀល ការសិក្សាពីផលប៉ះពាល់ការប្រែប្រួលអាកាសធាតុ​​ ការគ្រប់គ្រងនិងដាក់តំបន់ដីសើមសំខាន់ៗជាតំបន់ការពារធម្មជាតិ និងធ្វើជំរឿនសត្វក្រៀលជារៀងរាល់ឆ្នាំ ដើម្បីប្រមូលនិងរក្សាទុកទិន្នន័យជាក់លាក់នៃចំនួនសត្វក្រៀលនៅប្រទេសកម្ពុជា។ ឯកឧត្តម នេត្រ ភក្ត្រា បានមានប្រសាសន៍ថា៖«យើងក៏បានលើកទឹកចិត្តដល់សម្មភាពអភិរក្ស និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋានតាមរយៈទេសចរណ៍ធម្មជាតិ និងការសាកល្បងធ្វើស្រូវមិត្តក្រៀល។ លើសពីនេះទៀត យើងបានធ្វើការអប់រំផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីសត្វក្រៀលដល់សាធារណ និងតែងតែរៀបចំប្រារព្ធទិវាតំបន់ដីសើមពិភពលោក និងទិវាសត្វស្លាបទេសន្តរប្រវេសន៍ពិភពលោកជាដើម»។

សត្វក្រៀលគឺជាសត្វស្លាបដែលមានកម្ពស់ខ្ពស់ជាងគេលើពិភពលោក ហើយអាចហើរបាន។ ជាទូទៅ សត្វក្រៀលមានកម្ពស់ប្រហែល ១,៧៦ ម៉ែត្រ មានទម្ងន់ ៥-១២ គីឡូក្រាម និងប្រវែងស្លាបទាំងសងខាង ២,៥ ម៉ែត្រ។ ពួកវាមានម្រាមជើងមុខវែងៗចំនួនបី និងម្រាមជើងក្រោយខ្លីមួយ។ ពួកវាមិនអាចទំនៅលើដើមឈើបានទេ ហើយដេកដោយឈរ ឬក្រាបស្ងៀមធ្មឹងនៅទីតាំងជិតៗកន្លែងរកចំណីរបស់វានៃតំបន់ដីសើម។ សត្វក្រៀលមានសម្បុរប្រផេះលើដងខ្លួន កផ្នែកខាងលើនិងក្បាលមានពណ៌ក្រហម ក្បាលផ្នែកខាងលើបំផុតនិងត្រចៀកមានពណ៌ប្រផេះស្រាល។ កូនក្រៀលមានមាឌតូចបន្តិច និងមានពណ៌ត្នោតនៅចំក្បាលរបស់វា។ គេពិបាកសម្គាស់ថា សត្វក្រៀលណាជាឈ្មោល ឬញី នៅពេលដែលពួកវានៅជាគូ ប៉ុន្តែមីញីមានមាឌតូចជាង អាឈ្មោលបន្តិច ហើយពេលដែលវាស្រែករកគ្នាជាគូ អាឈ្មោលធ្វើការបើកស្លាបឡើងលើ។ សត្វក្រៀលត្រូវបានចាត់ជាប្រភេទសត្វងាយរងគ្រោះនៅក្នុងបញ្ជី ក្រហម IUCN។

ទាក់ទងនឹងទីជម្រកសត្វក្រៀលនៅកម្ពុជា លោក ស្រី ស៊ុនលាង អគ្គនាយករងនៃអគ្គនាយកដ្ឋាន រដ្ឋបាលការពារនិងអភិរក្សធម្មជាតិ បានឱ្យដឹងថាសត្វក្រៀលប្រើប្រាស់ទីជម្រកផ្សេងៗគ្នាដែលមានវិសាលភាពធំគ្របដណ្ដប់ទូទាំងប្រទេសកម្ពុជា ដែលនេះជាតម្រូវការនានា នៅរដូវកាលផ្សេងៗគ្នាសម្រាប់សត្វក្រៀល។ នៅរដូវពងកូនចាប់ពី ខែកក្កដា ដល់ ខែតុលា សត្វក្រៀលធ្វើបំលាស់ទីទៅភាគខាងជើង និងភាគឦសាន(ខាងជើងឈាងខាងកើត) នៃប្រទេសកម្ពុជា។

នៅក្នុងព្រៃដែលសំបូរដោយ តំបន់ដីសើមតូចៗ(ត្រពាំង ឬថ្លុកទឹក) គឺជាទីជម្រកដ៏សំខាន់សម្រាប់បន្តពូជ។ លោកបានបន្តថា នៅរដូវរកចំណីមិនបន្តពូជចាប់ពី ខែធ្នូ ដល់ ខែមេសា សត្វក្រៀលធ្វើការផ្លាស់ទីទៅភាគពាយ័ព្យ(ខាងជើងឈាងខាងលិច) និងភាគអាគ្នេយ៍ (ខាងត្បូងឈាងខាងកើត) នៃប្រទេសកម្ពុជា ដែលជាទីជម្រកដ៏សំខាន់សម្រាប់រកចំណីបំប៉នសុខភាពសម្រាប់រដូវបន្តពូជ។ សត្វក្រៀលធ្វើការផ្លាស់ទីពីទីតាំងបន្តពូជទៅទីតាំងរកចំណីនៅចន្លោះខែតុលា និងខែវិច្ឆិកាអាស្រ័យលើស្ថានភាពរដូវវស្សាប្រចាំឆ្នាំ។ ពួកវាធ្វើការផ្លាស់ទីពីទីតាំងរកចំណីទៅទីតាំងបន្តពូជវិញនៅចន្លោះខែមេសានិងខែមិថុនា។

នៅរដូវពងកូន សត្វក្រៀលញីឈ្មោលដែលជាដៃគូបន្តពូជនឹងបំបែកខ្លួនចេញពីហ្វូងរបស់វា ហើយស្វែងរកទីតាំងសមរម្យដើម្បីធ្វើសំបុក។ នៅក្នុងប្រទេសកម្ពុជា ទីតាំងដែលពួកវាធ្វើសំបុកគឺជាតំបន់ព្រៃល្បោះដែលសំបូរដោយតំបន់ដីសើមតូចៗ (ត្រពាំង ឬថ្លុកទឹកផ្សេងៗ)។ ទីតាំងពងកូនទាំងនេះ គឺស្ថិតនៅតំបន់ព្រៃភាគខាងជើងនៃប្រទេសកម្ពុជា។ ទីតាំងពងកូនទាំងនោះភាគច្រើនគឺស្ថិតនៅក្នុងតំបន់ការពារ ធម្មជាតិ។ រដូវមិនបន្តពូជ សត្វក្រៀលតែងរកចំណីផ្ដុំគ្នាជាហ្វូងៗ ដែលក្នុងហ្វូងនោះពួកវារកស៊ីផ្ដុំគ្នា ឬហោះហើរជាគ្រួសារនីមួយៗ។ ក្នុងរដូវនេះ សត្វក្រៀលដែលពុំទាន់មានគូនឹងប្រមូលផ្ដុំ គ្នាដើម្បីចងសម្ព័ន្ធមេត្រីសម្រាប់រដូវពងកូនបន្ទាប់ពីរដូវរកចំណីនេះ។ នៅរដូវរកចំណី សត្វក្រៀលធ្វើផ្លាស់ទីទៅតំបន់ផ្សេងៗគ្នានៅក្នុងប្រទេសកម្ពុជា។ ចំនួនសត្វក្រៀលប្រហែលពាក់កណ្ដាលធ្វើការផ្លាស់ទីទៅតំបន់នានានៃអាងទន្លេសាប ដោយរាប់បញ្ចូលទាំងតំបន់ការពារទេសភាពអាងត្រពាំងថ្ម ហើយចំនួនសត្វក្រៀលប្រហែលពាក់កណ្ដាលទៀតធ្វើការផ្លាស់ទីទៅតំបន់ដីសណ្ដរទន្លេមេគង្គនៃប្រទេសកម្ពុជា និងវៀតណាម។ តំបន់ដីសណ្ដរទន្លេមេគង្គ នៃប្រទេសកម្ពុជារួមមានតំបន់ការពារទេសភាពអន្លង់ព្រីងក្នុងខេត្តកំពត និងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ក្នុងខេត្តតាកែវ។

ទាក់ទងនឹងលក្ខណៈជីវសាស្ត្រនៃសត្វក្រៀល លោក ស្រី ស៊ុនលាង អគ្គនាយករងនៃអគ្គនាយកដ្ឋាន រដ្ឋបាលការពារនិងអភិរក្សធម្មជាតិ បានថ្លែងថា នារដូវប្រាំង(ខែធ្នូដល់ខែមេសា)ដែលជារដូវមិនបន្តពូជ និងត្រូវខិតខំស្វែងរកចំណី សត្វក្រៀលបានហើរផ្លាស់ទី ពីតំបន់ដែលពួកវាពងកូន ទៅរកចំណី និងដេកជាហ្វូងៗ នៅតាមតំបន់ដីសើមដែលមានទឹករាក់ៗ និងសម្បូរដោយចំណី។ ទោះបីជាសត្វក្រៀលរស់នៅជាហ្វូងក៏ដោយពួកវាក៏នៅតែរស់នៅជាក្រុមគ្រួសារផ្សេងៗគ្នា ដោយស្រែកច្រៀងដាក់គ្នាទៅវិញទៅមក។ នេះអាចជាការបញ្ជាក់ពីភក្ដីភាពរបស់ពួកវា ឬការបញ្ចេញសញ្ញាថា ពួកវាកំពុងត្រូវបានទទួលរងការគំរាមកំហែងជាដើម។

លោក ស្រី ស៊ុនលាង បានឱ្យដឹងផងដែរថា សត្វក្រៀលទាំងអស់ជាសព្វាសី មានន័យថាពួកវាស៊ីទាំងរុក្ខជាតិ និងសត្វ។ សត្វក្រៀលស៊ីរុក្ខជាតិទឹក មើមរុក្ខជាតិ សត្វឥតឆ្អឹងកង គ្រាប់ធញ្ញជាតិ និងសត្វឆ្អឹងកងតូចៗ ព្រមទាំងសត្វល្អិតជាអាហារ។ សត្វក្រៀលប្រើចំពុះវែងរឹងមាំរបស់វាសម្រាប់ចឹកស៊ីមើមផ្លុង និងសត្វល្អិតពីក្នុងភក់ល្បាប់។ ជូនកាលពួកវាចឹកប៉ះចំត្រី ឬកង្កែបទោះបីជាពួកវាមានការលំបាកក្នុងការបំបែកអាហារទាំងនេះជាចំណែកតូចៗដើម្បីលេបក៏ដោយ។ បន្ទាប់ពីកសិករបានច្រូតកាត់ប្រមូលផលស្រូវរួចសត្វក្រៀលនឹងទៅរកចំណីក្នុងវាលស្រែទាំងនោះដោយស៊ីគ្រាប់ស្រូវដែលជ្រុះក្នុងស្រែ។ មេបារបស់សត្វក្រៀលបង្រៀនកូនរបស់វាពីវិធីរកចំណី ព្រមទាំងពាំនាំយកចំណីឱ្យកូន ទោះបីជាកូនរបស់វាធំធាត់ស្ទើរតែពេញវ័យហើយក៏ដោយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here