OPEC+ បានព្រមព្រៀងបង្កើនផលិតកម្មប្រេង ចាប់ពីខែសីហា រហូតដល់ខែធ្នូ ឆ្នាំ ២០២១

0
21
FILE PHOTO: A 3D printed oil pump jack is seen in front of displayed OPEC logo in this illustration picture, April 14, 2020. REUTERS/Dado Ruvic/Illustration/File Photo

បើយោងតាមសេចក្តីប្រកាសព័ត៌មាន អង្គការ OPEC+ បានអនុម័តលើកិច្ចព្រមព្រៀងសំខាន់ចំនួន ពីរ។ កិច្ចព្រមព្រៀង ទី១ ស្តីពីការបង្កើនផលិតកម្មប្រេង ចំនួន ២លានបារ៉ែល ក្នុងមួយថ្ងៃ សម្រាប់រយៈពេល ៤ខែ ចាប់ពីខែសីហា ដល់ខែធ្នូ ឆ្នាំ២០២១។ ក្នុងបរិមាណសរុប ២លានបារ៉ែល ក្នុងមួយថ្ងៃនេះ ប្រទេសសមាជិកនីមួយៗត្រូវបូមបន្ថែម ចំនួន ៤០០ ០០០បារ៉ែល ក្នុងមួយថ្ងៃ។ ចំណែកកិច្ចព្រមព្រៀងទី២ បានផ្តោតលើការកំណត់កូតាផលិតកម្មថ្មី ចាប់ពីខែឧសភា ឆ្នាំ២០២២។ នៅក្នុងកូតាថ្មីនេះ OPEC+ បានយល់ព្រមឲ្យប្រទេសអេមីរ៉ាតអារ៉ាប់រួម អ៊ីរ៉ាក់ កូវ៉ែត អារ៉ាប៊ីសាអូឌីត និងប្រទេសរុស្ស៊ីអាចបង្កើនផលិតកម្មប្រេងរបស់ខ្លួន។ ជាក់ស្តែង កូតាផលិតកម្មប្រេងរបស់អេមីរ៉ាតអារ៉ាប់រួមនឹងឡើងដល់ ៣ លាន ៥ សែនបារ៉ែល ក្នុងមួយថ្ងៃ នៅខែឧសភា ឆ្នាំ២០២២។ រដ្ឋមន្រ្តីក្រសួងថាមពលអារ៉ាប៊ីសាអូឌីត បានបញ្ជាក់ថា នេះជាលទ្ធផលបានមកពីការស្វែងរកកុងសង់ស៊ុសរួម។ «កិច្ចប្រជុំថ្ងៃនេះ បញ្ជាក់ជាថ្មីម្តងទៀតនូវឆន្ទៈរបស់យើង ក្នុងន័យស្ថាបនា និងស្វែងរកកុងសង់ស៊ុស» នេះជាប្រតិកម្មរបស់ឧបនាយករដ្ឋមន្រ្តីរុស្ស៊ីនៅលើទូរទស្សន៍ Rossia 24។ កម្មវត្ថុរបស់ OPEC+ គឺចង់ឲ្យកម្រិតផលិកម្មប្រេងមានកម្រិត ដូចនៅមុនពេលផ្ទុះវិបត្តិកូវីដ១៩។ កាលពីខែមេសា ឆ្នាំ២០២០ ដែលពិភពលោកកំពុងញាំញីដោយកូវីដ១៩ OPEC+ បានសម្រេចកាត់បន្ថយផលិតកម្មប្រេង ចំនួន ១០លានបារ៉ែល ក្នុងមួយថ្ងៃ និងបានសន្យាដំឡើងវិញបន្តិចម្តងៗ ដោយផ្អែកលើស្ថានភាពសេដ្ឋកិច្ច និងការវិវឌ្ឍន៍ទៅនៃកូវីដ១៩។ បច្ចុប្បន្ននេះ បរិមាណប្រេងដែល OPEC+ បានបូមក្នុងមួយថ្ងៃ មានតិចជាងមុនពេលផ្ទុះកូវីដ១៩ ដល់ទៅ ៥ លាន ៨ សែនបារ៉ែល។ OPEC+  បានមើលឃើញថា កំណើនតម្រូវការប្រេងក្នុងលោក នៅមានភាពផុយស្រួយខ្លាំង ដោយសារតែសន្ទុះកំណើនករណីឆ្លងដោយមេរោគបំប្លែងខ្លួន «ដែលតា»។ តែ OPEC+  បានសន្យាជួបប្រជុំគ្នាជាថ្មី នៅថ្ងៃទី១ ខែកញ្ញាខាងមុខ ដើម្បីវាយតម្លៃពីតម្រូវការប្រេងជាក់ស្តែងនៅក្នុងលោក៕ AFP

LEAVE A REPLY

Please enter your comment!
Please enter your name here