អាជ្ញាធរជាតិអប្សរា បន្ដកាត់ដកហូតដើមឈើមានហានិភ័យខ្ពស់ ដែលដុះជាប់នឹងខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្តី នៃរមណីយដ្ឋានអង្គរ

0
419

ដើមឈើដែលមានហានីភ័យខ្លាំងដល់ប្រាង្គប្រាសាទបុរាណ ដែលដុះជាប់នឹងរចនាសម្ព័ន្ធប្រាសាទបន្ទាយក្ដី ស្ថិតក្នុងរមណីយដ្ឋានអង្គរ ត្រូវបានក្រុមអ្នកជំនាញព្រៃឈើ នៃអាជ្ញាធរជាតិអប្សរាធ្វើការកាត់ដកហូតចេញ ដើម្បីបញ្ជៀសគ្រោះថ្នាក់ដល់ប្រាសាទបុរាណ។
លោក ជូ រ៉ាឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន មានប្រសាសន៍នៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះថា ក្រុមអ្នកជំនាញចម្រុះ នៃអាជ្ញាធរជាតិអប្សរា បានរួមគ្នាចុះពិនិត្យ និងអនុវត្តវិធានការបន្ទាន់ចំពោះដើមឈើចំនួន៤ដើម ដែលកំពុងមានហានិភ័យខ្ពស់មកលើរចនាសម្ព័ន្ធខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្តី។

សកម្មភាពការងារនេះធ្វើឡើងក្នុងបំណង ដើម្បីធានាសុវត្តិភាពជូនភ្ញៀវទេសចរ ជៀសវាងគ្រោះថ្នាក់ប៉ះពាល់ដល់អាយុជីវិតមនុស្សផង និងបង្ការកុំឲ្យប៉ះពាល់ដល់រចនាសម្ព័ន្ធខ្លោងទ្វារប្រាសាទនេះកាន់តែធ្ងន់ធ្ងរផង ព្រមទាំងជួយសម្រួលដល់ការងារជួសជុលខ្លោងទ្វារនេះឡើងវិញក្នុងពេលឆាប់ៗនេះផង។ លោកបាបន្ដថា ដើមឈើដែលនឹងត្រូវកាត់ដកហូតចេញរួមមាន ដើមពង្រ៣ដើម និងដើមចាន់១ដើម ដែលស្ថានភាពដើមឈើទាំងនេះ ដុះទ្រេតជាប់ខឿនខ្លោងទ្វារ មានជំងឺពុកគល់ និងតួដើម ប្រព័ន្ធឬសខ្សោយដុះគ្របលើថ្ម និងចាក់ចូលក្នុងរចនាសម្ព័ន្ធគ្រឹះរបស់ខ្លោងទ្វារ បណ្តាលឲ្យថ្មរបើកឡើង និងរំកិលចេញពីទីតាំងដើម។ លោកថា មុននឹងកាត់ដកហូតដើមឈើដែលមានហានីភ័យនេះ គឺធ្វើឡើងដោយមានក្រុមអ្នកជំនាញពិនិត្យត្រឹមត្រូវ។ ក្រុមអ្នកជំនាញ នៃអាជ្ញាធរជាតិអប្សរា នឹងចាប់ផ្តើមអនុវត្តការងារនេះចាប់ពីសប្តាហ៍ទី១ នៃខែឧសភា ឆ្នាំ២០២១ រហូតដល់បញ្ចប់ការងារ។

លោក ជូ រ៉ាឌីណា បានមានប្រសាសន៍បន្ដទៀតថា ក្នុងរយ:ពេល៤ខែដើមឆ្នាំ២០២១នេះ ក្រុមអ្នកជំនាញទេសភាពព្រៃឈើ នៃអាជ្ញាធរជាតិអប្សរា បានការកាត់ក្រី និងកាត់ដកហូតដើមឈើដែលមានហានីភ័យដល់ប្រាសាទបុរាណ និងភ្ញៀវទេសចរណ៍បានជាង ១០ទីតាំងហើយ។ ទីតាំងដែលបានអនុវត្ដនោះស្ថិតនៅក្នុងតំបន់ប្រាសាទ ដូចជានៅលើភ្នំគូលេន ក្រុងអង្គរធំ និងនៅក្រោយតំបន់អង្គរតូច ព្រមទាំងទីតាំងជាច្រើនទៀតស្ថិតក្នុងរមណីយដ្ឋានអង្គរ។ លោកក៏បានជម្រាបជូនដល់សាធារណជនផងដែរ ចំពោះការកាត់ដកហូត និងកាត់ក្រីដើមឈើនេះ មិនមានន័យថា កាត់ដើមឈើបំផ្លាញចោលនោះទេ គឺធ្វើឡើងចំពោះដើមឈើដែលប្រឈមនឹងហានីភ័យដល់ប្រាសាទបុរាណ និងភ្ញៀវទេសចរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here