មន្ទីរបរិស្ថានខេត្តរតនគិរីបង្កើនការអភិរក្សធនធានធម្មជាតិនៅតំបន់វ៉ឺនសៃ- សៀមប៉ាង

0
184

រតនគិរី៖មន្ទីរបរិស្ថានខេត្តរតន គិរី បង្កើនការអភិរក្សធនធានធម្មជាតិនៅតំបន់ឧទ្យានជាតិវ៉ឺនសៃ-សៀមប៉ាង ដើម្បីបង្កើតនិរន្តរភាពនៃទុនធម្ម ជាតិសម្រាប់ការវិនិយោគឡើងវិញ។

លោក ផុន ខេមរិន ប្រធាន មន្ទីរបរិស្ថានខេត្តរតនគិរី មាន ប្រសាសន៍ថា បច្ចុប្បន្ននេះ មន្ត្រីឧទ្យានុរក្សនិងសហគមន៍តំបន់ការពារធម្មជាតិ ព្រម ទាំងអ្នកពាក់ព័ន្ធ បានចុះល្បាតការពារព្រៃឈើ និងជីវៈចម្រុះ ដើម្បីការពារធនធានធម្មជាតិ ដែលកម្ពុជាមានឱ្យបានគង់វង្ស សម្រាប់មនុស្សជំនាន់តទៅមុខទៀត ។ លោកបានបញ្ជាក់ថា នៅពេលនេះបទល្មើសព្រៃឈើខ្នាតធំលែងមានទៀតហើយ គឺនៅមានបទល្មើសតូចៗមួយចំនួន ដែលមន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន បាននិងកំពុងបន្តសហការ ជាមួយសហគមន៍ តំបន់ការពារធម្មជាតិ និងអង្គការដៃគូ បានចុះអប់រំផ្សព្វផ្សាយពីច្បាប់ និងការអនុវត្តច្បាប់ ដើម្បីរួមគ្នាទប់ស្កាត់ រាល់បទល្មើសបន្តទៀត ។

«មន្ត្រីឧទ្យានុរក្ស ជាឆ្មាំព្រៃ ពួកគាត់មានតួនាទីកិច្ចការពារអភិរក្សធនធានធម្មជាតិ ការទប់ស្កាត់បទល្មើសនិងធ្វើការអប់រំផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផ្ទាល់ យើងមានការផ្សព្វផ្សាយអប់រំលើកទឹកចិត្តដល់ពួកគាត់ចូលរួមជាមួយពួកយើងផងដែរ ។ ទោះបីយ៉ាងណាបទល្មើសជនខិលខូចមួយចំនួនតូចនៅតែមាន ទោះបីយ៉ាងណាក៏ដោយយើងនៅតែចុះត្បាត ការងារសហការជាមួយនឹងអាជ្ញាធរពាក់ព័ន្ធ ប្រជាពលរដ្ឋនៅមូលដ្ឋានផ្ទាល់ ដែលគាត់មានតួនាទីសំខាន់ ។កាលពីមុនមានលក្ខណៈច្រើនឥឡូវវានៅមានបន្តទៀត អ៊ីចឹងយើងនឹងបន្តខិតខំការងារនេះបន្ថែមទៀត ចុះអនុវត្តន៍ដោយផ្ទាល់ ការផ្សព្វផ្សាយយើងរំពឹងទុកថានឹងអាចកាត់បន្ថយបន្តិចម្តងៗ» ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី ១០ខែ មិថុនា មន្ទីរបរិស្ថានខេត្តរតនគិរី បានចុះល្បាតពួនស្ទាក់ បង្ក្រាបទល្មើសសត្វព្រៃ បានជួបជនសង្ស័យ០១ ក្រុម មានគ្នា០៤នាក់ ធ្វើ សកម្មភាពប្រមាញ់ចាប់សត្វ ព្រៃ និងដឹកជញ្ជូនចេញពីតំបន់ឧទ្យានជាតិវឺនសៃ- សៀមប៉ាងនេះ ។ ក្នុងនោះ សមត្ថកិច្ចបានរឹបអូសយក ម៉ូតូចំនួន០២គ្រឿង, សត្វរញី(រស់)ចំនួន០១ក្បាល.សត្វសំពោធចំនួន០២, ដំបងប្រវែងប្រមាណ១០០ម៉ែត្រ. អង្រឹងចំនួន០៤. គោមឆ្លុះ សត្វចំនួន០២. កាបូបស្ពាយ (កព្ចាប់ចូលព្រៃ) ចំនួន០២. ញ៉ែងដាក់សត្វចំនួន០២. កាំបិតចំនួន០១. ការ៉ុងគ្រឿងហូបចុកចានឆ្នាំង០១ចំនួន និងស្បែកជើងចំនួន០២គូផងដែរ៕

ប្រភព៖ក្រសួងព័ត៌មាន

LEAVE A REPLY

Please enter your comment!
Please enter your name here