កម្រាលថ្មភក់ប្រវែង៩០ម៉ែត្រ ដែលជាស្រទាប់ខាងលើ នៃស្ពានហាលប្រាសាទអង្គរវត្ត សម្រាប់ដើរនឹងរៀបរួចរាល់នាពេលខាងមុខដ៏ខ្លី នៅបើតាមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា។
លោក សយ ច័ន្ទនោឫទ្ធិ ស្ថាបត្យករ នៃអាជ្ញាធរជាតិអប្សរា បានលើកឡើង នៅថ្ងៃទី២៩ ខែមេសានេះថា មកដល់បច្ចុប្បន្ននេះ ការងារពង្រឹងគ្រឹះសម្រេចបានស្ទើរ១០០%។ រីឯការងាររៀបចំកម្រាលផ្លូវដើរទៅភ្ជាប់នឹងកម្រាលដែលខាងសាកលវិទ្យាល័យសូហ្វីយ៉ាជប៉ុន ជួសជុលរួចរាល់នោះបានសម្រេចបាន៩០% ហើយ។ ក្រៅពីនេះ ក្រុមការងារកំពុងបន្តការងារពង្រឹងគ្រឹះផ្នែកខាងក្នុង និងខាងក្រៅ នៃស្ពានហាល នឹងកំពុងបន្តស្រាវជ្រាវនៅផ្នែកកំពង់ទឹក។
គួរបញ្ជាក់ថា ស្ពានហាលខាងលិចអង្គរវត្ត បានចាប់ផ្តើមដំណើរការជួសជុលកាលពីពាក់កណ្ដាលឆ្នាំ២០១៦ ស្ថិតក្នុងជំហានទី២ នៃកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ា ប្រទេសជប៉ុន។ កន្លងមក ស្ពានហាលមុខប្រាសាទអង្គរវត្តនេះ ជួសជុលបានប្រវែង១០០ម៉ែត្រ ដែលអនុវត្តក្នុងជំហានទី១ ពីឆ្នាំ១៩៩៦ រហូតដល់ឆ្នាំ២០០៧៕