ហាណូយ៖ វៀតណាមនឹងរឹតបន្តឹងលើចរាចរណ៍មនុស្សនៅក្នុងខេត្តភាគខាងត្បូងចំនួន១៦សំរាប់ពេល២សប្តាហ៍ចាប់ពីថ្ងៃចន្ទទី១៩កក្កដា នៅពេលប្រទេសជាពិសេសតំបន់ដីសណ្តទន្លេមេគង្គទាំងមូលផ្ទុះកូវីដដ៏អាក្រក់បំផុត នេះបើតាមការប្រកាសរបស់រដ្ឋាភិបាលកាលពីថ្ងៃសុក្រ។
យោងតាមសេចក្តីសំរេចមួយចេញដោយនាយករដ្ឋមន្ត្រី ផាំ មិញ ជិញ កាលពីថ្ងៃសៅរ៍ ខេត្តក្នុងបញ្ជីត្រូវហាមឃាត់ចលនាមនុស្សរួមមាន៖ Binh Phuoc, Tay Ninh, Ba Ria-Vung Tau,Can Tho, Tien Giang, Long An, Vinh Long, Dong Thap, Ben Tre, Hau Giang, An Giang, Bac Lieu, Soc Trang, Tra Vinh, Ca Mau and Kien Giang។
កាលពីដំបូងវៀតណាមបានខិតខំទប់ការឆ្លងកូវីដ១៩អោយនៅកំរិតទាបតាមរយៈធ្វើតេស្តិ៍ទ្រងថ់ទ្រាយធំ និងតាមដានរកប្រភពចម្លងយ៉ាងហ្មត់ចត់ គ្រប់គ្រងព្រំដែននិងវិធានការចត្តាឡីស័ក តែការផ្ទុះកូវីដ១៩ជាចង្កោមនៅប៉ុន្មានសប្តាហ៍មកនេះ បង្កការព្រួយបារម្ភក្នុងចំណោមមន្ត្រីសុខាភិបាល។
រដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា « ការផ្ទុះជំងឺបច្ចុប្បន្នដែលយើងកំពុងប្រឈម កាន់តែស្មុគស្មាញឡើង ។ការទប់ស្កាត់នេះដើម្បីសុខភាពរបស់ប្រជាជន»។
វៀតណាមកាលពីថ្ងៃសៅរ៍បានរាយការណ៍អ្នកឆ្លងកូវីដ១៩សរុប ៣.៧១៨នាក់ ជាចំនួនឆ្លងប្រចាំថ្ងៃខ្ពស់បំផុតនិងជាថ្ងៃទី៣ជាប់គ្នា ដែលប្រទេសនេះមានអ្នកកើតកូវីដ១៩ថ្មីលើ៣.០០០នាក់។
សូមបញ្ជាក់ថា២ភាគ៣នៃការឆ្លងកាលពីម្សិលមិញ ស្ថិតនៅតំបន់ខាងត្បូង ជាពិសេសក្រុងហូជីមិញ ។ក្រសួងសុខាភិបាលបាននិយាយថា ខ្លួនបញ្ជូនបុគ្គលិកពេទ្យយ៉ាងតិច១០.០០០នាក់ទៅកាន់បណ្តាខេត្តរងគ្រោះខ្លាំងៗ។
វៀតណាមមានប្រជាជន៩៨លាននាក់ មានអ្នកឆ្លងសរុបតាំងពីឆ្នាំមុនមកចំនួន៤៧.៩០៤នាក់ និងស្លាប់ដោយកូវីដ១៩ចំនួន២២៥នាក់។
កំណើនការឆ្លងសព្វថ្ងៃ កាន់តែដាក់សម្ពាធលើរដ្ឋាភិបាលអោយបង្កើនការផ្គត់ផ្គង់និងចាក់វ៉ាក់សាំងកូវីដ១៩នៅពេលគិតមកទល់ពេលនេះមានមនុស្សត្រឹមតែជាង៣០០.០០០នាក់បានចាក់វ៉ាក់សាំងការពារកូវីដ១៩បានពេញលេញ៕
ប្រភព : រស្មីកម្ពុជា