​វិ​សម្ពាធ ក្នុង​សមុទ្រ​ប៉ាស៊ីហ្វិក នឹង​ក្លាយជា​ព្យុះ​ទី​ហ្វុ​ង នៅ​ថ្ងៃទី​១៨ កក្កដា​

0
146

ភ្នំពេញៈ វិ​សម្ពាធ TD មួយ នៅក្នុង​សមុទ្រ​ប៉ាស៊ីហ្វិក ភាគ​ឦសាន នៃ​ប្រទេស​ហ្វីលីពីន នឹង​វិ​វត្ត​ទៅជា​ព្យុះ​ទី​ហ្វុ​ង នៅ​ថ្ងៃទី​១៨ ខែកក្កដា ដោយ​ស្រូប​សម្ពាធ​ទាប ក្នុង​សមុទ្រ​ចិន​ខាងត្បូង ទៅជា​មួយ តែ​គ្មាន​ឥទ្ធិពល​អ្វី​ផ្ទាល់ ដល់​ប្រទេស​កម្ពុជា​ទេ ព្រម​ពេល​ជាមួយគ្នានេះ ខ្យល់មូសុង​និរតី បាន​បង្កើន​ឥទ្ធិពល បង្កឱ្យមាន​ភ្លៀង ធ្លាក់​រាយប៉ាយ​ល្អ នៅ​ទូទាំងប្រទេស​។​

​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រាប់​ឱ្យ រស្មី​កម្ពុជា​ដឹង នៅ​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០២១​ថាៈ វិ​សម្ពាធ (TD) នៅក្នុង​សមុទ្រ​ប៉ាស៊ីហ្វិក ភាគ​ឦសាន នៃ​ប្រទេស​ហ្វីលីពីន នឹង​វិ​វត្ត​ទៅជា​ព្យុះ ទី​ហ្វុ​ង​នៅ​ថ្ងៃទី​១៨ ខែកក្កដា ស្អែក​នេះ​។​

​ព្យុះ​ទី​ហ្វុ​ង​នេះ ត្រូវបាន​អ្នកនាំពាក្យ ក្រសួង​ជំនាញ​ខាងលើ និយាយ​តាម​ការ ព្យាករ​ថាៈ វា​នឹង​ដើរមក​ទិស​ខាងលិច និង​ខាងជើង កោះ​តៃវ៉ាន់​បន្តិច មុននឹង​ឡើង​ដីគោក លើ​ភាគ​ខាងកើត ប្រទេស​ចិន ។ ព្យុះ​នេះ នឹង​ស្រូប​ទាញ​សម្ពាធ​ទាប នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ឱ្យចូល​ជាមួយ​។​

​លោក ចាន់ យុ​ត្ថា បញ្ជាក់​យ៉ាង​ដូច្នេះ​ថាៈ ព្យុះ​ទី​ហ្វុ​ង ទំនងជា​ខ្លាំង​នេះ គ្មាន​ឥទ្ធិពល​អ្វី​ផ្ទាល់ ដល់​ប្រទេស​កម្ពុជា​ទេ តែ​ព្រម​ពេល​ជាមួយ ព្យុះ​នេះ​កើតឡើង ខ្យល់មូសុង​និរតី បាន​បង្កើន​ឥទ្ធិពល នាំមក​នូវ​ការ​ធ្លាក់ភ្លៀង រាយប៉ាយ​ល្អ និង​មាន​ភ្លៀង ធ្លាក់​ច្រើន នៅ​តំបន់​ខ្ពង់រាប​។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម កាលពី​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២១ បាន​ជូនដំណឹង ស្តីពី​ស្ថានភាព អាកាសធាតុ សម្រាប់​ពីថ្ងៃ​ទី​១៤ ដល់​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០២១​ថា នៅ​ថ្ងៃទី​១៣ និង ១៤ ខែកក្កដា ប្រទេស​កម្ពុជា ទទួល​ឥទ្ធិពល នៃ​ជ្រលង សម្ពាធ​ទាប​។ ពីថ្ងៃ​ទី​១៥ ដល់​ថ្ងៃទី​២០ ខែកក្កដា ប្រព័ន្ធ​សម្ពាធ​ទាប (ITCZ) នឹង​កើតឡើង​សារជាថ្មី ដោយ​បង្កើន​ឥ​ទិ្ធ​ពល ជា​លំដាប់ អូសបន្លាយ កាត់​លើ ព្រះរាជាណាចក្រ​កម្ពុជា គួបផ្សំ​នឹង​ខ្យល់មូសុង​និរតី មាន​ល្បឿន​ជា​បង្គួរ​ផងដែរ​។​

​ក្នុង​សេចក្តីជូនដំណឹង បាន​សរសេរ​ទៀតថាៈ ស្ថានភាព​បែប​ខាងលើនេះ ធ្វើឱ្យ​បណ្តា​ខេត្ត នៅ​តំបន់​វាល ទំនាប​កណ្តាល មាន​សីតុណ្ហភាព អប្បបរមា​ពី ២៤ ទៅ ២៦ អង្សា​សេ សីតុណ្ហភាព​អតិបរមា មាន​ពី ៣១ ទៅ ៣៣ អង្សា​សេ​។ អាចមាន​ភ្លៀង ធ្លាក់​ក្នុង​កម្រិត ពី​មធ្យម​ទៅ​ច្រើន លាយឡំ​នឹង​ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់ ។​

​សម្រាប់​បណ្តា​ខេត្ត ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន មាន​សីតុណ្ហភាព អប្បបរមា​ពី ២២ ទៅ ២៤ អង្សា​សេ សីតុណ្ហភាព​អតិបរមា មាន​ពី ៣០ ទៅ ៣២ អង្សា​សេ​។ អាចមាន​ភ្លៀង​ធ្លាក់ ក្នុង​កម្រិត​ពី​មធ្យម ទៅ​ខ្លាំង ។​

​សម្រាប់​តំបន់​មាត់សមុទ្រ មាន​សីតុណ្ហភាព អប្បបរមា ពី ២៤ ទៅ ២៦ អង្សា​សេ សីតុណ្ហភាព​អតិបរមា មាន​ពី ២៩ ទៅ ៣១ អង្សា​សេ​។ អាចមាន​ភ្លៀង​ធ្លាក់ ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ខ្លាំង ។ នៅលើ​ផ្ទៃសមុទ្រ អាចមាន​ភ្លៀងខ្យល់​ខ្លាំង និង រលក​សមុទ្រ មាន​កម្ពស់​ខ្ពស់ៗ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here