ហេតុអ្វីបានជាពួកតាលីបង់បន្តជ្រើសយកផ្លូវនយោបាយ ខណៈដែលខ្លួនកំពុងមានប្រៀបលើផ្លូវយោធា?

0
152

យុទ្ធសាស្រ្តដៃម្ខាងវ៉ៃ និងដៃម្ខាងទៀតចរចា ដែលពួកតាលីបង់កំពុងប្រើពេលនេះ ជាយុទ្ធសាស្រ្តប្រើធម៌ក្តៅផង និងធម៌ត្រជាក់ផង។ នៅក្នុងឱកាសបុណ្យសាសនាអ៊ីស្លាម កាលពីថ្ងៃអាទិត្យ ទី១៨ ខែកក្កដា ប្រមុខចលនាឧទ្ទាមតាលីបង់លោក អ៊ីបាទូឡា អាឃុនហ្សាដា បានផ្ញើសារទៅកាន់រដ្ឋាភិបាលអាហ្វហ្កានីស្ថាននៅទីក្រុងកាប៊ូលថា បញ្ហាអាហ្វហ្កានីស្ថានត្រូវដោះស្រាយនៅក្នុងរង្វង់ភាគីជម្លោះអាហ្វហ្កានីស្ថានគ្នាឯង ពោល មិនត្រូវពឹងលើបរទេស ឬ ហៅបរទេសឲ្យជួយដោះស្រាយទេ។ ដើម្បីសម្តែងចេញពីឆន្ទៈមួយនេះ ក្រុមអ្នកតំណាងតាលីបង់បានយល់ព្រមចូលតុចរចាជាថ្មី ជាមួយក្រុមអ្នកតំណាងរដ្ឋាភិបាល កាលពីថ្ងៃសៅរ៍ ទី១៧ ខែកក្កដា នៅក្នុងទីក្រុងដូហា ប្រទេសកាតារ។ នៅក្នុងសាររបស់ខ្លួនកាលពីថ្ងៃអាទិត្យ ទី១៨ ខែកក្កដា ប្រមុខចលនាតាលីបង់លោក អ៊ីបាទូឡា អាឃុនហ្សាដា បានបង្ហាញរួចហើយនូវអនាគតរដ្ឋអំណាចនៅអាហ្វហ្កានីស្ថាន ដែលមានឈ្មោះ «អេមីរ៉ាតអ៊ីស្លាម » ជាអតីតឈ្មោះរបបតាលីបង់ ដែលបានដឹកនាំអាហ្វហ្កានីស្ថាន ក្នុងចន្លោះឆ្នាំ១៩៩៦ និងឆ្នាំ២០០១។ នៅក្នុងសារដដែល ប្រមុខចលនាតាលីបង់បានបញ្ជាក់បន្ថែមពីចេតនាចង់មានទំនាក់ទំនងល្អ នៅក្នុងវិស័យនយោបាយ ការទូត និងសេដ្ឋកិច្ច ជាមួយគ្រប់ប្រទេសទាំងអស់ក្នុងលោក មានទាំងអាមេរិកផងដែរ។

ដូច្នេះគេអាចនិយាយបានថា ពួកតាលីបង់កំពុងប្រើយុទ្ធសាស្រ្តពីរដើរទន្ទឹមគ្នា។ យុទ្ធសាស្រ្តទី១ គឺចាប់បង្ខំរដ្ឋាភិបាលក្រុងកាប៊ូលឲ្យទទួលយកសន្តិភាព តាមគំនិតផ្តួចផ្តើមរបស់ខ្លួន និងយុទ្ធសាស្រ្តទី២ គឺទម្លាក់រដ្ឋាភិបាលក្រុងកាប៊ូលតាមផ្លូវសង្រ្គាម។ តែនៅចំពោះមុខពេលនេះ ជម្រើសយុទ្ធសាស្រ្តទី១ ជាជម្រើសអាទិភាពរបស់ពួកតាលីបង់។ បើពួកតាលីបង់អាចទទួលបានជោគជ័យនៅក្នុងយុទ្ធសាស្រ្តទី១ នេះមែន ចលនាឧទ្ទាមមួយនេះនឹងក្លាយជាចលនា ឬ តួអង្គនយោបាយមួយស្របច្បាប់ និងពេញមុខពេញមាត់នៅលើឆាកជាតិ និងឆាកអន្តរជាតិ។ ព្រឹត្តិការណ៍នៅក្នុងប្រទេសអាហ្វហ្កានីស្ថានពេលនេះ កំពុងបង្កឲ្យមានសង្រ្គាមពាក្យសម្តី រវាងរដ្ឋាភិបាលអាហ្វហ្កានីស្ថាន និងរដ្ឋាភិបាលប៉ាគីស្ថាន។ ទីក្រុងកាប៊ូលបានចោទទីក្រុងអ៊ីស្លាម៉ាបាត ពីបទបានគាំទ្រ និងផ្តល់ជម្រកឲ្យពួកតាលីបង់។ ទន្ទឹមគ្នានេះ ប្រទេសអ៊ីរ៉ង់ក្បែរខាង ក៏កំពុងបារម្ភពីព្រឹត្តិការណ៍នៅអាហ្វហ្កានីស្ងានដែរ ព្រោះតែលំហូរជនភៀសខ្លួនអាហ្វហ្កានីស្ថានចូលទឹកដីអ៊ីរ៉ង់។ បើយោងតាមឧត្តមស្នងការដ្ឋានអន្តរជាតិទទួលបន្ទុកជនភៀសខ្លួន មានជនភៀសខ្លួនអាហ្វហ្កានីស្ថានជិត ៣ លាន ៥ សែននាក់ហើយ កំពុងជ្រកកោនក្នុងទឹកដីអ៊ីរ៉ង់ ស្មើនឹងជាង ៤% នៃចំនួនប្រជាជនអាហ្វហ្កានីស្ថានសរុប និងការរត់របស់ពួកជីហាតរបស់អង្គការរដ្ឋអ៊ីស្លាមចូលអ៊ីរ៉ង់ផងដែរ។ តែឥឡូវនេះ អ្វីៗហាក់មានភាពធូរស្រាលបន្តិច រវាងអ៊ីរ៉ង់ និងពួកតាលីបង់។ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ អ៊ីរ៉ង់បានរៀបចំឲ្យមានជំនួប រវាងភាគីជម្លោះអាហ្វហ្កានីស្ថាន ដោយមានវត្តមានពួកតាលីបង់ផង។ អ៊ីរ៉ង់បានរម្លឹកច្រើនដងថា ចលនាតាលីបង់ត្រូវតែមានចំណែកនៅក្នុងអនាគតដំណោះស្រាយ ដែលសម្រេចដោយភាគីជម្លោះផ្ទៃក្នុងអាហ្វហ្កានីស្ថាន៕ AFP

LEAVE A REPLY

Please enter your comment!
Please enter your name here