បិទ​ផ្សារ​អ្នក​លឿង​ទាំងមូល ខណៈ​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​១៩​ច្រើន​​គួរ​ឱ្យ​ព្រួយបារម្ភ

0
310

ខេត្តព្រៃវែង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២១ អាជ្ញាធរ​ស្រុក​ពាមរ​ក៌ បាន​សំរេច​បិទ​ផ្សារ​អ្នក​លឿង​ទាំងមូល​ជា​បណ្តោះអាសន្ន ដោយសារ​តែ​នៅ​ក្នុង​តំបន់​អ្នក​លឿង​នេះ មានការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​១៩​ជា​ច្រើន គួរ​ឱ្យ​ព្រួយបារម្ភ​។

លោកស្រី សេង ទៀង អភិបាលស្រុក​ពាមរ​ក៌ បានអោយ​ដឹង​ថា ការ​បិទ​ផ្សារ​អ្នក​លឿង​នេះ មាន​រយៈពេល​១៤​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​១៧ ខែកក្កដា រហូត​ដល់​ថ្ងៃ​ទី​៣១ ខែកក្កដា ហើយ​មុន​ពេល​បិទ ខាង​អាជ្ញាធរ ក៏​បាន​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ ជា​ពិសេស​ក្រុម​អាជីវករ​ក្នុង​ផ្សារ​រយៈពេល​២​ថ្ងៃមុន​ផង​ដែរ​។

លោកស្រី​អភិបាលស្រុក បាន​បន្ត​ទៀត​ថា ផ្សារ​អ្នក​លឿង​នេះ កាលពី​ថ្ងៃ​ទី​២៧ ខែមិថុនា អាជ្ញាធរ​បាន​សំរេច​បិទ​ម្តង​រួច​មក​ហើយ ប៉ុន្តែ​បិទ​តែ​ស្តង់​លក់ដូរ​នៅ​ផ្នែក​ខាងក្នុង​ផ្សារ​តែ​ប៉ុណ្ណោះ គឺ​បន្ទាប់​ពី​រក​ឃើញ​មាន​អាជីវករ​២​នាក់​ដែល​លក់ដូរ​នៅ​ខាងក្នុង​ផ្សារ​បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ដោយឡែក​តូប​លក់ដូរ​នៅ​ខាងក្រៅ​ជុំវិញ​ផ្សារ​វិញ គឺ​មិន​បាន​បិទ​នោះ​ទេ ដោយ​អនុញ្ញាតិ​អោយ​លក់ដូរ​ធម្មតា ប៉ុន្តែ​រហូត​មក​ដល់​ថ្ងៃ​ទី​១៥ ខែកក្កដា​នេះ ស្ថានភាព​នៃ​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​១៩ នៅ​ក្នុង​តំបន់​អ្នក​លឿង មិន​បាន​ថមថយ​ឡើយ តែ​បែរជា​ឆ្លង​កាន់តែ​ច្រើន ទើប​អាជ្ញាធរ​ស្រុក​ស្នើ​សុំ​គោលការណ៍​ទៅ​លោក​អភិបាលខេត្ត សំរេច​បិទ​ផ្សារ​អ្នក​លឿង​នេះ​ទាំងអស់​តែ​ម្តង នៅ​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២១​នេះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រោយ​ពី​អាជ្ញាធរ​បិទ​ផ្សារ​អ្នក​លឿង​ទាំងមូល លែងអោយ​មានការ​លក់ដូរ​ជា​បណ្តោះអាសន្ន​នោះ គេ​ឃើញ​ក្រុម​អាជីវករ​មួយ​ចំនួន ជា​ពិសេស​អ្នកលក់​បន្លែ ត្រី សាច់ បាន​នាំ​គ្នា​លើក​គ្រែ​មក​ដាក់​លក់​នៅ​តាម​ផ្ទះ​រៀង​ៗ​ខ្លួន​វិញ និង​ខ្លះ​ទៀត បាន​នាំ​គ្នា​ទៅ​លក់​នៅ​លើ​ចិញ្ចើមថ្នល់ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១១ ខាង​មុខ សាលាឃុំ​ព្រែក​ខ្សាយ​(​ក​) ហើយ​ក៏​មាន​អ្នកស្រុក​តាម​ទៅ​ទិញ​ចំណីអាហារ​ទាំងនោះ​យក​ទៅ​បរិភោគ​ជា​ធម្មតា​ផង​ដែរ ដែល​មាន​ន័យ​ថា ការ​បិទ​ផ្សារ​អ្នក​លឿង​នេះ គឺ​មិន​បាន​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ក្រុម​អាជីវករ និង​ប្រជាពលរដ្ឋ​ឡើយ​។

យោង​តាម​របាយការណ៍​រដ្ឋបាល​ខេត្តព្រៃវែង បាន​បង្ហាញ​ថា គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២១ ខេត្តព្រៃវែង មាន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​សរុប​ចំនួន ៣០២២​នាក់ ក្នុង​នោះ​ព្យាបាល​ជា​សះស្បើយ​បាន​ចំនួន ១៦៦៥​នាក់ កំពុង​សំរាក​ព្យាបាល​ចំនួន ១៣១២​នាក់ និង​ស្លា​.​ប់​ចំនួន​៤៥​នាក់​ផង​ដែរ​។

LEAVE A REPLY

Please enter your comment!
Please enter your name here