ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានប្រើធម៌ក្ដៅភ្លាមៗ ដោយចេញលិខិត៣ច្បាប់ដូចៗគ្នាក្នុងពេលតែមួយ ដោយបានផ្អាកការងារសមាជិកគណៈកម្មការសហព័ន្ធកីឡាគុនខ្មែរ និងស្នងការប្រកួតចំនួន២រូបរយៈពេល៦សប្ដាហ៍ដែលមានកំហុសឆ្គងក្នុងការផ្ដល់យោបល់លើការកាត់ក្ដីលើការប្រកួតរវាងកីឡាករម៉ឺន មេឃា និងកីឡាករឃឹម បូរ៉ា ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា សហព័ន្ធបានសម្រេកផ្អាកការងារលោកមាស សុគ្រី ដែលជាស្នងការប្រកួតនៅសង្វៀនស៊ីអិនស៊ី រយៈពេល៦សប្ដាហ៍ដោយបានចោទប្រកាន់ថាលោកមានកំហុសឆ្គងក្នុងការផ្ដល់យោបល់លើការកាត់ក្ដីរវាងកីឡាករម៉ឺន មេឃា និងកីឡាករឃឹម បូរ៉ា មិនត្រឹមត្រូវតាមបទបញ្ជាបច្ចេកទេសនៃការប្រកួតរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ។
ចំណែកឯ លោករាម កុសល ជាអាជ្ញាកណ្ដាលកាត់ក្ដីកីឡាករម៉ឺន មេឃា និងកីឡាករឃឹម បូរ៉ា ក៏ត្រូវបានដាក់ទណ្ឌកម្មរយៈពេល៤សប្ដាហ៍ដោយគេបានចោទថា មានកំហុសឆ្គង ធ្វេសប្រហែស និងយឺតយ៉ាវក្នុងការព្រមានដល់កីឡាករម៉ឺន មេឃា ជាលើកដំបូងដែលប្រកួតខុសបច្ចេកទេស នៃការប្រកួតយ៉ាងធ្ងន់ធ្ងរ កាលពីថ្ងៃទី១០ កក្កដា ឆ្នាំ២០២១ នៅសង្វៀនស៊ីអិនស៊ី។
ដោយឡែកកីឡាករម៉ឺន មេឃា ក៏ត្រូវបានសហព័ន្ធធ្វើការព្រមានជាលើកទី១ ដោយចោទប្រកាន់ថា ការប្រកួតកាលពីថ្ងៃទី១០ជាមួយកីឡាករឃឹម បូរ៉ា ធ្វើឱ្យមានកំហុសឆ្គងយ៉ាងធ្ងន់ធ្ងរ មិនគោរពតាមបទបញ្ជាបច្ចេកទេសនៃការប្រកួតដោយគេបានចាប់បោកកីឡាករឃឹម បូរ៉ា រហូតដល់ថ្នាក់សន្លប់នៅត្រឹមទឹកទី៣។
រំលឹកដែរថា ការប្រកួតរវាង ឃីម បូរ៉ា និង ម៉ឺន មេឃា កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ នៅសង្វៀន CNC ដែលជាការប្រកួតផ្ដាច់ព្រ័ត្រខ្សែក្រវាត់គោជល់ ទម្ងន់ ៦០គីឡូក្រាមនោះគឺមានការរិះគន់ជាខ្លាំងពីសំណាក់សម្ដេចតេជោ និងអ្នកទស្សនាគុនខ្មែរ។ យ៉ាងណារឿងនេះបានបញ្ចប់ទៅហើយក្រោយសម្ដេចតេជោស្រែក ជាហេតុធ្វើឲ្យសហព័ន្ធប្រកាសផ្ដល់ជ័យជម្នះជូនទៅ ឃីម បូរ៉ា ទទួលបានខ្សែក្រវាត់ អមដោយទឹកប្រាក់ ២០លានរៀលដោយគ្មានការប្រកួតអ្វីទៀតទេ។