តាមលទ្ធផលជំរឿនសត្វត្មាតទូទាំងប្រទេស លើកទី៣ ឆ្នាំនេះ ដែលធ្វើឡើងដោយក្រសួងបរិស្ថាន និងក្រុមការងារអភិរក្សសត្វត្មាតកម្ពុជា បានកត់ត្រាវត្តមានសត្វត្មាតបានចំនួន ១២១ ក្បាល ខណៈការជំរឿននេះនឹងត្រូវធ្វើ ២ លើកទៀត ដើម្បីសន្មត់ពីចំនួនសត្វត្មាតឆ្នាំនេះ តើធ្លាក់ចុះឬកើនឡើង។
យោងតាមរបាយការណ៍ស្ដីពីលទ្ធផលជំរឿន សត្វត្មាតរបស់ក្រសួងបរិស្ថាន បានឱ្យដឹងថា ក្រុមការងារអភិរក្សសត្វត្មាតកម្ពុជា កាលពីថ្ងៃទី ២០ ខែ មិនថុនា ឆ្នាំ ២០២១ បានធ្វើជំរឿនសត្វត្មាតទូទាំងប្រទេសនៅក្នុងទីតាំងអាហារដ្ឋានត្មាតចំនួន ៤ គឺអាហារដ្ឋានត្មាត ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង ក្នុងខេត្តស្ទឹងត្រែង អាហារដ្ឋានត្មាត ដែនជម្រកសត្វព្រៃឆែបក្នុងខេត្តព្រះវិហារ អាហារដ្ឋានត្មាត ដែនជម្រកសត្វព្រៃសំបូរក្នុងខេត្តក្រចេះ និងអាហារដ្ឋានត្មាតដែនជម្រកសត្វព្រៃស្រែពកក្នុងខេត្តមណ្ឌលគិរី។
ក្រុមការងារអភិរក្សសត្វត្មាតកម្ពុជា បានកត់ត្រាវត្តមានសត្វត្មាតបានចំនួន ១២១ ក្បាល ក្នុងនោះមានត្មាតភ្លើង ២០ ក្បាល ត្មាតផេះ ៦៦ ក្បាល និងត្មាតត្នោត ៣៥ ក្បាល។
ដោយឡែកលទ្ធផលនៃការធ្វើជំរឿន កាលពីថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០២១ ក្រុមការងាររាប់ឃើញសត្វត្មាតចំនួន ៨២ ក្បាល ក្នុងនោះ មានត្មាតភ្លើង ១៣ ក្បាល ត្មាតផេះ ៤២ ក្បាល និងត្មាតត្នោត ២៧ ក្បាល។ នេះបើតាមរបាយការណ៍បញ្ជាក់៕