កាលពីវេលាម៉ោង១ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ កម្លាំងរដ្ឋបាលព្រៃឈើជីក្រែង ខេត្តសៀមរាប សហការជាមួយកម្លាំងរដ្ឋបាលព្រៃឈើសៀមរាប បង្គ្រាបបានរថយន្តដឹកឈើប្រភេទលេខ១ ដែលធ្វើសកម្មភាពល្មើសច្បាប់ ១គ្រឿងនៅចំនុចផ្លូវជាតិលេខ៦ ក្នុងភូមិទ័ពសៀម ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។
បើតាមលោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តសៀមរាប បានឲ្យដឹងថា រថយន្តដែលកម្លាំងជំនាញបង្គ្រាបបានខាងលើ ម៉ាកហីយ៉ាន់ដាយ ពាក់ស្លាកលេខភ្នំពេញ ៣D- ៧៦៥៧ និងទ្រុងខាងក្រោយពាក់ស្លាកលេខភ្នំពេញ AA- ០៥៣៨ ដែលមានដឹកឈើល្មើសច្បាប់ ជាប្រភេទឈើលេខ១ ចំនួន១៣៣ដុំស្មើនឹង ១៨ម៉ែត្រគូប ។ នៅក្នុងហេតុការណ៍បង្ក្រាបនោះអ្នកបើកបររថយន្តបានចុះរត់គេចខ្លួនបាត់ ស្រមោល។ ចំណែកវត្ថុតាង នៃបទល្មើសមានរថយន្ត និងឈើត្រូវបានកម្លាំងជំនាញយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើជីក្រែង ខេត្តសៀមរាប ដើម្បីរៀបចំសំណុំរឿងដោះស្រាយទៅតាមនីតិវិធីច្បាប់៕